ជាតិ
សង្គមជាតិ
មេធាវី៖ អង្គរក្សឧកញ៉ា ថោង សារ៉ាត់ បដិសេធការចោទប្រកាន់សាជាថ្មី
× ភ្នំពេញ៖ អង្គរក្សរបស់លោក ថោង សារ៉ាត់ បានបដិសេធសាជាថ្មី ចំពោះបទចោទប្រកាន់ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលថា ពួកគេបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជី កាលពីថ្ងៃទី ២២ វិច្ឆិកា កន្លងមកនេះ។ នេះបើតាម លោក គា អ៊ាវ ដែលជាមេធាវីការពារក្តីឲ្យអង្គរក្សទាំង ៤នាក់របស់លោក ថោង សារ៉ាត់។
អំឡុងពេលសាកសួរកាលពីម្សិលមិញនេះ អង្គរក្សទាំង ៤នាក់របស់លោក ថោង សារ៉ាត់ បានបដិសេធចំពោះការចោទប្រកាន់ថា ពួកគេមិនបានបាញ់សម្លាប់ លោកឧញ៉ា អ៊ឹង ម៉េងជឺ ឡើយ។
លោក គា អ៊ាវ មេធាវីការពារកូនក្តីប្រាប់ឲ្យដឹងថា នៅចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញកាលពីម្សិលមិញនេះ កូនក្តីរបស់លោកបានសម្តែងការបដិសេធ ចំពោះការ ចោទប្រកាន់របស់តុលាការ។ លោកថា៖«ខ្ញុំយល់ឃើញថា ការឆ្លើយតបតាមវីឌីអូឃ្លីបគឺជា ឆន្ទៈរបស់ពួកគេ ហើយពួកគេបានបដិសេធការចោទប្រកាន់នេះ»។
ចំពោះសំណុំរឿងនេះដែរ មេធាវីចាត់ទុកថាភ័ស្តុតាង ចម្លើយជនត្រូវចោទនៅមានភាពស្រពេចស្រពិលនៅឡើយ ហើយលោកនឹងដាក់ពាក្យស្នើចៅក្រមបំពេញកិច្ចលើនីតិវិធីមួយចំនួន។ លោកថា៖«ខ្ញុំនឹងជួយក្តីតាមការពឹងពាក់របស់ពួកគេ។ ហើយខ្ញុំសង្ឃឹមថា តុលាការនឹងធ្វើការងារដោយយុត្តិធម៌ចំពោះកូនក្តីខ្ញុំទាំងអង្គរក្ស ទាំងឳពុកម្តាយនិងលោកថោង សារ៉ាត់»។
លោកបានប្រាប់ថា តុលាការបានលើកពេលសាកសួរទៅថ្ងៃក្រោយ ដោយសារចៅក្រមជាប់រវល់ ប៉ុន្តែមិនបានកំណត់ថ្ងៃសាកសួរច្បាស់លាស់ឡើយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ចៅក្រមនឹងឲ្យដំណឹងនៅពេលក្រោយ ប៉ុន្តែមិនទាន់ច្បាស់ថ្ងៃណាទេ»។
អង្គរក្សទាំង ៤នាក់របស់លោក ថោង សារ៉ាត ត្រូវបានព្រះរាជអាជ្ញារង លោក កែវ សុជាតិ ចោទពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា ២០០ និងបទផ្តើមគំនិត និងបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន មាត្រា ២៨ និង២៩នៃក្រមព្រហ្មទណ្ឌ។
អ្នកទាំង ៤នាក់ រួមមាន លោក សៀង វាសនាសង្ស័យជាខ្មាន់កាំភ្លើង លោក លី សៅ ហៅវី សង្ស័យជាអ្នកបើកម៉ូតូឌុបឃាតករ លោក មាស សម្បត្តិ ជាអ្នកបើកម៉ូតូបិទគូទ និងលោក កូយ ចាន់ថុល ជាអ្នកជិះម៉ូតូពីក្រោយ។
តាមក្រមព្រហ្មទណ្ឌប្រសិនបើពួកគេត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពពិតមែននោះពួកគេនឹងប្រឈមមុខជាប់ក្នុងពន្ធនាគារអស់មួយជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com