ជាតិ
សង្គមជាតិ
សុខភាព
កម្ពុជា៖ ​យ៉ាង​ហោច ​១១​លាន​​ស្រោម​អនាម័យ​​ត្រូវ​បាន​​ប្រើ​ប្រាស់​​នៅ​​ឆ្នាំ​២០១៤​
03, Jan 2015 , 3:40 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ ក្នុង​ឆ្នាំ ២០១៤នេះ ស្រោមអនាម័យ​ប្រភេទ Number One និង OK Condom ជាង ១១ លាន​ត្រូវបាន​លក់ និង​ចែកចាយ នៅតាម​ផ្ទះសំណាក់ សណ្ឋាគារ និង​ឱសថស្ថាន​នានា ទូទាំងប្រទេស​កម្ពុជា។ នេះ​បើតាម លោក ប៊ុត លន ប្រធាន​ផ្នែក​លក់ និង​ចែកចាយ​ស្រោម​អ​នា ម័​យ របស់​អង្គការ​ខ្មែរ​បម្រើ​សុខភាព​ប្រជាជន (Population Services Khmer) ។



ការលក់ និង​ចែកចាយ​ស្រោមអនាម័យ​របស់​អង្គការ​ខ្មែរ​បម្រើ​សុខភាព​ប្រជាជន PSK ប្រចាំឆ្នាំ ២០១៤នេះ ត្រូវបាន​លោក ប៊ុត លន ប្រធាន​ផ្នែក​លក់ និង​ចែកចាយ ប្រាប់​ឲ្យ​ដឹងថា អង្គការ PSK បាន​លក់ និង​ចែកចាយ​ស្រោម​ជាង ១១លាន ទូទាំងប្រទេស​កម្ពុជា។ ចំនួន​នេះ​មិនត្រូវ​បាន​គេ​បូក​បញ្ចូល​ចំនួន​ស្រោមអនាម័យ​ដែល​លក់​ក្រៅពី​អង្គការ PSK នោះទេ។

លោក ប៊ុន លាន ប្រាប់​យ៉ាង​ដូច្នេះ៖«ចាប់ពី​ដើមខែ​មករា ដល់​ចុងខែ​ធ្នូ ឆ្នាំ២០១៤នេះ យើង​បាន​លក់ និង​ចែកចាយ​ស្រោម​ជាង ១១លាន តាម​ផ្ទះសំណាក់ សណ្ឋាគារ ឱសថ​សា្ថ​ន និង​គោលដៅ​របស់​យើង​មួយចំនួនទៀត»។

លោក​បន្ថែមថា ស្រោមអនាម័យ​ដែល PSK បាន​លក់ និង​ចែកចាយ​នោះ មាន​ពីរ​ប្រភេទ​គឺ ប្រភេទ Number One និង OK Condom ហើយ​ស្រោម​សម្រាប់​ប្រជាជន​អាស៊ី​ទាំងពីរ ប្រភេទ​នេះ មាន​ទំហំ ៤៩ មី​លី​ម៉ែត្រ។កាលពី​ឆ្នាំ២០១៣ កន្លងមក ក្រុមហ៊ុន​បាន​លក់ និង​ចែកចាយ​ស្រោមអនាម័យ​ចំនួន១៣លាន​ស្រោម។

នៅក្នុង​ឆ្នាំ ២០១៥ ខាងមុខនេះ លោក ប៊ុត លន រំពឹងទុក​ថា ការលក់ និង​ចែកចាយ​ស្រោម អនាម័យ​នឹង​កើន​ដល់​ជាង ១២លាន ដោយសារ PSK បាន​ពង្រីក​តំបន់​ចែកចាយ ដើម្បី​បំពេញតម្រូវការ​របស់​អ្នកប្រើប្រាស់​ស្រោម​ផងដែរ។ ចំនួន១២លាន ឬ១៣លាន​ស្រោម​នេះ គឺជា​ចំនួន​ដែល​អង្គការ PSK លក់ និង​ចែកចាយ​តែប៉ុណ្ណោះ។ ចំនួន​ស្រោមអនាម័យ​លក់​ពិតប្រាកដ​នៅលើ​ទីផ្សារ​អាចមាន​ចំនួន​ច្រើនជាង​នេះ ពីព្រោះ ស្រោមអនាម័យ​ច្រើន​ប្រភេទ​ផ្សេងទៀត​ត្រូវបាន​លក់​នៅលើ​ទីផ្សារ​ផងដែរ។

លោក តារា មាន​វ័យ​ជាង២០ឆ្នាំ បាន​ប្រាប់​សារព័ត៌មានថ្មីៗថា លោក​ប្រើប្រាស់​ស្រោមអនាម័យ​អស់​ប្រមាណ​ជា៦ស្រោម​ក្នុង​មួយខែ។ បើ​និយាយ​ពី​ការ​រួមភេទ​វិញ លោក​បាន​សារភាពថា លោក​បាន​រួមភេទ​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់។ តែ​គ្រាន់​ថា ពេលខ្លះ លោក​មិនបាន​ប្រើប្រាស់​ស្រោមអនាម័យ​ទេ ពីព្រោះ វា​ជា​ដៃគូរ​ដែល​លោក​ទុកចិត្ត។

បុរស​ម្នាក់ទៀត​ឈ្មោះ សង្ហា អាយុ២០ឆ្នាំ បាន​សារភាព​ទាំង​របៀប​ខ្មាសអៀន​បន្តិច​ថា លោក​រួមភេទ​ប្រមាណ​ជាជាង២០ដង​ក្នុង​មួយខែ។ ប៉ុន្តែ ៣ឬ៤ដង លោក​ប្រើប្រាស់​ស្រោមអនាម័យ រីឯ ប្រមាណ​ជា២០ដង​ទៀត លោក​មិនបាន​ប្រើប្រាស់​ទេ ពីព្រោះ​លោក​ទុកចិត្ត​ដៃគូ​របស់លោក៕


© រក្សាសិទ្ធិដោយ thmeythmey.com