អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ព្រួយបារម្ភ​ក្រោយ​ការតែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​ថ្មី
26, Dec 2014 , 4:01 pm        
រូបភាព
នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ ត្រលប់​ឡើងកាន់តំណែង​ជាថ្មី​ក្រោយ​បោះឆ្នោត​ជាស​កល​កាល​មុន​អាណត្តិ​ពី​ពាក់កណ្តាល​ខែធ្នូ​នេះ ហើយ​សមាជិក​គណរដ្ឋមន្ត្រី​របស់លោក​ក៏​ត្រូវបាន​តែងតាំងឡើង​ជាថ្មី​ដូចគ្នា។ គេ​ឃើញ​អាណត្តិ​ថ្មី​លោក អា​បេ បានតែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​លោក​Nakataniដោយសារ​រដ្ឋមន្ត្រី​ការពារជាតិ​ចាស់​បដិសេធ​ការតែងតាំង​ជាថ្មី។ ដោយសារ​វត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី ចិន​ដែល​កំពុងមាន​ជម្លោះ​ដែនទឹក​ជាមួយ​ជប៉ុន​នោះ​ហាក់ដូចជា​ភ័យខ្លាច ថា​ភាព​តានតឹង​ប្រឈមមុខ​ដាក់គ្នា​រវាង​ប្រទេស​ទាំងពីរ​កើតមានឡើង។ ក្រុង​ប៉េកាំង​បាន​អំពាវនាវ​អោយ​ជប៉ុន​បន្ត​គោលនយោបាយ​សន្តិភាព បញ្ចៀស​អោយបាន​នូវ​ភាព​តានតឹង​និង​ការប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​ផងដែរ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក​សៅ ផល​និស្ស័យ​ទាក់ទិន​បញ្ហា​នេះ



ការបោះឆ្នោត​ជា​សាកល​មុន​អាណត្តិ​នៅ​ជប៉ុន​ទើបតែ​ត្រូវ​រៀបចំឡើង​ពាក់កណ្តាល​ខែធ្នូ​នេះ​ទេ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ដែល​ប្រកាស​រំលាយ​សភា​កាលពី​ខែវិច្ឆិកា​នោះបាន​ឡើងកាន់តំណែង​ជាថ្មី។ យោងតាម​លទ្ធផល​បោះឆ្នោត គណបក្ស​លោក អា​បេ បានទទួល​សម្លេងឆ្នោត​ច្រើន​ពីរភាគបី ហើយ​គណរដ្ឋមន្ត្រី​រប​ស់លោក​អា​បេ​ក៏​ត្រូវបាន​បង្កើត​ឡើងជា​ថ្មី​កាលពី​ថ្ងៃ​ពុធ​ផងដែរ។ គេ​ឃើញ​សមាស​សភាព​គណរដ្ឋមន្ត្រី​របស់លោក ស៊ីន​ហ្សូ អា​បេ មានការ​ផ្លាស់ប្តូរ​ជាពិសេស​តំណែង​រដ្ឋមន្ត្រីសំខាន់ៗដូចជា​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ។ ការផ្លាស់ប្តូរ​សមាស​ស​ភាព​អ្នក​កាន់តំណែង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បានធ្វើអោយ​ប្រទេស​មហា​យក្ស​ចិន​មានការ​ព្រួយបារម្ភ​ផងដែរ ដ្បិដ​វា​អាច​ជំរុញ​អោយ​ជប៉ុន​ព្យាយាម​ពង្រឹង​គោលនយោបាយ​ការពារ​របស់ខ្លួន​បង្ក​គ្រោះថ្នាក់​ដល់​ចិន។

