ជាតិ
បទវិភាគ
សង្គមជាតិ
២០១៥ ជា​ឱកាស ឬ​ជាការ​ប្រឈម​សម្រាប់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​សហគមន៍​អាស៊ាន​រួម?
03, Jan 2015 , 10:00 am        
រូបភាព
ភ្នំពេញ៖ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ហៅ​កាត់​ថា អាស៊ាន គ្រោង​នឹង​បង្កើត​សហគមន៍​រួម​នៅ​ចុងឆ្នាំ២០១៥ខាងមុខនេះ។ ការបង្កើត​សហគមន៍​រួម​នេះ​នឹង​បើកផ្លូវ​អោយ​ប្រទេស​ជា​សមាជិក​ទាំងអស់​អាច​ចរាចរណ៍​ទំនិញ​ដោយ​គ្មាន​ពន្ធគយ។ ប្រជាជន​អាចធ្វើ​ដំណើរ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ផ្សេងទៀត​ដោយ​សេរី និង​អាច​ធ្វើការ​ក្នុងប្រទេស​ណា​ក៏​បានដែរ។ ប៉ុន្តែ​សំណួរ​ដែល​កំពុង​ចោទសួរ​ឡើង​គឺថា តើ​ប្រទេស​កម្ពុជា​នឹង​អាច​ទទួល បាន​ផល​ច្រើន​ពី​សហគមន៍​រួម​នេះ ឬ​ផ្ទុយទៅវិញ​កម្ពុជា​ខាត​ច្រើនជាង​ចំណេញ?



សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ហៅ​កាត់​ថា អាស៊ាន ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៦៧នៅក្នុង​ប្រទេស​ថៃ។ សមាជិក​ចាស់​របស់​អា​ស៊ាន​មាន៦ប្រទេស​ក្នុងនោះ​មាន៖ ប្រទេស​ថៃ ប្រ៊ុយណេ ឥណ្ឌូនេស៊ី សិង្ហ​បុរី ម៉ាឡេស៊ី​និង​ហ្វីលីពីន។ រីឯ​សមាជិក៤ថ្មី​មាន៤ប្រទេស​ដូចជា៖វៀតណាម ឡាវ ភូមា​និង​ប្រទេស​កម្ពុជា។ កម្ពុជា​គឺជា​កូនពៅ​របស់​អាស៊ាន​ដែល​បាន​សម្រេចចិត្ត​ចូល​ជា​សមាជិក ក្រោយ​គេ​នៅ​ឆ្នាំ១៩៩៩។
 
រហូតមកដល់​ឆ្នាំ២០១៥នេះ មាន​រយៈពេល១៦ឆ្នាំ​ហើយ​ដែល​ប្រទេស​ក្រីក្រ​កម្ពុជា​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​សមាគម​អាស៊ាន។ ក្នុង​រយៈពេល១៦ឆ្នាំនេះ ប្រទេស​កម្ពុជា​បានធ្វើ​ជា​ប្រធាន​អាស៊ាន​ពីរដង។ លើកទីមួយ​នៅ​ឆ្នាំ ២០០២និង​លោក​ទី​ពីរ​នៅ​ឆ្នាំ២០១២កន្លងមកនេះ។

ចូល​ជា​សមាជិក​អាស៊ាន​គឺជា​មោទនភាព​មួយ​របស់​កម្ពុជា ប៉ុន្តែ​នៅ​ចុងឆ្នាំ២០១៥ខាងមុខនេះ សហគមន៍​អាស៊ាន​រួម​នឹងត្រូវ​បង្កើតឡើង។ នៅពេលនោះ ការ​ចរាចរណ៍​ទំនិញ និង​មនុស្ស​អាច​ប្រព្រឹត្តឡើង​ដោយ​គ្មាន​ពន្ធគយ​និង ដោយ​គ្មាន​ទិដ្ឋាការ​រវាង​ប្រទេស​ជា​សមាជិក។ ចំពោះ​និន្នាការ​ថ្មី​នេះ សំណួរ​ជាច្រើន​បាន​លើកឡើងថា តើ​កម្ពុជា​ដែលជា​ប្រទេស​ក្រីក្រ​ជាងគេ​មួយ​នៅ​អាស៊ាន​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ឬក៏​ខាត​ប្រយោជន៍​ច្រើន​ទៅវិញ​ពី​សហគមន៍​អាស៊ាន​រួម​នេះ?
 
