ជាតិ
សង្គមជាតិ
មតិ​ចម្រុះ​ជុំវិញ​ភាព​វិជ្ជមាន និង​អវិជ្ជមាន នៅក្នុង​សង្គម​ក្នុង​ឆ្នាំ២០១៤
31, Dec 2014 , 8:15 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ប្រជាពលរដ្ឋ​ជាច្រើន​បាន​សម្តែង​មតិ​ខុសៗគ្នា​ទាក់ទិន​នឹង​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​នៅក្នុង​សង្គម​ខ្មែរ​ក្នុង​ឆ្នាំ២០១៤នេះ។ អ្នកខ្លះ​បាន​សាទរ​ចំពោះ​ការអភិវឌ្ឍន៍ និងការ​កំណែរ​ទម្រង់​មួយចំនួន​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​ទន្ទឹមនេះ ក៏មាន​ការរិះគន់​លើ​ចំណុច​អវិជ្ជមាន​មួយចំនួន​ផងដែរ។ តើ​ប្រតិកម្ម​ទាំងនោះ​មាន​អ្វីខ្លះ?



កញ្ញា សុខ​ណា ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ដែលមាន​លំនៅដ្ឋាន​ក្នុង​សង្កាត់​បឹងទំពុន​បាន​កត់សម្គាល់ថា កន្លងមក​នៅក្នុង​សហគមន៍​របស់​កញ្ញា​មិនសូវមាន​សន្តិសុខ​នោះទេ កញ្ញា​តែង​ឃើញ​មាន​ករណី​ចោរលួច ចោរឆក់ និង​ចោរប្លន់​ញឹកញាប់។ តែ​ទោះជា​យ៉ាងណា កញ្ញា បាន​មើលឃើញ​ពី​ការខិតខំ​មួយចំនួន​ផងដែរ ជាក់ស្តែង​ពេល​រាត្រី​ខ្លះ​កញ្ញា​សង្កេតឃើញថា​មានការ​ដាក់ពង្រាយ​ក្រុម​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​អាវុធ និង​គ្រឿងញៀន​ទៀតផង។

ងាក​មក​ស្តាប់​អ្នកស្រី រដ្ឋា​ដែលជា​មន្ត្រីរាជការ​ក្នុង​មន្ទីរ​មួយ​នៅ​ខេត្តកំពង់ចាម​វិញ អ្នកស្រី​បានកត់សម្គាល់​ពី​ចំណុច​អវិជ្ជមាន​មួយចំនួន​ថា សិទ្ធ​ក្នុង​ការបញ្ចេញមតិ​ហាក់​នៅ​មិនទាន់​ទូលំទូលាយ​នៅឡើយ ជាក់ស្តែង​តែងមាន​អំពើរ​ហិង្សា​កើតឡើង​នៅពេល​មាន​ការតវ៉ា​ម្តងៗ ។ អ្នកស្រី​បន្ថែមទៀតថា អ្នកមាន​លុយ​មានអំណាច​មួយចំនួន​ជិះជាន់​អ្នក​ក្រីក្រ។ ម្យ៉ាងវិញទៀត ការអភិវឌ្ឍន៍​មួយចំនួន​បាន​បង្ក​ផលប៉ះពាល់ និង​បាត់បង់​ធនធានធម្មជាតិ​ខ្លះ​ផងដែរ។

ទោះជា​យ៉ាង​ក៏ដោយ អ្នកស្រី ​រដ្ឋា ​ក៏បាន​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​មួយចំនួន​ផងដែរ។ អ្នកស្រី​ថា ប្រទេសជាតិ​មាន​សន្តិភាព មានការ​វិនិយោគ​ដែល​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​ដែរ។ ក្រៅពីនោះ​ក៏មាន​ការកសាង​ផ្លូវថ្នល់​ថ្មី និង​ការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ជាច្រើន​ទៀតផង។

ដោយឡែក​មន្ត្រីរាជការ​នៅ​មន្ទីរ​ហិរញ្ញវត្ថុ​ក្នុង​ខេត្តកំពង់ចាម​ម្នាក់ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ សង្កេតឃើញថា​នៅ​ស្ថាប័ន​របស់លោក​មានការ​អភិវឌ្ឍ​ន៍​ច្រើន៖«ការងារ​និង​ប្រាក់ខែ​ប្រសើរ​ជាង​មុន។ ទាំង​ពេលវេលា​បើក​ប្រាក់ខែ​ទាំង​រចនាសម្ព័ន្ធ​និង​ការជ្រើសរើស​មន្ត្រីរាជកា​រ​ឱ្យចូល​បំរើកា​រងារ​ជាដើម។ ជាងនេះទៅទៀត​ការបើក​ប្រាក់ខែ​ដល់​មន្ត្រី​ចូលនិវត្តន៍​ក៏មានភាព​ប្រក្រតី​ផងដែរ»។ទោះជា​យ៉ាងណាក៏ដោយ​មន្ត្រី​រូបនេះ ក៏បាន​កត់សម្គាល់​ពី​ចំណុច​អវិជ្ជមាន​មួយចំនួន​ដែរ​ដូចជា៖«ទំនាស់​ដីធ្លី​តែងតែ​កើត​មានជារឿយៗ ។ ការ​សម្បទាន​ដីធ្លី​ដែ​មាន​រយៈពេល​យូរពេក។ ភាពអនាធិបតេយ្យ​មិន​គោរព​ច្បាប់​ចរាចរណ៍។ក្រៅពីនោះ​នៅមាន​ការប្រកាន់​បក្សពួក​និង​នៅមាន​បញ្ហា​ខ្លះ​ចំពោះ​ការផ្តល់សេវា​សាធារណៈ​ដ​ល់​ប្រជាពលរដ្ឋ​ដូចជា​ការផ្តល់សេវា​សុខភាព​ជាដើម»។

