ជាតិ
សង្គមជាតិ
សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ដល់១៣អង្សារ​រយៈពេល៦ថ្ងៃ​ចាប់ពី​ថ្ងៃទី៣០ខែធ្នូ
28, Dec 2014 , 7:45 pm        
រូបភាព
អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់​រយៈពេល៦ថ្ងៃ ចាប់ពី​ថ្ងៃទី៣០ខែធ្នូ​ឆ្នាំ២០១៤ដល់​ថ្ងៃទី០៤ខែមករា​ឆ្នាំ២០១៥។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី២៨ខែធ្នូ​នេះ។



បើតាម​សេចក្តីជូនដំណឹង ចាប់ពី​ថ្ងៃទី៣០ខែធ្នូ ជ្រលង​សម្ពាធ​​ខ្ពស់​នឹង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា បង្ក​ឲ្យ​កម្រិត​សីតុណ្ហភាព​ថយចុះ ធ្វើ​ឲ្យ​អាកាសធាតុ​ចុះ​ត្រជាក់​ជាថ្មី​ម្តងទៀត។ លក្ខណៈ​បែបនេះ​នឹងធ្វើ​ឲ្យ​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ចុះ​ត្រជាក់​ចាប់ពី​ថ្ងៃទី៣០ខែធ្នូ ដល់​ថ្ងៃទី០៤ខែមករា​ឆ្នាំ២០១៥៖

-តំបន់​ជួរ​ខ្នងភ្នំ​ដងរែក ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត ប៉ៃលិន​ សីតុណ្ហភាព​អប្បរ​មា​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី១៣-១៧អង្សារ​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី២៤-២៧អង្សារ​សេ។

-រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ​ត្បូងឃ្មុំ ក្រចេះ ព្រៃវែង​និង ស្វាយរៀង សីតុណ្ហភាព​អ​ប្បរមា​មាន​ពី១៩-២១អង្សារ​សេ និង​​សីតុណ្ហភាព​អតិបរមា​មាន​ពី២៧-២៩អង្សារ​សេ។

-ខេត្តតាកែវ កោះកុង ​ព្រះសីហនុ កំពត​ និង​ខេត្ត​កែប ​សីតុណ្ហភាព​អ​ប្បរមា​មាន​ពី២១-២៣អង្សារ​សេ និង​​សីតុណ្ហភាព​អតិបរមា​មាន​ពី៣០-៣២អង្សារ​សេ៕






© រក្សាសិទ្ធិដោយ thmeythmey.com