ឆ្នាំ២០១៤៖ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន២,៩១៤ករណី
ជាតិ
សង្គមជាតិ
ឆ្នាំ២០១៤៖ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន២,៩១៤ករណី
02, Jan 2015 , 10:37 am        
រូបភាព
នៅក្នុង​ឆ្នាំ២០១៤ បទល្មើស​ព្រហ្មទណ្ឌ​បាន​កើតឡើង​ចំនួន២,៩១៤លើក កើនឡើង៩៨លើក ស្មើនឹង៣,៦ភាគរយ បើ​ធៀប​ទៅនឹង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បាន​កើតឡើង​ចំនួន២,៧១៦លើក​កាលពី​ឆ្នាំ២០១។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ។



របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ក្នុងចំណោម​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បានកើត​ឡើង មាន​បទឧក្រិដ្ឋ​ចំនួន៧១៦លើក ថយចុះ៧៤លើក​ស្មើ៩ភាគរយ ធៀប​នឹង​បទឧក្រិដ្ឋ​ចំនួន៧៩០លើក ដែល​កើតឡើង នៅ​ឆ្នាំ២០១៣ ។ រីឯ​បទ​ម​ជ្ឈឹ​ម​កើតឡើង​ចំនួន២,០៩៨លើក កើន១៧២លើក ស្មើនឹង៨,៩៣ភាគរយ ខណៈ​កាលពី​ឆ្នាំ២០១៣ បទល្មើស​ប​ជ្ឈឹ​ម​កើតឡើង​ចំនួន១,៩២៦លើក។

ដោយឡែក កងកម្លាំង​នគរបាលជាតិ បង្ក្រាប​បទល្មើស​បាន​ចំនួន ២,១០៨ករណី ឃាត់ខ្លួន​បាន​ចំនួន៣,០៧៦នាក់ ក្នុងនោះ ៦៧៤នាក់​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋ​ចំនួន៤៦៤ករណី និង២,៤០២នាក់​ជាប់​ពីបទ​ម​ជ្ឈឹ​ម ១,៦៤៤ករណី។

ចំណែក​ការបង្ក្រាប​ជាក់ស្តែង​ចំនួន១,៩៤៧ករណី ស្មើ៩២,៣៥ភាគរយ ឃាត់ខ្លួន​បាន​ចំនួន ២,៧៧៥នាក់ និង​បង្ក្រាប​តាម​ដីកា​ចំនួន៤៧៦ករណី ឃាត់ខ្លួន​បាន​ចំនួន៤៧៤នាក់ ក្នុងនោះ១៣១នាក់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ១៣១ករណី និង៣៤៣នាក់​ម​ជ្ឈឹ​ម៣៤៥ករណី។ សូមបញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប មាន​ជនល្មើស​ត្រូវបាន​កងក​ម្លាំ​ង​នគរបាលជាតិ​បាញ់​ស្លាប់​ចំនួន ៣នាក់។

ប្រភព​ដដែល​បន្តថា វត្ថុតាង​ដែល​បាន​ដកហូត​រួមមាន អាវុធ​វែង៤៣ដើម ខ្លី៣៧ដើម គ្រាប់បែក៩គ្រាប់ ម៉ូតូ៥៥២គ្រឿង រថយន្ត៣៨គ្រឿង មាសប្រាក់ ឧបករណ៍ សម្ភារ និង​ភស្តុតាង​មួយចំនួនទៀត៕





© រក្សាសិទ្ធិដោយ thmeythmey.com