ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថានសម្រេចបានសមិទ្ធិផលចម្បងចំនួន៥ក្នុងឆ្នាំ២០១៤
×
សមិទ្ធិផលសំខានៗចំនួន៥ ត្រូវបានក្រសួងបរិស្ថានសម្រេចបាននៅក្នុងឆ្នាំ២០១៤កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយនៅក្នុងហ្វេកប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។
ប្រភពដដែលបានសរសេរថា សមិទ្ធិផលទាំង០៥ដែលក្រសួងសម្រេចបាននោះរួមមាន៖
១. ការធ្វើទំនើបកម្មស្ថាប័នតាមរយៈការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនិងដឹកនាំ ការកែលម្អក្របខ័ណ្ឌគតិយុត្ត ការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួង និងការកសាងនិងពង្រឹងសមត្ថភាពមន្ត្រីរាជការ ព្រមទាំងការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការ។
២. ពង្រឹងកិច្ចគាំពារបរិស្ថាន ជាពិសេសការត្រួតពិនិត្យការបំពុលបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងនិងរាវ។
៣. ការអភិរក្សជីវៈចម្រុះ តាមរយៈការពង្រឹងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ តាមរយៈតម្លើងប្រាក់ខែជូនមន្ត្រីឧទ្យានុរក្ស ក៏ដូចជាការពង្រឹងសមត្ថភាពល្បាតរបស់មន្ត្រីឧទ្យានុរក្ស។
៤. ការរស់នៅដោយចីរភាព តាមរយៈការគិតគូរអំពីតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស។
៥-ការពង្រឹងការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ច តាមរយៈការត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយបានសម្រេចដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន១៧ កែសម្រួលផ្ទៃដីរបស់ក្រុមហ៊ុនចំនួន២ ហើយមានក្រុមហ៊ុនចំនួន៣ បានស្ម័គ្រចិត្តប្រគល់ដីសម្បទានត្រឡប់មករាជរដ្ឋាភិបាលកម្ពុជាវិញ។ រាជរដ្ឋាភិបាលកំពុងបន្តត្រួតពិនិត្យ និងវាយតម្លៃក្រុមហ៊ុនដែលនៅសេសសល់ ដើម្បីមានវិធនាការជាក់ស្តែង។
ជាមួយគ្នានេះដែរ ដើម្បីធានាចីរភាពបរិស្ថាននៅកម្ពុជា ក្រសួងបរិស្ថានបានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មាន និងអប់រំអំពីបរិស្ថានតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីបរិស្ថានជូនដល់សាធារណៈជន។ ក្រសួងបរិស្ថានបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងភាព ជាដៃគូជាមួយដៃគូអភិវឌ្ឍន៍នានា ព្រមទាំងសង្គមស៊ីវិលនានាដែលធ្វើការងារលើបញ្ហាបរិស្ថាន៕
© រក្សាសិទ្ធិដោយ thmeythmey.com