ជាតិ
សង្គមជាតិ
យុវជន​មួយចំនួន​រៀបចំ​គម្រោង​អភិវឌ្ឍ​ខ្លួនឯង​នៅក្នុង​ឆ្នាំ​ថ្មី​នេះ
01, Jan 2015 , 6:00 pm        
រូបភាព
នៅក្នុង​ឆ្នាំ​ថ្មី​នេះ​យុវជន​កម្ពុជា​មួយចំនួន​បាន​សម្រេចចិត្តថា ពួកគេ​នឹង​រៀបចំ​ផែនការ​ជីវិត​ឲ្យ​បានល្អ។ ពួកគេម្នាក់ៗ បានលើកឡើងផ្សេងៗគ្នា ដោយ​យុវជន​ខ្លះ​ថា ពួកគេ​នឹង​ខិត​ខំរៀន​ឡើងវិញ និង​បញ្ឈប់​សកម្មភាព​ឥត​ផលប្រយោជន៍​ខាត​ពេលវេលា  និង​ខ្លះទៀត​ប្រឹងប្រែង​រក​ចំណូល​សម្រាប់​គ្រួសារ​ជាដើម។ ចំពោះ​ការលើកឡើង​នេះ​ទំនងជា​ពួកគេ បាន​នឹង​កំពុង​យល់ដឹង​ពី​បញ្ហា​ប្រឈម​នៅពេល​ខាងមុខ ទើបបានជា​ពួកគេ​មានគំនិត​រៀបចំ​គម្រោង​ច្បាស់លាស់​ពី​អនាគត​របស់ខ្លួន។



ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ពេលវេលា​គឺ​រំកិល​លឿន​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប។ ដោយសារតែ​ពេលវេលា​រំកិល​លឿន​នេះហើយ ទើប​នៅក្នុង​ឆ្នាំ​ថ្មី២០១៥នេះ យុវជន​មួយចំនួន​ហាក់ដូចជា​បានភ្ញាក់រលឹក និង​កំពុង​គិតគូរ​រៀបចំ​អនាគត​របស់ខ្លួន។

យុវជន ចាន់ កុសល មាន​វ័យ២១ឆ្នាំ​ជា​និស្សិត​នៃ​សកល​វិទ្យាល័យ​អាស៊ី​អា​អឺរ៉ុប បាន​រៀបរាប់ថា នៅក្នុង​ឆ្នាំ​ថ្មី​នេះ រូបគេ​នឹង​តាំងចិត្ត​ខិតខំ​ប្រឹងប្រែង​សិក្សា​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​អនាគត។ ហើយ​អ្វីដែល​កុសល បាន​សន្យា​សម្រាប់​ខ្លួនឯង​ទៀត​នោះ គឺ​រូបគេ​នឹង​បញ្ឈប់​សកម្មភាព​ដែល​ចំណាយ​ពេលវេលា ឥតប្រយោជន៍​ពីមុនមក។យុវជន​សម្បុរ​សរូប​នេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«នៅក្នុង​ឆ្នាំ២០១៥នេះ ខ្ញុំ​នឹង​រៀបចំខ្លួន​ខ្ញុំ​ឲ្យ​បានល្អ​ត្រឹមត្រូវ លះបង់​ការដើរ​លេង​ចំណាយ​ពេលវេលា និង​វិល​មក​ខិត​ខំរៀន​ឡើងវិញ។ ហើយ​អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​មុនគេ គឺ​ខ្ញុំ​ត្រូវ​រៀបចំ​គម្រោង​អនាគត​សម្រាប់​ខ្លួន​ឲ្យ​បានច្បាស់លាស់​ល្អ​មួយ»។

