ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ប្រជាជន​ខ្មែរ​ទៅ​កម្សាន្ត​នៅ​តំបន់​មជ្ឈិមបូព៌ា​កាន់តែច្រើន
01, Jan 2015 , 8:24 am        
រូបភាព
ភ្នំពេញ៖ ប្រជាជន​ខ្មែរ​ទៅ​កម្សាន្ត​នៅ​បរទេស​កាន់តែច្រើនឡើងៗនៅពេល​បុណ្យទាន​ក្នុងស្រុកម្តង។ ប្រទេស​ម៉ាឡេស៊ី ប្រទេស​សិង្ហ​បុរី ប្រទេស​ចិន វៀតណាម ថៃ គឺជា​គោលដៅ​ទេសចរណ៍​របស់​ខ្មែរ។ ប៉ុន្តែ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា បណ្តា​ប្រទេស​អឺរ៉ុប គឺជា​គោលដៅ​ទេសចរណ៍​ថ្មី​របស់​ជនជាតិខ្មែរ​ទៅវិញ។



ប្រជាជន​ខ្មែរ​ដែលមាន​ជីវភាព​ធូរធារ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេសក្រៅ​កាន់តែច្រើនឡើងៗពីមួយ​ឆ្នាំទៅមួយឆ្នាំ។ ការដើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​ភាគច្រើន​បានធ្វើ​ឡើង​នៅក្នុង​អំឡុង​បុណ្យប្រពៃណីធំៗនៅក្នុង​ប្រទេស​និង​ថ្ងៃ​ឈប់សម្រាក​ច្រើន​ថ្ងៃ ដូចជា ករណី​បុណ្យ​ដាច់​ឆ្នាំ​ជាដើម។ 

ពិធីបុណ្យធំៗដែល​ប្រជាជន​ខ្មែរ​ឆ្លៀតឱកាស​ទៅ​កម្សាន្ត​នៅ​បរទេស​នោះ​ជារួម​មាន៖ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពិធីបុណ្យ​អុំទូក និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ជាដើម។ ប្រទេស​ដែល​ប្រជាជន​ខ្មែរ​ទៅ​កម្សាន្ត​ច្រើន គឺ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូចជា៖ប្រទេស​វៀតណាម ប្រទេស​ម៉ាឡេស៊ី ប្រទេស​សិង្ហ​បុរី ថៃ និង​ប្រទេស​មួយចំនួន​ផ្សេងទៀត។ ក្រៅពី​ប្រទេស​ក្នុង​សមាជិក​អាស៊ាន ប្រទេស​ចិន​ក៏​ជា​គោលដៅ​នៃ​ការកម្សាន្ត និង​ការរកស៊ី​របស់​ប្រជាជន​ខ្មែរ​ដែរ។

លោក អាង គីម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​អោយដឹងថា ជា​ទម្លាប់​ដូច​សព្វដង ប្រជាជន​ខ្មែរ​ទៅ​កម្សាន្ត​នៅក្នុង​ប្រទេស​ថៃ វៀតណាម ម៉ា់ឡេស៊ី សិង្ហ​បុរី និង​ប្រទេស​ចិន​ច្រើន​គួរសម​នៅ​ដំណាច់ឆ្នាំ២០១៤នេះ។ ប៉ុន្តែ ចំណុច​គួរអោយកត់សម្គាល់​មួយទៀត គឺថា អ្នកទេសចរ​ខ្មែរ​ជាច្រើន​នាក់​ផ្សេងទៀត បាន​ប្តូរ​ទិសដៅ​ទៅ​កម្សាន្ត​នៅ​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា ជាពិសេស ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត និង​បណ្តា​ប្រទេស​អឺរ៉ុប​កាន់តែច្រើន។
ការចាកចេញ​ទៅ​ក្រៅប្រទេស​របស់​ប្រជាជន​ខ្មែរ​នៅពេល​សម្រាក​ពី​ការងារ គឺមាន​គោលបំណងផ្សេងៗពីគ្នា។ ទីមួយ ៖ ការធ្វើដំណើរ​កំសាន្ត​សុទ្ធសាធ។ ទី​ពីរ ៖ ការដើរ​កម្សាន្ត​គួបផ្សំ​និង​ការពិនិត្យ​សុខភាព និង​ទី​បី​គឺជា​ការដើរ​កម្សាន្ត​រក​ដៃគូរ​ពាណិជ្ជកម្ម។ ហេតុផល​បី​នេះ​បាន​ជំរុញ​អោយ​ប្រជាជន​ខ្មែរ​ដែលមាន​ធនធាន​ចាក​ចេញទៅ​ប្រទេសក្រៅ​កាន់តែច្រើនឡើងៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ជាពិសេស​នៅ​ថ្ងៃ​បុណ្យទាន​តែម្តង។

គេ​ពុំមាន​តួលេខ​បញ្ជាក់​ច្បាស់លាស់​នៅក្នុង​ពិធីបុណ្យនីមួយៗទេ ប៉ុន្តែ​តួលេខ​ប្រចាំឆ្នាំ​បានបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ ប្រជាជន​ខ្មែរ​ប្រមាណ​ជា១លាន​នាក់​បាន​ចាក​ចេញទៅ​កម្សាន្ត ឬ​ទៅ​បំពេញការងារផ្សេងៗនៅក្រៅ​ប្រទេស។

អ្នកជំនាញ​នៅក្នុង​វិស័យ​ទេសចរណ៍​បាន​ពន្យល់ថា ការធ្វើដំណើរ​របស់​ប្រជាជន​ខ្មែរ​កាន់តែច្រើន​ទៅកាន់​បរទេស​នោះ គឺ​ដោយសារ​ហេតុផល​មួយចំនួន​ក្នុងនោះ​មាន៖ការលុបចោល​ទិដ្ឋាការ​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ចំនួន​ធំ​នៅក្នុង​សមាគម​អាស៊ាន កម្រិតជីវភាព​នៃ​គ្រួសារ​អ្នកធូរធារ​កាន់​ប្រសើរ​ជាង​មុន តម្លៃ​ធ្វើដំណើរ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​កាន់តែ​ថោក​ជាង​មុន​និង​ចុងក្រោយបង្អស់​គឺ​ដោយសារ​ប្រជាជន​ខ្មែរ​មួយចំនួន​ចាប់ផ្តើម​អោយ​តម្លៃ​ជីវិត​ទៅលើ​ភាពសប្បាយ​រីករាយ​ជាជាង​ការ​ក្តោប​ប្រាក់កាស​នៅ​នឹង​ដៃ​រហូតដល់​វ័យ​ចំណាស់៕




© រក្សាសិទ្ធិដោយ thmeythmey.com