ជាតិ
សង្គមជាតិ
«យុវជន​ឆ្នើម​១១A+១» ស្ថិតក្នុង​ចំណោម​សៀវភៅដែល​គេ​និយម​អាន​ក្នុង​ឆ្នាំ២០១៤
03, Jan 2015 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
សៀវភៅ «យុវជន​ឆ្នើម​១១A+១ ២០១៤» (Top Twelve 2014) ដែល​រៀបរាប់​ពី​ជីវប្រវត្តិ​ជោគជ័យ​របស់​សិស្ស​ឆ្នើម​និទ្ទេស A ពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) រួមទាំង​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស Asian Games ស្ថិតក្នុង​ចំណោម​សៀវភៅ​ជា​ភាសា​ខ្មែរ១០ក្បាល​ដែល​គេ​និយម​អាន​ជាងគេ​ក្នុង​ឆ្នាំ២០១៤ ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទស្សនា​វ​ដ្តី Lift នៃ​កាសែត​ភ្នំពេញ ប៉ុស្តិ៍។



អ្នកយកព័ត៌មាន​រប​ស់ទស្ស​នាវ​ដ្តី Lift កញ្ញា ម៉ែន សុនី​តា បាន​ដកស្រង់​ទិន្នន័យ​មកពី​បណ្ណាគារល្បីៗប្រចាំរាជធានី​ភ្នំពេញ រួមមាន​បណ្ណាគារ​អន្តរជាតិ បណ្ណាគារ​សន្តិភាព បណ្ណាគារ​អង្គរធំ និង​បណ្ណាគារ​ប្រជាប្រិយ។ លទ្ធផល បានបង្ហាញ​ឲ្យ​ឃើញថា សៀវភៅ «យុវជន​ឆ្នើម​១១A+១ ២០១៤» (Top Twelve 2014) ដែល​ចងក្រង​ដោយ​ក្រុម​អ្នក​ការងារ​និពន្ធ​របស់​សារព័ត៌មានថ្មីៗ ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​ពីរ បន្ទាប់ពី​សៀវភៅ «នាយករដ្ឋមន្ត្រី​ខ្មែរ៣៦រូប ជា​នរណា» របស់​អ្នកកាសែត​ជើងចាស់ លោក ឆាយ សុផល។

យោងតាម​ទស្សនា​វ​ដ្តី Lift ដដែល សៀវភៅ «ចម្បាំង​ត្រជាក់​រវាង​អាមេរិក និង​ចិន» និង «មហា​យក្ស​ចិន» ដែលជា​ស្នាដៃ​បែប​វិភាគ​ប្រវត្តិសាស្ត្រ របស់លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ​តាន់ ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៣ និង​លេខ៥ ខណៈ សៀវភៅ «មាស​ស្រោប​នគរ» ស្តីពី​កម្រង​ប្រវត្តិ​ជីវិត​កវីនិពន្ធ​ខ្មែរ របស់លោក សេង តារា ជាប់​ចំណាត់ថ្នាក់​លេខ៤ ។

សៀវភៅ៥ក្បាល​ផ្សេងទៀត​រួមមាន «ឪពុក​អ្នកមាន​បង្រៀន​កូន» ដែល​ប្រែ​សម្រួល​ដោយ លោក សយ សែ សៀវភៅ «យើង​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត និង​បាយ័ន» ដែលជា​ស្នាដៃ​រួម​របស់លោក ស៊ុន ម៉េង​ហេង និង​ហួត សារិទ្ធ សៀវភៅ «វីរជន និង​ប្រវត្តិសាស្ត្រ​កម្ពុជា» របស់លោក សាគូ ស​ម្មុទ សៀវភៅ «សិក្សា​អត្ថបទ​អក្សរ​សិ​ល្បិ៍​ខ្មែរ» របស់ គង់ សុខ​ហេង និង​សៀវភៅ «សិល្បៈ​នយោបាយ​ដោយ​តេង ស៊ា​វ​ពីង» ដែល​ដកស្រង់ និង​រៀបរៀង​ដោយ ឌួង រតនា៕



© រក្សាសិទ្ធិដោយ thmeythmey.com