ជាតិ
សង្គមជាតិ
ក្រុង​ស្ទឹងសែន ស្ងៀមស្ងាត់​ពេល​ចូលឆ្នាំ​សាកល
29, Dec 2014 , 11:10 am        
រូបភាព
ដោយ:
គ្មាន​ឡើយ​សញ្ញា​នៃ​សភាព​អ៊ូអរ​សម្រាប់​បុណ្យចូលឆ្នាំ​សកល​នៅក្នុង​ទីក្រុង​ស្ទឹងសែន​នៃ​ខេត្តកំពង់ធំ។ ពលរដ្ឋ​មួយចំនួន​បាន​និយាយថា ភាពស្ងប់ស្ងាត់​ពេល​ចូលឆ្នាំ​សកល តែងមាន​ជា​រៀងរាល់ឆ្នាំ ហើយ​ថា​វា​ស្ងាត់ស្ងៀម​ជាង​ពិធីបុណ្យ​ណូអែល​ទៀតផង។


ពលរដ្ឋ​នៅក្នុង​ក្រុង​ស្ទឹងសែន​នៃ​ខេត្តកំពង់ធំ នៅចាំ​មិន​ភ្លេច​ឡើយ​ពី​ទិដ្ឋភាព​អ៊ូអរ​ល្មម​នៃ​ការជួបជុំ​នៃ​យុវជន​យុវនារី​ក្នុង​ថ្ងៃបុណ្យ​ណូអែល​នៅតាម​ហាង​ទំនិញ។ ហាង​ទំនិញ​មិនតិច​ឡើយ​បានដាក់​តាំង​រូប​ដើម Christmas(ជា​ភាសា​អង់គ្លេស) ឬ​ដើម Sapin (ជា​ភាសា​បារាំង) និង​រូប Santa Claus ឬ Père Noel និង​បាន​ចាក់​បទ​ភ្លេង Jiggle Bells យ៉ាង​ទ្រហឹង អឺងកង។ផ្ទុយទៅវិញ ក្រុង​ស្ទឹងសែន​បាន​ប្រែ​ស្ងប់ស្ងាត់​វិញ​នៅពេលនេះ ហើយក៏​មិនមាន​សញ្ញា​នៃ​ការរៀបចំ​របស់​អាជ្ញាធ​រ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ប្រារព្ធ​ពិធី​ចូលឆ្នាំ​សកល​រួមគ្នា ឬ​ជួបជុំគ្នា​ឡើយ។ មិនមាន​ការរៀបចំ​ពី​អាជ្ញាធរ​ដែនដី ហើយ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ក៏​មិនមាន​ការរៀបចំ​ពិធី​សប្បាយរីករាយ​អ្វី​ដែរ។

អ្នកស្រី គង់ ចាន់​ហៀក បុគ្គលិក​នៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ បាន​ប្រាប់ថា៖ «ឆ្លងឆ្នាំ​សកល​នេះ ជាធម្មតា​នៅ​អេ​អឹម​ខេ មិនមាន​រៀបចំ​កម្មវិធី​អបអរ​នោះទេ។ ប៉ុន្តែ​បើ​សម្រាប់
បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​វិញ ស្ថាប័ន​នេះ មាន​រៀបចំ​កម្មវិធី​ជប់លៀង​ឱ្យ​បុគ្គលិក​ក៏ដូចជា​សម្រាប់អបអរ​ឆ្នាំ​ថ្មី​ផងដែរ»។ អ្នកស្រី​ក៏​បន្ថែម​ដែរ​ថា វា​ក៏​ហាក់ដូចជា​ទម្លាប់​ទៅហើយ​ដែល​មិនមាន​រៀបចំកម្មវិធី​អ្វី​សម្រាប់​ឆ្លង​ឆ្នាំ​សកល សូម្បីតែ​គ្រួសារ​អ្នកស្រី​ផ្ទាល់​ក៏​មិនដែល​ធ្វើ​ដូចគ្នា​ដែរ។ចំណែក​លោក លឹម ប៊ុន​ថង អ្នកលក់​កាហ្វេ​ក្នុង​ក្រុង​ស្ទឹងសែន​បាន​ប្រាប់​ដែរ​ថា ដោយសារបញ្ហា​ជីវភាព​របស់​ក្រុមគ្រួសារ​គាត់ អាជីវករ​នៃ​ក្រុង​ស្ទឹងសែន​រូបនេះ មិនបាន​គិតដល់​ពី​ការរៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​ឡើយ។ លោក ប៊ុន​ថង ពន្យល់ថា៖«យើង​មានកូន មាន​ប្រពន្ធ ក្នុងបន្ទុក។  អ៊ីចឹង​ហើយ ទោះ​ឆ្លង​ឆ្នាំ​សកល​ក៏ដោយ ក៏​យើង​នៅតែ​បន្ត​លក់​កាហ្វេ​ជូន​ដល់​អតិថិជន​យើង​ដដែល ពោលគឺ​មិន​ឈប់សម្រាក​អ្វី​នោះទេ»។ អ្នកលក់​កាហ្វេ​ដដែល រម្លឹកថា  កាលពីមុន​គាត់​ក៏​ធ្លាប់​នាំ​ប្រពន្ធ​កូន​ដើរ​កម្សាន្ត​នៅក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ដែរ តែ​កាលនោះ គាត់​មាន​ជីវភាព​ធូរធា។

មិន​ខុសពី​អាជីវករ​លក់​កាហ្វេ​នេះ លោក ម៉ែន កាយ ជា​មេការ​សំណង់​ក្នុង​ខេត្តកំពង់ធំ ក៏​គ្មាន​គម្រោង​រៀបចំ​ការជួបជុំ​គ្រួសារ​អបអរ​ឆ្នាំ​សកល ឆ្នាំ​ថ្មី​ទេ។

បើទោះជា​កម្ពុជា មាន​ពិធី​ចូលឆ្នាំថ្មី​របស់ខ្លួន​ហើយក៏​ដោយ កម្ពុជា​ក៏​ចូលរួម​ចូលឆ្នាំ​សកល​មួយទៀត​ដែរ ហើយក៏​បាន​យក​ថ្ងៃ១មក​រាជា​ថ្ងៃ​ឈប់សំរាក​ផ្លូវការ​របស់​រដ្ឋ​ទៀតផង។ អាជ្ញាធរ​តាម​ខេត្ត និង​រាជធានី គួរតែ​ផ្តួចផ្តើម​គំនិត​បង្កើត​កម្ម​វិធី និង​តុបតែង​រចនា​ទីក្រុងរ​បស់​ខ្លួន​បន្តិចបន្តួច ឬ​ច្រើន ដើម្បី​ការជួបជុំ​នៃ​ពលរដ្ឋ​ខ្លួន​នៅតាម​ទីក្រុង​ធំ​នៃ​ខេត្ត​របស់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com