 គ្រាន់តែ​លោក អា​បេ ប្រកាស​តែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​លោក​ឧ​ត្ត​ម​សេនីយ៍  Nakataniកាលពី​ថ្ងៃ​ពុធ​ក្រសួងការពារជាតិ​ចិន​បាន​ចេញមុខ​អំពាវនាវ​អោយ​ជប៉ុន​ត្រូវ​បន្ត​អនុវត្ត​គោលការណ៍​សន្តិភាព បង្កើន​ទំនាក់ទំនង​ទ្វេរ​ភាគី​និង​បញ្ចៀស​អោយបាន​នូវ​ភាព​តានតឹង​ឬ​ការប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​ជាដើម​ផង។ ចិន​និង​ជប៉ុន​តែងតែ​ប្រឈមមុខ​ដាក់គ្នា​ផ្នែក​ការទូត និង​ឧស្សាហ៍​ប្រឈម​ភាព​តានតឹង​ផងដែរ ដោយសារតែ​ជម្លោះ​ដែន​កោះ​សេន​កា​គូ (ទាវ​យូ​ជា​ភាសា​ចិន)ក្នុង​សមុទ្រ​ចិន​ខាងកើត និង​សកម្មភាព​ទស្សនកិច្ច​នៅ​ទីសក្ការៈ​ឧទ្ទិស​ដល់​ជនរងគ្រោះ និង​ឧក្រិដ្ឋជន​សង្គ្រាម​សម័យ​សង្គ្រាមលោកលើកទី​ពីរ​ផង។ តើ​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ថ្មី អាចជួយ​អោយ​លោក អា​បេ សម្រេច​បំណង​បង្កើន​ឥទ្ធិពល​យោធា​របស់ខ្លួន​ក្នុង​តំបន់​និង​បង្ក​គ្រោះថ្នាក់​ដល់​ចិន​មែន​ឬទេ?

យ៉ាងណាក៏ដោយ​លោក Nakatani ត្រូវបានតែងតាំង​ជា​ប្រមុខ​ការពារជាតិ​ជប៉ុន​ជាថ្មី​នេះ​កើតឡើង​ដោយសារ​រដ្ឋមន្ត្រី​ការពារជាតិ​ទើប​ផុត​អាណត្តិ​លោក AkinoriEtoបាន​បដិសេធ​ការតែងតាំង​ជាថ្មី​ដោយសារ​លោក​មានរឿង​អាស្រូវ​រឿង​ថវិកា​នយោបាយ។ លោក​ឧ​ត្ត​ម​សេនីយ៍​Nakatani មាន​វ័យ៥៧ឆ្នាំ ធ្លាប់​បំពេញការងារ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ម្តង​ហើយ ប៉ុន្តែ​អ្នកនយោបាយ​ម្នាក់នេះ​មាន​គោលបំណង​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​យោធា​ជប៉ុន​អោយ​ខ្លាំងក្លា​ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា​ជាពិសេស​ការវាយប្រហារ​របស់​ប្រទេសជិតខាង។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​Reuters លោក​Nakatani បានលើកឡើង​ថា​វា​ជា​រឿង​សំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព​យោធា​ជប៉ុន​អាច​ទប់ទល់​និង​វាយប្រហារ​សត្រូវ​បាន ព្រោះ​គេ​មិនអាច​ប៉ាន់​ស្មានថា​អ្វី​នឹង​កើតឡើង​ឡើយ​ក្រោយ​ពេលដែល​អាមេរិក​ដក​កងទ័ព​ចេញពី​ជប៉ុន។ បំណង​របស់​អ្នកនយោបាយ​ម្នាក់នេះ​គឺ ជប៉ុន​ចាំបាច់​ត្រូវមាន​កងកម្លាំង​ខ្លាំង​ការពារ​ខ្លួនឯង និង​មានលទ្ធភាព​អន្តរាគមន៍​ការពារ​សម្ព័ន្ធមិត្ត នៅពេល​ខាងមុខ​ជាល​ក្ខ​ណ​សមូហភាព។

