ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ជាង១០ម៉ឺន​នាក់
02, Jan 2015 , 2:09 pm        
រូបភាព
សៀមរាប៖ រយៈពេល៣ថ្ងៃ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ថ្ងៃទី២៩ ដល់​ថ្ងៃទី៣១ មាន​ភ្ញៀវទេសចរ​ចំនួន​ជាង១០ម៉ឺន​នាក់ ដែល​គេ​ដឹងថា បានមក​ដើរ​កម្សាន្ត​ក្នុង​ខេត្តសៀមរាប។ ប្រភពពី​មន្ទីរ​ទេសច​រណ៍​បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​មានការ​កើនឡើង​ជាង១៥% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំទៅ។



ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​និយាយថា អំឡុងពេល​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ដែល​លោក​គិត​ត្រឹម​រយៈពេល៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ មាន​ភ្ញៀវទេសចរ​ចំនួន ១០០,៤០០ នាក់ ដែល​បានមក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប។ លោក ង៉ូ​វ សេង​កាក់ បាន​បញ្ជាក់ថា ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង១០ម៉ឺន​នាក់​នេះ មាន​ភ្ញៀវទេសចរ​ជាតិ​ជាង៧ម៉ឹ​ន​នាក់ និង​អន្តរជាតិ ជិត៣ម៉ឺន​នាក់ ហើយ​ចំនួន​ភ្ញៀវ​ឆ្នាំនេះ កើនឡើង១៥,២០% បើ​ធៀប​នឹង​ឆ្នាំ​នៅ​មិញ។

នៅតាម​វិថីសំខាន់ៗជាច្រើន ជាពិសេស​យប់​ថ្ងៃទី៣១ ធ្នូ ខេត្តសៀមរាប មានការ​កកស្ទះ​ដោយ​រថយន្ត​ចម្រុះ និង​សម្បូរ​មនុស្សប្លែកៗមកពី​ទីជិត​ទី​ឆ្ងាយ។ ទោះជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​ត្រូវបាន​ដាក់ពង្រាយ នៅតាម​ចំណុចសំខាន់ៗជាច្រើន ដើម្បី​សម្រួល និង​បញ្ជៀ​ស​ការកកស្ទះ។ តំបន់​ដែលមាន​ភ្ញៀវ​ដើរ​ច្រើនជាងគេ គឺ​តំបន់​ផ្លូវ​ផាប់​ស្ទ្រី​ត ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ជាច្រើន រអ៊ូ​ពី​ការ​គ្មាន​កន្លែង​អ​ង្អុ​យ។

ទាក់ទង​នឹង​សន្តិសុខ​សណ្តាប់ធ្នាប់​វិញ មានការ​ការពារ​យ៉ាង​យកចិត្តទុកដាក់ និង​ពុំមាន​បង្កបញ្ហា​អ្វី​នោះដែរ។ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ដោយសារ​ការខិតខំ​ប្រឹង​ប្រែង រៀបចំ​តុបតែង​លម្អ​នៅ​ទីសាធារណៈផ្សេងៗ ទើប​ធ្វើ​ភ្ញៀវទេសចរ​ជាច្រើន​ចាប់អារម្មណ៍ និង​បានមក​កម្សាន្ត យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ឆ្នាំនេះ។


គួររំលឹកថា អំឡុង​បុណ្យ​ឆ្លង​សកល ឆ្នាំ២០១៣-២០១៤កន្លងទៅ យោងតាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​ជិត៩ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ មាន​ចំនួន​ជាង២ម៉ឺន​នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com