ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ ជូនពរឆ្នាំថ្មីឆ្នាំសកល
× ជូនពរឆ្នាំថ្មីឆ្នាំសកល
(បទពាក្យ៧)
-ស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល ឆ្លងចូលមកដល់ក្នុងវេលា
មនុស្សជាតិលើលោកផងនានា ស្វាគមន៍វ័ន្ទានាឆ្នាំថ្មី។
-រួមទាំងកម្ពុជាក្នុងរដ្ឋា អំណរជ្រះថ្លាចិត្តប្រពៃ
រីករាយសាទរក្នុងឆ្នាំថ្មី គប្បីបែរបន់ឲ្យមានជោគ។
-ឆ្នាំចាស់សូមផ្លាស់ហេតុមិនល្អ ដែលធ្លាប់វឹកវរច្រើនគរគោក
សូមឲ្យសាបសូន្យកុំបីមក មានទុក្ខមានសោកសព្វអង្គារ។
-ឆ្នាំចាស់សូមផ្លាស់រឿងមិនល្អ រឿងខ្មៅរឿងសលាបពណ៌គ្នា
មន្ត្រីរាជការទាំងរដ្ឋសភា សូមបានរួមគ្នាដោយស្រុះស្រួល។
-សូមបានធ្វើការបម្រើរាស្ត្រ កុំបីបញ្ជៀសឲ្យរាស្ត្រជ្រួល
ស្ថេរភាពសង្គមដោយសុខស្រួល កុំបីប្រែប្រួលឲ្យរាស្ត្រព្រាត់។
-ឆ្នាំចាស់សូមផ្លាស់រឿងគ្រប់យ៉ាង រឿងកាប់រឿងអាងរឿងកំសត់
ទាំងរឿងគំគួនសូមរលត់ រលាយឲ្យផុតតាមឆ្នាំចាស់។
-ឆ្នាំថ្មីសិរីសូមមានមក មានជ័យមានជោគយ៉ាងក្រែលក្រាស់
សូមអាជីវករចេះប្រែផ្លាស់ លក់ចុះថ្លៃខ្លះគ្រប់ទំនិញ។
-ឆ្នាំថ្មីសូមឲ្យតម្លៃសាំង បានស្រុតចុះខ្លាំងងាយនឹងទិញ
បើសាំងចុះថ្លៃតិចមកវិញ នោះបាត់ទោរម្និញសែនពេញចិត្ត។
-ឆ្នាំថ្មីសូមឲ្យបក្សទាំងពីរ បំពេញនាទីឲ្យបានពិត
នយោបាយចាស់ផ្លាស់គំនិត បម្រើសុចរិតដល់រាស្ត្រខ្មែរ។
-កុំបីគិតតែបក្សពួកខ្លួន អំណាចមាំមួនពួនគេចកែ
កេងប្រាក់បុណ្យសក្តិឡើងតាមខ្សែ ពូជខ្មែរប្រែខ្មាសសាសន៍ដទៃ។
-សូមឲ្យបាត់បង់ការគុំគួន តណ្ហាក្នុងខ្លួនស្ងួនប្រណី
ស្គាល់ច្បាស់មេត្តា បានសុខី ទាំងជនប្រុសស្រីទាំងក្មេងចាស់។
-សូមឲ្យជួបពរបួនប្រការ សម្បត្តិបីណាល្អក្រៃណាស់
អាយុ វណ្ណ: សុខ: ច្បាស់ ពល: ក្រែលក្រាស់ សែនសុខសាន្ដ។
-សម្បត្តិមួយមនុស្សពីរទេវតា ទីបីអស្ចារ្យ ព្រះនិព្វាន
សូមឲ្យបានដល់កុសលឋាន សុខសានរៀងទៅគ្រប់គ្រួសារ ។
-សូមឲ្យបានចេះយោគយល់ដល់គ្នា សាមគ្គីសាមគ្គាសាងវាសនា
អ្នកក្រុងអ្នកស្រែស្នេហ៍ខេមរា ល្បីដល់លោកាថ្លាសុសសាយ៕
និពន្ធដោយ៖ វិឆ័យ សុភី
© រក្សាសិទ្ធិដោយ thmeythmey.com