និយាយ​ទៅ​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​ថ្មី​នេះ មាន​គោលបំណង​មិន​ខុស​អ្វី​ពី​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ នោះឡើយ ព្រោះ​លោក អា​បេ ក៏​ព្យាយាម​ធ្វើអោយ​ជប៉ុន​មាន​ស្វ័យភាព​យោធា និង​មាន​ឥទ្ធិពល​យោធា​ខ្លាំង​សក្តិ​សមនិង​តំណែង​មហា​អំណ​ច​ក្នុង​តំបន់។កាលពី​អាណត្តិ​មុន លោក អា​បេ បាន​ប៉ុនប៉ង​បកស្រាយ​ឡើងវិញ​នូវ​មាត្រា​ក្នុង​រដ្ឋធម្មនុញ្ញ​សន្តិភាព​បន្សល់ទុក​តាំងពី​សង្គ្រាមលោកលើកទី២មកម្ល៉េះ​នោះ ដោយ​អនុញ្ញាតអោយ​ជប៉ុន​បញ្ជូន​ទ័ព​ទៅ​ក្រៅ​ទៅ​ការពារ​សម្ព័ន្ធមិត្ត​និង​ធ្វើសង្គ្រាម​ក្រៅប្រទេស​ផង។ ចំណែក​អាណត្តិ​ថ្មី​លោក​សន្យាថា​នឹង​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ដោយ​បើកផ្លូវ​អោយ​ជប៉ុន​បង្កើន​ឥទ្ធិពល​យោធា​របស់ខ្លួន​ឡើងវិញ។ នេះ​គេ​អាច​យល់បាន​ថា ការតែងតាំង​រដ្ឋមន្ត្រី​ម្នាក់នេះ​អោយកាន់កា​ប់​កិច្ចការ​ការពារជាតិ នឹង​អាចជួយ​សម្រេច​គោលបំណង​លោក​អា​បេ​អោយបាន​ជោគជ័យ។
ប៉ុន្តែ​ការ​ត្រលប់មក​កាន់តំណែង​កំពូល​ផ្នែក​ការពារជាតិ​របស់​ជប៉ុន​នេះ​មិនមែន​ត្រឹមតែ​ធ្វើអោយ​រដ្ឋាភិបាល​ចិន​តែឯង​ព្រួយបារម្ភ​ឡើយ សូម្បីតែ​មហាអំណាច​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក៏​សុទ្ធតែ​ព្រួយបារម្ភ​ដូចគ្នា​ដែរ។ យ៉ាងណាក៏ដោយ​ចិន​បាន​អំពាវនាវ​ជាស្រេច​ទៅកាន់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ដោយ​ទាមទារ​អោយ​ជប៉ុន​ដើរ​លើផ្លូវ​សន្តិភាព ទប់ស្កាត់​បញ្ហា​ជាមួយ​ប្រទេសជិតខាង​និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ចិន​អះអាងថា​អ្នកណា​ក៏ដោយ ដែល​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ ជប៉ុន​ត្រូវ​គោលនយោបាយ​សន្តិភាព​អោយបាន​ខ្ជាប់ខ្ជួន ចៀសវាង​អោយបាន​ជម្លោះ​ប្រដាប់អាវុធ។ គេ​រំពឹងថា​ជប៉ុន​ប្រហែល​មិន​ធ្វើអោយ​ក្រុង​ប៉េកាំង​ខឹងសម្បារ​ខ្លាំង​ឡើយ  ដ្បិដ​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ក្នុង​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​ប៉ា​ស៊ី​នៅ​ក្រុង​ប៉េកាំង មេដឹកនាំ​ជប៉ុន​នាយករដ្ឋមន្ត្រី​ស៊ីន​ហ្សូ​អា​បេ​និង​លោក​ប្រធានាធិបតី​ចិន ស៊ី​ជិន​ពិ​ង បាន​ពិភាក្សា​ទ្វេភាគី​និង​សម្រេចបាន​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​បង្កើន​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ជាមួយគ្នា​ថែមទៀត​ផង។



© រក្សាសិទ្ធិដោយ thmeythmey.com