ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី-ខេត្ត
30, Dec 2014 , 7:51 am        
រូបភាព
ដោយ: ថ្មីៗ
 
រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី-ខេត្ត ដើម្បី​ចាត់វិធានការ​ប្រយុទ្ធប្រឆាំង​ចរាចរ​គ្រឿងញៀន​ជាមួយ​ប្រទេសជិតខាង ដោយមាន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត​ជា​ប្រធាន។ នេះ​បើតាម​សេចក្ដីសម្រេច​របស់​រដ្ឋា​ភិ​បាល​ចុះ​កាលពីពេលថ្មីៗកន្លងមកនេះ។



គណៈកម្មាធិការ​ជាតិ​ត្រួតពិនិត្យ​គ្រឿងញៀន ដែល​នៅតាម​បណ្ដា​ខេត្ត​មាន​ព្រំប្រទល់​ជាប់ ប្រទេស​ថៃ ឡាវ វៀតណាម មាន​តួនាទី​សហការ​សម្របសម្រួល​ចាត់វិធានការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជាមួយ​ប្រទេសជាតិ​ខាង ដើម្បី​ផ្លាស់ប្ដូរ​ព័ត៌មាន​តាម​ព្រំដែន រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការដាំដុះ ការផលិត ការ​ចរាចរ​ជួញដូរ ការប្រើ​គ្រឿងញៀន និង​ការ​ចរាចរ​សារធាតុ​ផ្សំ​គីមី​ជាដើម។ 

បង្កើត​នីតិវិធី​រួមមួយ​ឲ្យ​មានការ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ក្នុង​វិស័យផ្សេងៗ សម្រាប់​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ដោយ​ឈរលើ​ស្មារតី​គិតគូរ ដល់​ផលប្រយោជន៍​រួម​និង​រៀបចំ​ឲ្យ​មាន​កម្មវិធី​ជួបប្រជុំ​ជាមួយ​ប្រទេសជិតខាង​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ពិភាក្សា​និង​កសាង​ផែនការ​សកម្មភាព​រួម​គ្នា ពង្រីក​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​និង​ទំនាក់ទំនង​ព្រំដែន​លើ​បញ្ហា​គ្រឿងញៀន (BLO)។

សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្នាក់​រាជធានី-ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ លើ​ការងារ​ពង្រឹងសមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​នឹង​ការផលិត ការដាំដុះ​ការ​ចរាចរ​ជួញដូរ ការប្រើ​បំពាន​គ្រឿងញៀន តាមរយៈ​យុទ្ធនា​ការឃោសនា​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការប្រើ​បំពាន​គ្រឿងញៀន។ត្រូវ​ត្រួតពិនិត្យ​និង​រៀបចំ​ឲ្យ​មាន​កម្មវិធី​និង​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ប្រើ​គ្រឿងញៀន នៅក្នុង​រាជធានី ខេត្តនីមួយ។ជាពិសេស​ការផ្លាស់ប្តូរ​ព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ការបំពាន​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ​ជាដើម៕




© រក្សាសិទ្ធិដោយ thmeythmey.com