ទាក់ទង​ទៅនឹង​សំណួរ​នេះ អ្នកវិភាគ​សង្គម​មួយចំនួន​បាន​ពន្យល់ថា ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការខាតបង់​ច្រើនជាង​ការ​ទាញ​បាន​ផលប្រយោជន៍​មកវិញ។ ខាតបង់​ច្រើន​ពីព្រោះ​ប្រទេស​ក្រីក្រ​កម្ពុជា​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផលិត។ ប្រទេស​កម្ពុជា​ផលិត​បាន​តិច​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ការប្រើប្រាស់​របស់ខ្លួន។ ដូច្នេះ​និ្ន​នា​ការ​ថ្មី​អាច​រុញច្រាន​ទីផ្សារ​កម្ពុជា​អោយក្លាយ​ទៅជា​ទីផ្សារ​នៃ​ផលិតផល​ប្រទេស​ជា​សមាជិក​អាស៊ាន។

រីឯផលិតផលខ្មែរប្រហែលជាពិបាកឈរជើងនៅលើទីផ្សាររបស់ខ្លួនថែមទៀតហើយនេះមិនទាន់ទាំងនិយាយអំពីការនាំចេញទៅក្រៅផងអ្នកវិភាគនានានិយាយថាដោយសារតែតម្លៃថ្លៃនិងស្តង់ដារផ្សេងៗនៅមានកម្រិតផលិតផល​ខ្មែរ​ពិតជា​ពិបាក​នាំចេញ​ទៅកាន់​ទីផ្សារ​នៃ​សមាជិក​អាស៊ាន​ដទៃទៀត។

ការរក​ទីតាំង​ឈរជើង​សម្រាប់​ទំនិញ​ខ្មែរ​ពិតជា​លំបាក​ក្នុង​ចុងឆ្នាំ២០១៥នេះ។

ចំណុច​មួយទៀត​ដែលជា​ការព្រួយបារម្ភ​ខ្លាំង​ដែរនោះ គឺ​ការប្រកួតប្រជែង​រវាង​ក្រុមហ៊ុន​ខ្មែរ និង​ក្រុមហ៊ុន​បរទេស​កាន់​តែមាន​សភាព​ខ្លាំងក្លា​ជាង​មុន។ អ្នកវិភាគ​មួយចំនួន​ព្រមាន​ទុកជាមុន​ថា ក្រុមហ៊ុន​ខ្មែរ​មួយចំនួន​ដែល​រកស៊ី​ជា​លក្ខណៈ​គ្រួសារ គ្មាន​គោលការណ៍​ច្បាស់លាស់ អាច​ប្រឈម​នឹង​ការ​ដួល​បះជើង​ជាក់​ជាពុំខាន ពីព្រោះ​ក្រុមហ៊ុន​បរទេស​ដែលមាន​បទដ្ឋាន​អន្តរជាតិ​នឹង​ចូលមក​ទីផ្សារ​កម្ពុជា​កាន់តែច្រើន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ខ្មែរ​ដែល​ធ្លាប់ប្រើ​ប្រាស់​បុគ្គលិក​ខ្មែរ​ដោយ​អោយ​ប្រាក់ខែ​មិន​គ្រប់គ្រាន់ អាច​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម ពីព្រោះ​ក្រុមហ៊ុន​បរទេស​នឹង​ទាញយក​បុគ្គលិកល្អៗពី​ក្រុមហ៊ុន​ខ្មែរ​ដែល​គ្មាន​ស្តង់ដា។
 
ចំពោះ​បញ្ហា​លំហូរ​ធនធានមនុស្ស​វិញ។ នៅ​ចុងឆ្នាំ២០១៥នេះ ប្រជាជន​ក្នុង​សមាគម​អាស៊ាន​ទាំងមូល​ជាគោលការណ៍​នឹង​អាចធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​រវាង​ប្រទេស​និង​ប្រទេស។ ពេលនោះ លំហូរ​ពលកម្ម​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​នឹង​អាចធ្វើ​ឡើង​ដោយ​សេរី។ ចំណុច​នេះ​គឺជា​ក្តីកង្វល់​មួយទៀត​សម្រាប់​កម្លាំង​ពលកម្ម​ខ្មែរ។
 
