ជាតិ
សង្គមជាតិ
រដ្ឋសភាគ្រោងហៅរដ្ឋមន្ត្រីសុខាភិបាលបំភ្លឺរឿងឆ្លងមេរោគអេដស៍នៅបាត់ដំបង រូបថត រដ្ឋសភា៖ ក្រុមអ្នកតំណាងរាស្ត្រដឹកនាំដោយលោក ឈាង វុន សួរសុខទុក្ខអ្នកភូមិរកា
× ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាគ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ឲ្យចូលឆ្លើយបំភ្លឺនៅរដ្ឋសភាពាក់ព័ន្ធនឹងករណីការឆ្លងរាលដាលនៃជំងឺអេដស៍នៅក្នុងភូមិរកាស្រុកសង្កែខេត្តបាត់ដំបង។តួលេខបឋមគិតត្រឹមថ្ងៃទី២៦ធ្នូមានអ្នកភូមិចំនួន១៩០នាក់បានឆ្លងមេរោគអេដស៍ក្នុងចំណោមពលរដ្ឋជាង១៦០០នាក់ ដែលបានទៅធ្វើតេស្តឈាមនៅមណ្ឌលសុខភាព។
កញ្ញា ខន ចំប៉ា រាយការណ៍
ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាទទួលបន្ទុកសុខាភិបាលលោកស្រី កែ សុវណ្ណរតន៍ គ្រោងកោះហៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យចូលឆ្លើយបំភ្លឺនៅរដ្ឋសភាពាក់ព័ន្ធនឹងករណីការឆ្លងរាលដាលនៃជំងឺអេដស៍នៅក្នុងភូមិរកាស្រុកសង្កែខេត្តបាត់ដំបង។ លោកស្រី កែ សុវណ្ណរតន៍ បានអះអាងប្រាប់សារព័ត៌មានថ្មីៗ យ៉ាងនេះ នៅរសៀលថ្ងៃទី២៧ធ្នូនេះ ខណៈដែលលោកស្រីកំពុងស្ថិតនៅក្នុងបេសកម្មរបស់រដ្ឋសភាជាមួយអ្នកតំណាងរាស្ត្រជាច្រើនរូបទៀតនៅក្នុងភូមិរកា ខេត្តបាត់ដំបង។
ថ្លែងតាមទូរសព្ទពីខេត្តបាត់ដំបង លោកស្រី កែសុវណ្ណរតន៍ បានមានប្រសាសន៍ថា៖«ក្នុងនាម ខ្ញុំជាប្រធានគណៈកម្មការទី៨នៃរដ្ឋសភានឹងកោះហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យមកឆ្លើយបំភ្លឺនៅរដ្ឋសភាករណីការឆ្លងរាលដាលនៃជំងឺអេដស៍នៅក្នុងភូមិរកានៅប្រមាណ៣ទៅ៤សប្តាហ៍ទៀតបន្ទាប់ពីទទួលបានលទ្ធផលឈាមដែលត្រូវបានបញ្ជូនទៅធ្វើតេស្តនៅសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង»។
ពាក់ព័ន្ធនឹងការកោះអញ្ចើញរដ្ឋមន្ត្រីក្រសួងសុខាភិបាលមកឆ្លើយបំភ្លឺនៅរដ្ឋសភាលោក ឈាង វុន សមាជិកសភានិងជាប្រធានគណៈកម្មការទី៥នៃរដ្ឋសភាក៏បានយល់ស្របដែរ។លោកឈាង វុន បញ្ជាក់ថា៖«ក្នុងនាមយើងជាសមាជិកសភាដែលជាតំណាងរបស់ប្រជាពលរដ្ឋយើងត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋយើងត្រូវតែទទួលខុសត្រូវទាំងអស់គ្នា»។
បើតាមលោកស្រី កែ សុវណ្ណរតន៍ ការរាលដាលនៃជំងឺអេដស៍នៅក្នុងភូមិរកាគឺជាការធ្វេសប្រហែលរបស់មន្ត្រីពាក់ព័ន្ធដែលមិនគួរកើតមានឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយលោកស្រីថានៅដំណាក់កាលនេះគេមិនគួរនៅបន្ទោសគ្នានោះទេ ប៉ុន្តែគេត្រូវធ្វើការរួមគ្នាដើម្បីជួយប្រជាពលរដ្ឋដែលកំពុងតែមានទុក្ខ។
ក្រៅពីការកោះហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យចូលឆ្លើយបំភ្លឺនៅសភាលោកស្រី កែ សុវណ្ណរតន៍ បានបញ្ជាក់ទៀតថារដ្ឋសភានឹងប្រជុំពិភាក្សាអំពីការបង្កើតកញ្ចប់ថវិការពិសេសដើម្បីទ្រទ្រង់ជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋដែលបានឆ្លងមេរោគអេដស៍។
ប្រតិភូសមាជិករដ្ឋសភាចំនួន៨រូបមកពីគណបក្សទាំង២ដឹកនាំដោយលោក ឈាង វុន បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋឆ្លងមេរោគអេដស៍នៅភូមិស្រុកសង្កែខេត្តបាត់ដំបងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ធ្នូ។ គោលដៅនៃទស្សនកិច្ច គឺដើម្បីធ្វើការអប់រំនិងលើកទឹកចិត្តអ្នកឆ្លងមេរោគអេដស៍។ជាមួយគ្នានោះដែរប្រតិភូក៏បាននាំយកថវិកានិងសម្ភារប្រើប្រាស់មួយចំនួនដែលជាថវិការរបស់រដ្ឋសភាជូនពលរដ្ឋដែលឆ្លងមេរោគអេដស៍។
យោងតាមការបញ្ជាក់របស់លោក ឈាង វុន តួលេខបឋមគិតត្រឹមថ្ងៃទី២៦ធ្នូមានអ្នកភូមិចំនួន១៩០នាក់បានឆ្លងមេរោគអេដស៍ក្នុងចំណោមពលរដ្ឋជាង១៦០០នាក់បានទៅធ្វើតេស្តឈាមនៅមណ្ឌលសុខភាព។ អ្នកភូមិរកាទាំងអស់២៧០៦នាក់ នឹងត្រូវគេធ្វើតេស្តឈាម បន្ទាប់ពីអាជ្ញាធរសង្ស័យថា ពេទ្យភូមិឈ្មោះ យ៉ែម ជ្រិន បានប្រើប្រាស់ សឺរ៉ាំងដដែលៗ ព្យាបាលអ្នកភូមិក្នុងពេលកន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com