អន្តរជាតិ
យន្តហោះ​Air Asia មួយ​គ្រឿង​ទៀតចុះ​ចត​បន្ទាន់​​ដោយ​ប​ញ្ហា​បច្ចេក​ទេស​ ​
28, Dec 2014 , 7:55 pm        
រូបភាព
ដោយ: ថ្មីៗ
 យន្តហោះមួយ​គ្រឿ​ង​ទៀត​របស់​ក្រុម​ហ៊ុន​ Air Asia ដែល​ហោះ​ហើរពី​ទីក្រុង Penang ទៅ​កាន់ Langkawi បានសម្រេច​បង្ខំ​ចុះចត​ដោយសារ​មាន​បញ្ហា​បច្ចេក​ទេស​នៅ​ថ្ងៃ​អាទិត្យ​នេះ។ យន្តហោះ​មួយ​គ្រឿង​ថ្មីនេះ​បាន​បង្ខំ​ចុះ​​ចត​ត្រឹមតែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេលយន្តហោះ​ Qz8501ដែលហោះ​ហើរ​ពីឥណ្ឌូនេស៊ីទៅសិង្ហបុរីបានបាត់​ខ្លួន។នេះបើយោងតាមសារព័ត៌មាន Sputnik។ 


យន្តហោះ​មួយ​គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​អាកា​ស​ចរណ៍​ Air Asia ដែល​ធ្វើដំណើរ​​ពីទី​ក្រុង​ Penang ទៅ​កាន់ Langkawi ប្រទេស​ម៉ាឡេស៊ី​បាន​សម្រេច​ចុះ​ចត​បន្ទាន់​បង្ខំ​ដោយសារ​មាន​បញ្ហា​បច្ចេក​ទេស​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ ការ​ចុះ​ចត​បន្ទាន់​នេះ​កើត​មាន​ឡើង​ត្រឹម​តែ​ប៉ុន្មាន​​​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​យន្តហោះ​ក្រុមហ៊ុន​ដដែរ​នេះធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូ​នេស៊ី​ទៅកាន់​ប្រទេស​សិង្ហ​បុរី​បាន​បាត់​ខ្លួន។ យន្ត​ហោះ​មួយ​គ្រឿង​ទៀត​នេះជាជើង​ហោះ​ហើរ​ AK 6242 ហោះហើរ​នៅក្នុង​ស្រុក​ ប៉ុន្តែ​ពេល​កំពុងហោះហើរក៏មាន​បញ្ហា​បច្ចេកទេស​ ហើយ​អ្នកបើក​ក៏សម្រេច​ចុះចត​បង្ខំ​តែ​ម្តង​។
បន្តែយ៉ាងណា​ក៏ដោយ​គេ​មិន​ទទួល​បានព័ត៌មាន​លម្អិត​ទាក់ទិន​នឹងការ​ចុះចតបន្ទាន់​របស់​យន្តហោះ​របស់​​ក្រុមហ៊ុននេះ​​នៅ​ឡើុយទេ។​ 

ដោយ​ឡែក​យន្តហោះ Qz8501 ​ដែល​បាន​បាត់កាល​ពីព្រឹក​មិញ​របស់ក្រុម​ហ៊ុន​ Air Asia នេះមិនទាន់ត្រូវ​បានគេ​រក​ឃើញនៅឡើយទេ ហើយ​ប្រតិបត្តិការរុក​រកយន្តហោះ​កំពុង​តែ​បន្ត​ដំណើរ​ការ​។ ការ​បន្ត​ប្រតិបត្តិការ​រុក​រក​យន្តហោះ​កំពុង​ប​ន្ត​ដំណើរ​ការ​នៅ​ក្នុង​សមុទ្រ Java ដោយ​កងកម្លាំងសង្គ្រោះ​ឥណ្ឌូនេស៊ី​ ហើយ​រសៀលនេះ​ទ័ព​អាកាស​សិង្ហបុរី​បាន​ចាប់​ផ្តើម​ចេញ​ជួយស្វែង​រកដែរ។​ ប៉ុន្តែ​គេមិន​ទាន់​បានតម្រុយ​ណាមួយ​ពី​យន្តហោះ​ដែល​បាត់​ឡើយ​។​

គួរ​បញ្ជាក់ថា មាន​មនុស្ស​សរុប១៦២នាក់​នៅក្នុង​យន្តហោះ​ដែល​បាន​បាត់​ដំណឹង​នោះ ដោយ​ក្នុងនោះ​រួមមាន៖ អ្នកដំណើរ១៥៥នាក់ អ្នកបើក​យន្តហោះ២នាក់ និង​ក្រុម​អ្នកបម្រើ​លើ​យន្តហោះ​ចំនួន៥នាក់។ ហើយ​ក្នុងចំណោម​ជនរងគ្រោះ​នៅលើ​យន្តហោះ​នោះ មាន​ជនជាតិ​ឥណ្ឌូនេស៊ី១៥៦នាក់ ជនជាតិ​កូរ៉េខាងត្បូង៣នាក់ ជនជាតិ​បារាំង១នាក់ ជនជាតិ​ម៉ាឡេស៊ី ១នាក់ និង​ជនជាតិ​សឹង្ហ​បុរី១នាក់។


© រក្សាសិទ្ធិដោយ thmeythmey.com