ជាតិ
សង្គមជាតិ
ពលរដ្ឋ២០គ្រួសារសប្បាយនឹងបានផ្ទះថ្មីតែបារម្ភចំពោះមុខរបរនៅរុនតាឯក
× សៀមរាប៖ ប្រជាពលរដ្ឋចំនួន២០គ្រួសាររស់នៅក្នុងរមណីដ្ឋានអង្គរ មានភ័ព្វសំណាងចាប់ឆ្នោត និងបានទៅរស់នៅភូមិធម្មជាតិរុនតាឯក ដែលរៀបចំឡើងដោយអាជ្ញាធរអប្សរា។ ទន្ទឹមនឹងភាពសប្បាយរីករាយ ដែលទទួលបានផ្ទះថ្មីមួយខ្នង និងដីស្រែមួយចំនួនពីអាជ្ញាធរ ប្រជាពលរដ្ឋទាំងនោះ ហាក់នៅស្នាក់ស្ទើរនៅឡើយចំពោះភាពប្រាកដប្រជា ការស្នាក់នៅជាអចិន្ត្រៃយ៍នៅទីតាំងខាងលើ ព្រោះថា ភូមិធម្មជាតិរុនតាឯក ជាភូមិថ្មី និងមិនទាន់មានការអភិវឌ្ឍនៅឡើយ។
ពលរដ្ឋចំនួន២០គ្រួសារ បានទទួលផ្ទះមួយខ្នង និងដីស្រែប្រមាណជិត១ហិកតា នៅភូមិធម្មជាតិរុនតាឯក ដើម្បីជំនួសឲ្យការសាងសង់ផ្ទះបន្ថែមនៅក្នុងរមណីដ្ឋានអង្គរ។ ពលរដ្ឋ២០គ្រួសារ ត្រូវបានជ្រើសរើសចេញពីគ្រួសារចំនួន១០៧គ្រួសារ ដែលបានដាក់ពាក្យសុំទៅរស់នៅភូមិធម្មជាតិ រុនតាឯក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។
លោក តាន់ គង់ហ្គោ ពលរដ្ឋរស់នៅតំបន់ស្រះស្រង់ បាននិយាយថា លោកសប្បាយចិត្ត ពេលដែលគ្រួសារលោក បានចាប់ឆ្នោតមករស់នៅភូមិថ្មីនេះ។ បុរសវ័យ៤៦ឆ្នាំរូបនេះ ក៏បានសម្តែងក្តីបារម្ភចំពោះការងារជាគ្រូបង្រៀនរបស់លោក នៅស្រះស្រង់ ដែលតម្រូវឲ្យ លោកត្រូវធ្វើដំណើរទៅមកជារៀងរាល់ថ្ងៃ ក្នុងចំងាយប្រមាណជិត៦០គីឡូម៉ែត្រ(ទៅមក)។
ប្រជាពលរដ្ឋទាំង២០គ្រួសារ សុទ្ធតែអះអាងដូចៗគ្នាថា ពួកគេមានពេលមកសម្រាកនៅភូមិថ្មីតែពេលយប់តែប៉ុណ្ណឹង ដោយពេលថ្ងៃពួកគេរវល់ចេញទៅរកស៊ី និងធ្វើការនៅកន្លែងពួកគេធ្លាប់រក ក្នុងទីប្រជុំជនខេត្តសៀមរាប។ លោក ឡេង រីម បាននិយាយថា លោកនឹងលៃលកពេលវេលាមួយចំនួន ដើម្បីបង្កបង្កើនផលក្នុងដីកសិកម្មភូមិធម្មជាតិរុនតាឯក តាមការស្នើសុំរបស់អាជ្ញាធរអប្សរា បន្ទាប់ពីជូនប្រពន្ធទៅរត់ដូរនៅអង្គរធំរួច។ លោករំពឹងថា ទៅថ្ងៃខាងមុខ នៅពេលមានប្រជាពលរដ្ឋមករស់នៅច្រើន ភូមិធម្មជាតិរុនតាឯក នឹងក្លាយជាតំបន់ទីផ្សារ នោះពួកគេនឹងងាយស្រួលក្នុងការប្រកបរបររកស៊ីផងដែរ។
ភូមិធម្មជាតិរុនតាឯក ស្ថិតនៅឃុំតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នេះជាលើកទី២ហើយ ដែលអាជ្ញាធរអប្សរា រៀបចំប្រគល់ផ្ទះ និងដី ជូនប្រជាពលរដ្ឋ ដែលមានគ្រួសារស្ថិតក្នុងរមណីយដ្ឋានអង្គរ ដោយឡែកទី១នៅក្នុងឆ្នាំ២០១០ ជូនគ្រួសារចំនួន១០០គ្រួសារ។ ប៉ុន្តែដោយសារបញ្ហាមុខរបរ ប្រជាពលរដ្ឋខ្លះសម្រេចបោះបង់ផ្ទះចោល ហើយផ្ទះពួកគេ ត្រូវបានអាជ្ញាធររៀបចំ ប្រគល់ឲ្យអ្នកថ្មី ដែលបានស្នើសុំបន្ត។
គួររំលឹកថា ដោយសារមិនចង់ឲ្យមានកំណើនផ្ទះក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរអប្សរា បានសហការនឹងដៃអភិវឌ្ឍនានា រៀបចំឲ្យមានភូមិធម្មជាតិរុនតាឯកនេះឡើង។ ពលរដ្ឋដែលមានគ្រួសារ និងបានបំបែកចេញពីគ្រួសារក្នុងតំបន់រមណីយដ្ឋានអង្គរ អាចដាក់ពាក្យស្នើសុំ ផ្ទះបាន ដោយភ្ជាប់នឹងលក្ខខ័ណ្ឌមួយចំនួន ក្នុងនោះរួមមាន ត្រួវមានវត្តមានរស់នៅជាប់លាប់ យ៉ាងតិច៦ខែក្នុងមួយឆ្នាំ និងរយៈពេល៥ឆ្នាំ ទើបមានសិទ្ធិលក់ដូរបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com