ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
នៅក្នុង​ប្រទេស​រំដួល «អស់អំណាច»ទើប​គេ​តាំងខ្លួន​ធ្វើជា​មនុស្ស​ល្អ!
02, Jan 2015 , 7:50 am        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ជាធម្មតា មានតែ​អ្នក​ស្អាតស្អំ ឬ​អ្នក​ស្មោះត្រង់​ទេ​ដែល​ត្រូវ​ដំឡើង​បំពង់ក​ស្រែក​រិះគន់​អ្នក​ពុករលួយ។ ប៉ុន្តែ​នៅក្នុង​ប្រទេស​រំដួល គេ​តែងតែ​សង្កេតឃើញ​អ្នក​ពុករលួយ រិះគន់​អ្នក​ពុករលួយ​គ្នាឯង។ តើ​អ្នក​ពុករលួយ រិះគន់​អ្នក​ពុករលួយ​គ្នាឯង​យ៉ាង​ដូ​ម្តេចទៅ?



នៅក្នុង​ប្រទេស​រំដួល បុគ្គល​ដែល​កំពុង​រកលុយ​បាន​ដោយ​អំពើ​មិន​ស្របច្បាប់ តាមរយៈ​មធ្យោបាយផ្សេងៗ ដូចជា ការរំលោភ​តួនាទី-អំណាច របស់ខ្លួន​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង ឬ​តាមរយៈ​ការ​កិបកេង​ប្រាក់ចំណូល​រដ្ឋ​នានា ពួកគេ​សម្ងំស្ងៀម​មិន​មាត់​អ្វី​ទាំងអស់(ពេល​កំពុង​រកបាន ឬ​ពេល​កំពុង​ត្រូវប៉ាន់)។ ប៉ុន្តែ​នៅពេលដែល​ពួកគេ​អស់​តួនាទី រកប្រាក់​កម្រៃ​មិន​ត្រឹមត្រូវ​លែង​បាន ពួកគេ​ចាប់​ផ្តើមនិយាយ​រិះគន់​អ្នកដទៃ​ថា៖«ពុករលួយ​យ៉ាងហ្នឹង ប្រទេសជាតិ​រលាយ​អស់ហើយ។ ពុករលួយ​យ៉ាងហ្នឹង គ្មាន​នរណា​ហ៊ាន​មករក​ស៊ី​នៅក្នុង​ប្រទេស​រំដួល​ទេ។ ពុករលួយ​យ៉ាងហ្នឹង អនាគត​កូនចៅ​ជំនាន់​ក្រោយ​ក្រលំបាក​ហើយ»។

នេះហើយ​ជា​ទ្រឹស្តី​អ្នក​ពុករលួយ រិះគន់​អ្នក​ពុករលួយ​នៅក្នុង​ប្រទេស​រំដួល។ និយាយ​បែប​ម្យ៉ាងទៀត គឺថា នៅក្នុង​ប្រទេស​រំដួល បុគ្គល​មួយចំនួន ចាប់ផ្តើម​ធ្វើ​ល្អ ឬ​និយាយ​ល្អ ហើយ​រិះគន់​អ្នកធ្វើ​អាក្រក់ លុះត្រាតែ​ខ្លួនឯង​អស់បុណ្យ អស់​ស័ក្តិ រកប្រាក់​លែង​បាន​ទើប​ធ្វើជា​មនុស្ស​ល្អ​ឡើងវិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com