អ្នកវិភាគ​ជាច្រើន​បាន​និយាយថា កម្លាំង​ពលកម្ម​ខ្មែរ​ពិតជា​មិនអាច​ប្រកួតប្រជែង​ជាមួយ​កម្លាំង​ពលកម្ម​នៃ​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី ប្រទេស​ឥណ្ឌូនេស៊ី វៀតណាម​ឬ​ប្រ៊ុយណេ​បានទេ។ ពីព្រោះ​អ្នកជំនាញ​នៃ​ប្រទេស​ទាំងនោះ មានចំណេះដឹង​ជំនាញ​ខ្ពស់ជាង​ធនធានមនុស្ស​ខ្មែរ។ អ៊ីចឹង នៅពេល​អាស៊ាន​មាន​សហគមន៍​រួម ពេលនោះ អ្នកជំនាញ​បរទេស​ទាំងនោះ​នឹងមាន​ឳ​កាស​កាន់តែច្រើន មានន័យថា ពួកគេ​អាចមក​ដណ្ដើម​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត។ រីឯ អ្នកជំនាញ​ខ្មែរ​ភាគច្រើន​ប្រហែលជា​ពិបាក​នឹង​ទៅ​ដណ្តើម​ការងារ​នៅក្នុង​ប្រទេស​គេ​ណាស់ បើទោះជា​មាន​អ្នកជំនាញ​ខ្មែរ​មួយចំនួន«តូច​បំផុត»អាច​ឈោង​ទៅ​ចាប់​ការងារ​នៅក្រៅ​ប្រទេស​បាន​ក៏ដោយ​ក្តី។ ចំណេះដឹង​ជំនាញ​របស់​ខ្មែរ​នៅមានកម្រិត​ជា​រឿង​ម្យ៉ាង ប៉ុន្តែ​រឿង​ម្យ៉ាងទៀត គឺ​ដោយសារ​តម្លៃ​សញ្ញាបត្រ​ខ្មែរ​នៅ​មិនទាន់​ត្រូវបានគេទទួលស្គាល់​ពិតប្រាកដ​នៅឡើយ​ទេ។

ក្នុង​រយៈពេល​ខ្លី ប្រទេស​កម្ពុជា​ពិតជា​បាត់បង់​ប្រយោជន៍​ច្រើន​ពី​ការបង្កើត​សហគមន៍​រួម​នេះ ប៉ុន្តែ​អ្នកវិភាគ​នានា​អត្ថាធិប្បាយ​ថា ក្នុង​រយៈពេល​វែង ប្រទេស​ក្រីក្រ​កម្ពុជា​ពិតជា​នឹង​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្លះ។ ផល​ត្រឡប់មកវិញ​នោះ​គឺ​កើតឡើង​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​ការប្រកួតប្រជែង​ជាស​កល។
 
ការប្រកួតប្រជែង​កាន់តែខ្លាំង​នឹង​ជំរុញ​អោយ​ប្រទេស​ទន់ខ្សោយ​កម្ពុជា​កាន់តែ​មាន​ទឹកចិត្ត​រត់តាម​គេ។ ម្យ៉ាងទៀត កម្ពុជា​នឹង​ទទួលបាន​បទពិសោធន៍​ពី​លំហូរ​ធនធានមនុស្ស​ពី​ប្រទេស​ដទៃ​ក្នុង​អាស៊ាន។លើសពីនេះទៅទៀត ចំណុច​មួយទៀត​ដែល​កម្ពុជា​អាច​ទទួលបាន​ផលប្រយោជន៍​ដែរនោះ គឺ​ឳ​កាស​បង្កើត​ការងារ​មាន​កាន់តែ​ច្រើនជាង​មុន​តាមរយៈ​វត្តមាន​ក្រុមហ៊ុន​បរទេស។ វត្តមាន​នេះ​ជំរុញ​អោយកម្លាំង​ពលកម្ម​ខ្មែរ​អាចនឹងទទួល​បាន​ប្រាក់ខែ​ខ្ពស់ជាង​មុន។

សរុបសេចក្តី​មកវិញ សហគមន៍​អាស៊ាន​រួម​ឆ្នាំ២០១៥ នឹង​រុញច្រាន​កម្ពុជា​អោយ​ប្រឈម​ខ្លាំង​ជាង​ឱកាស ប្រសិនបើ​ប្រទេស​ក្រីក្រ​មួយ​នេះ មិន​ត្រៀមខ្លួន​អោយ​គ្រប់លក្ខណៈ​ក្នុងការ​ប្រកួតប្រជែង​នោះទេ៕




© រក្សាសិទ្ធិដោយ thmeythmey.com