ជាតិ
សង្គមជាតិ
ក្រសួង​ចំនួន​បី​ទទួល​រង្វាន់​ចំពោះ​ការអប់រំ​មន្ត្រី​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍
30, Dec 2014 , 11:23 am        
រូបភាព
គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានប្រគល់​ពានរង្វាន់​ឆ្នើម​ដល់​ក្រុមការងារ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា(UYFC)នៅក្នុង​ក្រសួង​ចំនួន៣ ដែល​បាន​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានល្អ​តាមរយៈ​ការជំរុញឱ្យ​មន្ត្រីក្រោមឱវាទ​ពាក់មួក​សុវត្ថិភាព​ក្នុងពេល​បើកបរ​និង​កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង។



ក្រសួង​ទាំង៣នោះ​រួមមាន​ក្រសួង​ធម្មការ​និង​សាសនា​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​និង​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុ​នីតិសម្បទា។ការប្រគល់​រង្វាន់​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី២៩ខែធ្នូ ក្រោម​អធិបតីភាព​របស់លោក​ស្រី​មឹន​ម៉ាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន។

លោកស្រី​មឹន​ម៉ាណ​វី បាន​មានប្រសាសន៍ នៅក្នុង​ឱកាស​នោះ​ថា៖«ការសម្រេច​ផ្តល់​ពានរង្វាន់​ដល់​ក្រុមការងារ​UYFCនៅក្នុង​ក្រសួង​ទាំងបី​នេះ​ដោយសារតែ​ពួកគេ​បាន​អនុវត្តន៍​ល្អ​លើ​សកម្មភាព​ជំរុញ​ការពាក់​មួកសុវត្ថិភាព​បាន១០០% ក្នុងពេល​ធ្វើដំណើរ​និង​ការបើកបរ​មិន​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង។

លោកស្រី​បានបញ្ជាក់​ទៀតថា​ក្រុមការងារ​ទាំងនោះ​ក៏បាន​អប់រំ​បណ្តុះបណ្តាល​មន្ត្រីក្រោមឱវាទ​នឹង​ការបង្កើតឱ្យមាន​បទបញ្ជា​ផ្ទៃក្នុង​ឬ​សេចក្តីណែនាំ​នានា​ដើម្បី​ជំរុញ​ឱ្យ​មន្ត្រី​របស់ខ្លួន​អនុវត្តន៍​ឱ្យ​ខ្ជាប់ខ្ជួន​លើ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​តាមរយៈ​មានការ​ផាកពិន័យ​ចំពោះ​មន្ត្រី​ដែល​មិនបាន​គោរព​ច្បាប់​ចរាចរណ៍។

ដំណើរការ​នៃ​ការវាយតម្លៃ​ជ័យលាភី​នេះ​ធ្វើ​ឡើងជា​ពីរ​ដំណាក់កាល​ចាប់ពី​ខែកញ្ញា​ដល់​ខែវិច្ឆិកា​ឆ្នាំ២០១៣និង​ចាប់ពី​ខែកក្កដា​ដល់​ខែតុលា​ឆ្នាំ២០១៤ដោយមាន​ការអង្កេត​និង​សម្ភាសន៍​មន្ត្រីរាជការ​នៅតាម​ក្រសួង​ទាំង៣១ដែលជា​សមាជិក។

សូមបញ្ជាក់ថា​ក្នុង​ឆ្នាំ២០១៣មាន​មនុស្ស​ចំនួន១៩៥០នាក់​បាន​ស្លាប់​និង៥៦៧១នាក់​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងចំណោម​ជនរងគ្រោះ​ចំនួន១៦.២២៧នាក់​ក្នុងនោះ​មាន៦៩%ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល។បើ​គិត​ក្នុង​រយៈពេល៥ឆ្នាំ​ចុងក្រោយ(២០០៩-២០១៣) កម្ពុជា​ខាតបង់​ថវិកា​អស់​ជាង១៥០០លាន​ដុល្លា​អាមេរិក​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕


© រក្សាសិទ្ធិដោយ thmeythmey.com