អ្នកស្រី​ ពេជ្រ​ ជា​អ្នកលក់​កាហ្វេ​តាម​ដងផ្លូវ​វិញ​បាន​បញ្ចេញមតិ​ថា៖«កន្លងមកនេះ​មានការ​អភិវឌ្ឍន៍​ស្ពាន​ថ្នល់​ជាដើម​ប៉ុន្តែ​ចរាចរណ៍​នៅមាន​ភាព​រញ៉េរញ៉ៃ​នៅឡើយ»។ អ្នកស្រី​បន្តថា៖«វា​បាន​បង្ក​ផល​លំបាក​ជាច្រើន​ដល់​របរ​រកស៊ី​របស់​ខ្ញុំ​ព្រោះ​ចរាចរណ៍​ឧស្សាហ៍​កកស្ទះ​ពិបាកធ្វើ​ដំណើរ​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយទៀត​ណាស់»។

ងាក​មក​ស្តា​ប់លោក លី វណ្ណៈ វិញ។ វណ្ណៈ​ជា​និស្សិត​ឆ្នាំ​ទី៣ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោក​បាន​សារ​ទរ​ចំពោះ​កំណែទម្រង់​វិស័យ​អប់រំ។ ក្រៅពីនោះ ក៏មាន​ការដំឡើង​ប្រាក់បៀវត្ស​ដល់​មន្ត្រីរាជការ​ផងដែរ។លោ​បាន​បន្ថែមថា​បើទោះបី​ជាកា​រ​ដំឡើង​ប្រាក់បៀវត្ស​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​ក៏​ដោ តែ​វា​ជា​លទ្ធផល​បណ្តោះអាសន្ន​នៃការ​កំណែទម្រង់​ក្នុង​ឆ្នាំ២០១៤នេះ។និស្សិត​ដដែល​នេះ ក៏បាន​សរសើរ​ចំពោះ​ការ​រឹតបន្តឹង​វិន័យ​ក្នុងសម័យ​ប្រឡង​បាក់​ឌុប​កន្លងមក​ផងដែរ ក្រោម​ពាក្យស្លោក​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថា៖«អ្នកចេះ​ទើប​ជាប់»។ ក្រោម​ពាក្យស្លោក​នេះ​បាន​ជំ​រុញឱ្យ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ។ ក្រៅពីនេះ​លោក​បាន​សារ​ទ​ចំពោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​កម្ចាត់​មន្ត្រី​ខ្មោច​មួយចំនួន​ផងដែរ។

ចំពោះ​ចំណុច​អវិជ្ជមាន​វិញ និស្សិត វណ្ណៈ រិះគន់ថា៖«បញ្ហា​រំលោភ​សិទ្ធ​ដីធ្លី​នៅតែ​ជា​រឿង​ដែល​រដ្ឋាភិបាល​មិនអាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ដដែល បើទោះបីជា​មានការ​សម្របសម្រួល​បញ្ហានយោបាយ​ហើយក៏​ដោយ»។ និស្សិត​រូបនេះ​បន្តទៀតថា ទោះបី​ប្រជាពលរដ្ឋ និង​សកម្មជន​ដីធ្លី ជាច្រើន​ខិតខំ​ធ្វើបាតុកម្ម​តវ៉ា​ហែរ​ញត្តិ​ដាក់ជូន​រដ្ឋាភិបាល ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត យ៉ាងណាក៏ដោយ តែ​នៅតែ​គ្មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដដែល។ ហើយ​លទ្ធផល​ចុងក្រោយ​មាន​សកម្មជន​ដីធ្លី​ជាច្រើន​នាក់​ជាប់​នៅក្នុង​ពន្ធនាគារ។

ចំណែកឯ​លោក សុភាព ជា​និស្សិត​ឆ្នាំ​ទី៣ម្នាក់ទៀត បាន​រិះគន់ថា៖«កន្លងមក​មាន​ក្មេងស្ទាវ​ទំនើង ឬ​កូន​អ្នកមានអំណាច និង​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​មួយចំនួន​អុកឡុក​នៅក្នុង​ទីក្រុង។ ពួកគេ​ខ្លះ​នាំគ្នា​ប្រណាំង​ឡាន ឬ​ជិះ​ម៉ូតូ​ធំ​បំពង​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​ជាដើម»។ តែ​ទោះជា​យ៉ាងណា​លោក​បាន​សរសើរ​ថា នៅ​តំបន់​ផ្សារ​ធំថ្មី​ដែល​លោក​រស់នៅ​សព្វថ្ងៃនេះ​មិនសូវមាន​ករណី​ចោរកម្ម​នោះទេ៕




© រក្សាសិទ្ធិដោយ thmeythmey.com