មិន​ខុសគ្នា​ពី​យុវជន ចាន់ កុសល​នោះទេ យុវជន លី គឹម​ហាក់ មាន​អាយុ២០ឆ្នាំ​នៅ​ឆ្នាំ២០១៥នេះ ដែល​ធ្លាប់តែ​ចំណាយ​ពេលវេលា​ច្រើន​សម្រាប់​ការ​ដើរលេង​សប្បាយ​នោះបាន​និយាយ​ដោយ​ទឹកមុខ​មុតមាំ​ថា ពេលវេលា​គឺ​ពិតជា​រំកិល​លឿន​ពិតមែន ដូចនេះ​ទាន់ពេលវេលា​មិនទាន់​កន្លង​ហួស រូបគេ​នឹង​រៀបចំខ្លួន​ឲ្យ​បានល្អ​ឡើងវិញ​ដើម្បី​ធ្វើជា​មនុស្ស​ល្អ​នៅក្នុង​សង្គម។ យុវជន​ភ្នែក​តូច​រូបនេះ​បន្ថែម​ដូច្នេះ​ថា៖«ពេលវេលា​គឺ​មិន​ចាំ​នរណាម្នាក់​ទេ។ បើ​ខ្ញុំ​មិន​គិត​រៀបចំខ្លួន​ខ្ញុំ​ឲ្យ​បានល្អ​ទេនោះ​ប្រាកដជា​លំបាក​សម្រាប់​ខ្លួនឯង​នៅពេល​អនាគត។ ហើយ​នៅពេលនេះ ទាន់ពេលវេលា​មិនទាន់​ហួស​ទាន់​ឱកាសល្អ​សម្រាប់​រៀបចំខ្លួន គឺ​ខ្ញុំ​រៀបចំ​ខ្លួនឯង​ឲ្យ​បានល្អ​ដូចជា​ខំប្រឹង​សិក្សា និង​ខំ​ប្រឹងរក​ការងារ​ធ្វើ បើ​មាន​ឱកាសល្អ​បានធ្វើ​ការងារ​គឺ​ខ្ញុំ​មិនត្រូវ​រំលង​ទេ ព្រោះនេះ​ជា​ផ្លែផ្កា​នាពេល​អនាគត»។

សម្រាប់​យុវជន​ទេព សិលា ដែលជា​និស្សិត​ផង ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​ផង បាន​និយាយ​ដោយ​ដាក់​កំហិត​ខ្លួនឯង​ថា ចាប់ពី​ឆ្នាំ​ថ្មី២០១៥នេះ រូបគេ​នឹង​រៀបចំ​គម្រោង​អភិវឌ្ឍ​ខ្លួន ដោយ​កាត់បន្ថយ​ការសប្បាយ និង​ងាក​មក​រៀបចំខ្លួន​ជា​មនុស្ស​មានគំនិត​ចាស់ទុំ ដើម្បី​ជួយ​រក​ចំណូល​សម្រាប់​គ្រួសារ​និង​អនាគត​ខ្លួនឯង។ យុវជន ទេព សិលា ដែល​ធ្លាប់​តែមាន​ប្រាក់​ចាយវាយ​មិន​សំចៃ​រូបនេះ បាន​បញ្ជាក់ថា អ្វីដែល​រូបគេ​សន្យា​នឹង​ខ្លួនឯង​នេះ គឺ​គេ​ត្រូវធ្វើ​ឲ្យ​បាន។ យុវជន​វ័យ​ជាង២០ឆ្នាំ​បន្ថែមថា៖«ខ្ញុំ​ត្រូវ​កាត់បន្ថយ ឬ​លះបង់​ការដើរ​លេង​ភ្លើតភ្លើន​ក្នុង​ភាព​យុវវ័យ។បើសិនជា​ខ្ញុំ​នៅតែ​សប្បាយ​និង​ភាព​យុវវ័យ មិនចេះ​គិត​តទៅទៀត គឺ​ខ្ញុំ​ប្រាកដជា​បរាជ័យ ទាំង​ក្នុង​ការសិក្សា និង​ការងារ​ផងដែរ»។

ដោយឡែក​យុវជន ថា​ន់ សំ​ពេជ្រ ដែលមាន​វ័យ២៧ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​ក្រុមហ៊ុន​ឯកជន​មួយ​និង​ជា​អ្នក​ដែលមាន​គម្រោង​រៀបចំ​គ្រួសារ​ផង​នោះ និយាយថា រូបគេ​នឹងធ្វើ​ខ្លួន​ជា​មនុស្ស​ចាស់ទុំ ដើម្បី​រៀបចំខ្លួន​ឲ្យ​បានល្អ ព្រោះថា​មិន​សល់​ពេល​យូ​ប៉ុន្មាន​នោះទេ​រូបគេ​នឹងមាន​គ្រួសារ​ដូចនេះ​អ្វីដែល​សំ​ពេជ្រ ត្រូវធ្វើ​មុនគេ​គឺ​ការ​រៀបចំខ្លួន​ជា​មនុស្ស​ត្រឹមត្រូវ​ក្នុងសង្គម និង​ក្នុង​គ្រួសារ។
ក្រៅពី​យុវជន​ទាំងនេះ តើ​មាន​យុវជន​ប៉ុន្មាន​នាក់​ទៀត​ដែលមាន​គំនិត​រៀប​ចំគ​ម្រោ​ង​របស់ខ្លួន​នៅក្នុង​ឆ្នាំ​ថ្មី​នេះ?



© រក្សាសិទ្ធិដោយ thmeythmey.com