ជាតិ
សង្គមជាតិ
ពលរដ្ឋដាក់ពាក្យប្តឹងឲ្យលុបកន្លែងចាក់សំរាមនៅឃុំត្រពាំងធំ
× សៀមរាប៖ ប្រជាពលរដ្ឋជាងច្រើនគ្រួសារ បានដាក់ពាក្យប្តឹងទៅអាជ្ញាធរ ឲ្យចាត់វិធានការ ទប់ស្កាត់ការចាក់សំរាមរបស់ក្រុមហ៊ុនប្រមូលសំរាមមួយ ដែលបង្កក្លិនស្អុយដល់អ្នកភូមិ ដែលមានផ្ទះនៅក្បែរនោះ។ ពលរដ្ឋបាននិយាយថា ក្លិនស្អុយដែលបង្កពីសំរាម បានធ្វើឲ្យសមាជិកគ្រួសាររបស់ពួកគេ ឧស្សាហ៍មានជំងឺជាប្រចាំ ដូចជា រាគ ចុកពោះ ក្តៅខ្លួន និងឈឺក្បាលជាដើម។
មានសំឡេង
ពាក្យបណ្តឹង និងស្នាមមេដៃប្រជាពលរដ្ឋ រស់នៅភូមិអន្លង់ពីរ និងភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បានទៅដល់ដៃតំណាងរាស្ត្រ និងអភិបាលខេត្តសៀមរាបហើយ ដែលពួកគេ បានចោទប្រកាន់ក្រុមហ៊ុន ហ្គាអ៊ីយ៉ា ភីអិលស៊ី ( Gaea Plc ) ថាបានបង្កជាគ្រោះមហន្តរាយ ដល់ជីវិតរស់នៅរបស់ពួកគេ។ ពាក្យបណ្តឹង ដែលអមដោយស្នាមមេដៃប្រជាពលរដ្ឋជាង៤០០នាក់ បានរៀបរាប់ថា ក្លិនស្អុយ និងផ្សែងចេញពីគំនរសំរាម ធ្វើឲ្យប៉ះពាល់ដល់សុខភាពពួកគេ ដែលរស់នៅក្បែរនោះ។ ក្រៅពីនេះ ការបង្កើនផលស្រូវនៅតំបន់នោះ ក៏មានការថយចុះដែរ។
លោក ឈុន រី ប្រជាពលរដ្ឋរស់នៅភូមិភ្នំដី នៅមិនឆ្ងាយប៉ុន្មានពីទីតាំងចាក់សំរាម បាននិយាយថា ចំហាយក្លិនស្អុយចេញពីគំនរសំរាម បានភាយពេញទាំងភូមិរបស់លោក ដែលធ្វើឲ្យលោកពិបាកដកដង្ហើមជាខ្លាំង។ ដោយសារមិនហ៊ានសួរទៅអាជ្ញាធរ និងក្រុមហ៊ុនដឹកសំរាម ពលរដ្ឋនៅទីនោះ ចេះតែស៊ូទ្រាំ ដោយការអត់ធ្មត់ និងសង្ឃឹមថា ថ្ងៃណាមួយគេនឹងឈប់ដឹកសំរាមមកចាក់នៅកន្លែងខាងលើ។
ជាកសិករមួយរូប លោក ឈុន រី មានកូនកំពុងសិក្សានៅសាលាអន្លង់ពីរចំនួន២នាក់។ លោកប្រាប់ថា កូនរបស់លោកឧស្សាហ៍មានជំងឺជាប្រចាំ ដូចជាឈឺក្បាល រាគរូស ឈឺពោះ ហើយលោកបានត្រឹមនាំកូនទៅមន្ទីរពេទ្យតែប៉ុណ្ណោះ។
នាយកសាលាបឋមសិក្សាអន្លង់ពីរ លោក ប៊ុន ថង ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗ កាលពីកន្លងទៅថា គ្រូបង្រៀនមួយចំនួនធ្លាប់មានការគំរាមពីអាជ្ញាធរ នៅពេលពួកគេចោទសួរពីបញ្ហាសំរាមនេះ។ លោកបន្តថា មានគ្រូមួយចំនួន ក៏បានសម្រេចដូរទៅបង្រៀននៅកន្លែងផ្សេង និងខ្លះទៀតក៏កំពុងឈឺរុំារ៉ៃ ដោយសារទ្រាំនឹងក្លិនស្អុយចេញពីគំនរសំរាមក្បែរនោះមិនបាន។
ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានស្នើឲ្យតំណាងរាស្ត្រ ជាពិសេសថ្នាក់ដឹកនាំខេត្តសៀមរាបតែម្តង ចាត់វិធានការក្រុមហ៊ុនចាក់សំរាម បញ្ឈប់ការចាក់សំរាមនៅទីតាំងខាងលើ ហើយធ្វើការចាក់ដី លុបរណ្តៅឲ្យជិត ដើម្បីថែរក្សាបរិស្ថាន និងសោភណ្ឌភាព។
គួរបញ្ជាក់ថា តាមការបញ្ជាក់ពីប្រជាពលរដ្ឋ រយៈពេលប្រមាណ៥ឆ្នាំមកហើយ ដែលក្រុមប្រមូលសំរាម នៅក្រុងសៀមរាប បានទិញដី និងជីករណ្តៅ ដើម្បីចាក់សំរាម នៅភូមិសាស្ត្រ ភូមិអន្លង់ពីរ និងភូមិភ្នំដី។ បច្ចុប្បន្ន គេសង្កេតឃើញមានគ្រឿង បន្តជីករណ្តៅដីបន្ថែមនៅក្បែរនោះ ខណៈដែលរណ្តៅចាស់ ហាក់ពេញទៅហើយ។ ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ ក្រៅពីពឹងអាស្រ័យលើផលលើដំណាំស្រូវ មុខរបរទីពីររបស់ពួកគេនោះ គឺការរើសអេតចាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com