អន្តរជាតិ
រថយន្ត​ដឹក​លុយ​មិន​ប្រយ័ត្ន​ជ្រុះ​រាយ​ពេញ​ផ្លូវ​ជិត២លាន​ដុល្លារ​កណ្ដាល​ក្រុង​ហុងកុង
26, Dec 2014 , 8:00 pm        
រូបភាព
ដោយ:

រថយន្ត​ដឹក​លុយ​សុទ្ធ​មួយគ្រឿង បាន​ធ្វេសប្រហែស​មិន​ប្រយ័ត្ន​ធ្វើ​ឲ្យ​ខ្ទា​ត់​លុយ​ចេញពី​ក្នុង​រថ​យ្ត​ចំនួន ៣ ដុំធំៗ ដែលមាន​ផ្ទុក​ទៅដោយ​ក្រដាសប្រាក់ ៥០០ ដុល្លារ​ហុងកុង សរុប​ចំនួន​ជាង ១៥ លាន​ដុល្លារ​ហុងកុង ដែល​ស្មើនឹង​ជិត ២ លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​កាសែត South China Morning Post ។



កាសែត​បាន​រាយការណ៍​ថា ក្រដាស​ប្រាក់សុទ្ធ​ទាំង​នោះបាន​ស្ថិតនៅ​រាយប៉ាយ​ពាសពេញ​ដង​វិថី GloucesterRoadក្នុង​សង្កាត់ WanChai‬ កណ្ដាល​ទីក្រុង​ហុងកុង នៅ​ចំ​ថ្ងៃបុណ្យ​ណូអែល​ម្សិលមិញ​នេះ ដែល​បានធ្វើ​ឲ្យ​អ្នកបើកបរ​យានយន្ត​មួយចំនួន​បាន​ឈប់ រួចហើយ​ដណ្ដើម​គ្នា​ប្រមូលយក​ក្រដាសប្រាក់​ទាំងនោះ តាម​ដែល​អាច​ធ្វើបាន។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​របស់ខ្លួន ប៉ូលីស​ក្នុង​ទីក្រុង​ហុងកុង បានប្រកាស​ឲ្យ​អ្នក​ដែល​បាន​រើស​ប្រាក់​ទាំងអស់ យកប្រាក់​ទាំង​នោះមក​ប្រគល់ជូន​ប៉ូលីស​វិញ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ​ប្រសិនបើ​ប៉ូលីស​រកឃើញថា​មាន​ក្រដាសប្រាក់ ដែល​ត្រូវបាន​ប្រមូលយក​ចេញពី​ផ្លូវ​នេះ នោះ​ពួកគេ​នឹងត្រូវ​ចាត់ទុកថា​ជា​ចោរលួច​ប្រាក់ និង​ត្រូវ​មានទោស​តាមច្បាប់។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​មាន​រថយន្ត​ទំនើប​ម៉ាក armored van មួយគ្រឿង​បាន​ដឹក​សាច់ប្រាក់​សុទ្ធ​សរុប​ចំនួន ៥២៥ លាន​ដុល្លារ​ហុងកុង ស្មើនឹង ៦៧,៦៤ លាន​ដុល្លារ​អាមេរិក បានធ្វើ​ឲ្យ​ជ្រុះ​ប្រាក់​ចំនួន ៣ ដុំ ក្នុងពេល​កំពុង​ដឹកជញ្ជូន​នោះ។

ក្រុមហ៊ុន​សន្តិសុខ​G4Sរបស់​ប្រទេស​អង់គ្លេស​គឺជា​អ្នកទទួលខុសត្រូវ​សម្រាប់​ការដឹកជញ្ជូន​សាច់ប្រាក់​នេះ ហើយ​គេ​បាន​រំពឹងថា​ក្រុមហ៊ុន​នេះ នឹង​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ទឹកប្រាក់​រាប់លាន​ដុល្លារ​នេះ។ ក្រុមហ៊ុន G4S  បានធ្វើការ​សុំទោស​ចំពោះ​ការធ្វេសប្រហែស​នេះ ហើយ​គ្រោង​នឹង​បើក​ការស៊ើបអង្កេត​មួយ​នៅពេលឆាប់ៗខាងមុខនេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com