ជាតិ
សង្គមជាតិ
សណ្ឋាគារធំៗនៅ​សៀមរាប​ពេញ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល
31, Dec 2014 , 4:16 pm        
រូបភាព


សៀមរាប៖ អ្នកគ្រប់គ្រង​នៅតាម​សណ្ឋាគារធំៗនៅ​ទីក្រុង​សៀមរាប​ប្រាប់ថា សណ្ឋាគារ​របស់​ពួកគេ គ្មាន​កន្លែង​ដាក់​ភ្ញៀវ​នោះទេ ខណៈ​ភ្ញៀវទេសចរ​បុក​មក​ឆ្លង​ឆ្នាំ និង​ចូលឆ្នាំ​សកល យ៉ាង​សន្ធឹកសន្ធាប់ នៅក្នុង​ឆ្នាំ​ថ្មី ឆ្នាំ២០១៥នេះ។


ផ្លូវសំខាន់ៗនៅ​ទីក្រុង​សៀមរាប បាន​កកស្ទះ​ដោយ​កន្លែង ជាពិសេស ផ្លូវ​ដែល​ពុំមាន​ភ្លើងស្តុប ហើយ​ជំនួស​វិញ​ដោយ​ប៉ូលិស​ចរាចរណ៍។ នៅពេល​រាត្រី កន្លែង​ដែល​សម្បូរ​ភ្ញៀវ​ច្រើនជាងគេ និង​មាន​សភាព​អ៊ូអរ​ជាងគេ នោះ​គឺ​ផ្លូវ​ផាប់​ស្ទ្រី​ត (Pub Street ) ។ ចំនួន​ភ្ញៀវទេសចរ​សន្ធឹក​បែបនេះ​ហើយ ទើប​ធ្វើ​ឲ្យ​សណ្ឋាគារ​ស្ទើរ​ទាំងអស់​នៅ​សៀមរាប ពេញ​ណែនណាន់។

ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​សណ្ឋាគារ វិច​តូ​រី​យ៉ា (Victoria Angkor Resort ) បាន​និយាយថា សណ្ឋាគារ​របស់លោក​បាន​ពេញ​ចាប់ពី​ថ្ងៃទី២៦ ខែធ្នូ​មក។ លោក សំអុល សុខុម បន្ថែមថា ដូច​រាល់​ឆ្នាំ​នៅក្នុង​ខែធ្នូ និង​ជាពិសេស​ចុងខែ​ធ្នូ​តែម្តង បន្ទប់​ទាំង១៣០ក្នុង​សណ្ឋាគារ វិច​តូ​រី​យ៉ា ត្រូវបាន​កក់​ពី​ភ្ញៀវ​បរទេស ដែល​ភាគច្រើន​មកពី​សហរដ្ឋអាមេរិក អឺរ៉ុប ចិន និង​ជប៉ុន។

នៅ​ខាង​សណ្ឋាគារ​បុរី​អង្គរ ( Borei Angkor) ដែល​នៅ​លំដាប់​ផ្កាយ៥ ដូច​សណ្ឋាគារ វិច​តូ​រី​យ៉ា ដែរនោះ បាន​អះអាងថា បន្ទប់​ស្នាក់នៅ​ទាំង១៨៨បន្ទប់ ត្រូវបាន​ភ្ញៀវ​ដែលជា​បរទេស​ទាំងអស់ កក់​រយៈ​ពេលមុន៣ខែ​មកហើយ។ លោក ឳ បុត្រ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ សណ្ឋាគារ បុរី​អង្គរ បាន​បញ្ជាក់ថា ក្នុង​ខែធ្នូ ដែលជា​ខែ​សម្បូរ​ភ្ញៀវ​ដើរ​កម្សាន្ត​នេះ សណ្ឋាគារ​របស់លោក ពេញ​រៀងរាល់ថ្ងៃ ដោយ​ក្នុងនោះ លោក​មិន​បានគិត​ពីថ្ងៃ​ឆ្លង​ឆ្នាំ និង​ចូលឆ្នាំ​សកល​នេះ​ផង ដែល​ក្នុង​សណ្ឋាគារ​របស់លោក មាន​ភ្ញៀវ​សរុប​ប្រមាណ៤០០នាក់។

ទាក់ទង​នឹង​តម្លៃ​បន្ទប់​វិញ ថ្នាក់​គ្រប់គ្រង​សណ្ឋាគារ​លំដាប់​ទាំង២ខាងលើ អះអាងថា មានការ​ដំឡើង​តិចតួច​តែប៉ុណ្ណោះ។ លោក សំអុល សុខុម សណ្ឋាគារ វិច​តូ​រី​យ៉ា ដែលមាន​សាខា៧ប្រទេស៖« នៅ​ចុងឆ្នាំ​ចឹ​ង តម្លៃ​ពី៣០០ដុល្លារ ទៅ៥០០ដុល្លារ​សហរដ្ឋអាមេរិក»។ លោក បុត្រ ឳ សណ្ឋាគារ បុរី​អង្គរ ដែលជា​សណ្ឋាគារ​ក្នុងស្រុក៖« នៅ​ថ្ងៃ​ធម្មតា តម្លៃ​ពី១៣០ ទៅ១៤០ ដុល្លារ ហើយ​ចុងឆ្នាំ​ដូច្នេះ យើង​តម្លើង​តាម​បរិមាណ​ភ្ញៀវ​ច្រើន ឫ​ភ្ញៀវ​តិច គឺ​ពី១៥០ ទៅ២០០ ទៅតាម​បន្ទប់»។លោក បុត្រ អះអាងថា គ្រប់​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយចំនួនធំ សុទ្ធសឹងតែ​ពេញ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​សកល​នេះ ហើយ​ពួកគេ​នឹង​ស្នាក់នៅ​រយៈពេល៣ថ្ងៃ នៅ​ទីក្រុង​សៀមរាប។

ទន្ទឹមនឹង​បរិមាណ​ភ្ញៀវ​ច្រើន​នៅ​ចុងឆ្នាំ​ដូច្នេះ អ្នកគ្រប់គ្រង​នៅតាម​សណ្ឋាគារ​ខាងលើ បានទទួល​ស្គា​ល់ពី​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវ​នៅ​ឆ្នាំនេះ​ថា មាន​សន្ទុះ​ថយចុះ​ជាង​រាល់​ឆ្នាំ។ ពួកគេ​បានបញ្ជាក់​ពី​មូលហេតុដូចៗគ្នា​ថា ដោយសារ​គ្រោះមហន្តរាយ បញ្ហានយោបាយ​ទាំង​ក្នុង​ក្រៅប្រទេស​និង​បញ្ហា​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ខ្លះ បញ្ឈប់​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ខ្លួន៕




© រក្សាសិទ្ធិដោយ thmeythmey.com