អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់​និង​ប្រកាស​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម
05, Jan 2015 , 5:18 pm        
រូបភាព
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក តូ​នី អា​បូត​បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អ៊ីរ៉ាក់​កាលពី​ម្សិលមិញ​នេះ ដោយបាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​លោកនាយ​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ផងដែរ​កាលពី​ម្សិលមិញ។ ដំណើរ​ទស្សនកិច្ច​លើកដំបូង​បំផុត​របស់​អ្នក​នាយ​រដ្ឋមន្ត្រី​អូស្ត្រាលី​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​នេះ បង្ហាញ​ពី​ការពង្រឹង​ចំណង​ការទូត​ទ្វេភាគី​ជាមួយគ្នា ហើយ​មូលហេតុ​ចម្បង​នេះ​ទស្សនកិច្ច​គឺ​ការប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​តែម្តង។ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី មេដឹកនាំ​អ៊ីរ៉ាក់​បានស្នើ​សុំ​ជំនួយ​គាំទ្រត្រង់ៗទៅកាន់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។ អូស្ត្រាលី​ដែលជា​សមាជិក​មួយ​នៃ​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម និង​ជា​ប្រទេស​ដែល​រង​ការគំរាមកំហែង​ពី​ក្រុម​ភេរវជន​ខ្លាំង​ដែរនោះ ក៏​ប្រហែលជា​ពិចារណា​បញ្ជូន​កងកម្លាំង​បន្ថែម និង​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ​បន្ថែមទៀត​ដើម្បី​តាម​ប្រមាញ់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ជុំវិញ​បញ្ហា​នេះ៖



ថ្ងៃអាទិត្យ​ម្សិលមិញ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក តូ​នី អា​បូត បាន​អញ្ជើញ​ទៅដល់​រដ្ឋធានី​បា​ដា​ដ​ដោយ​ជួបពិភាក្សា​ជាមួយ​សម​ភាគី​លោកនាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi។ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​បំផុត​ជា​ប្រវត្តិសាស្ត្រ​របស់​មេដឹកនាំ​កំពូល​អូស្ត្រាលី​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា គ្មានអ្វី​ក្រៅពី​ជំ​រុញអោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បង្កើន​សមត្ថភាព​ដើម្បី​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​កំពុង​កាន់កាប់​ទឹកដី​ធំ​ល្វឹងល្វើយ​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី​នោះ។ បើទោះជា​គេ​មិនបាន​បញ្ជាក់​ច្បាស់​ពី​ជំនួប​ទ្វេភាគី និង​ខ្លឹមសារ​លម្អិត​នៃ​កិច្ចពិភាក្សា​ក៏ដោយ ក៏​គេ​អាច​សន្និដ្ឋានបានថា អូស្ត្រាលី​ព្យាយាម​លើកកម្ពស់​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉ា​ដា​ដ ដើម្បី​ពង្រឹង​យុទ្ធនាការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ព្រោះ​អូស្ត្រាលី​នេះ​ក៏​រង​ការគំរាមកំហែង​ខ្លាំង​ផងដែរ​ដោយសារ​បញ្ហា​ភេរវកម្ម​នេះ។

បើតាម​ការ​អោយដឹងពី​មន្ត្រី​អូស្ត្រាលី ជនជាតិ​អូស្ត្រាលី​ជាច្រើន​នាក់​បាន​ចាក​ចេញពី​ប្រទេស​ដោយ​ធ្វើដំណើរ​ទៅ​មជ្ឈិមបូព៌ា​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ក្រុម​ជី​ហាត​រដ្ឋ​ឥស្លាម​ផងដែរ។ បច្ចុប្បន្ននេះ​សន្តិសុខ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​ដោយ​តម្លើង​កម្រិត​ប្រកាសអាសន្ន​ពី​កម្រិត​មធ្យម​ទៅ​កម្រិត​ខ្ពស់ ដែល​នេះ​មានន័យថា​ករណី​វាយប្រហារ​ដោយ​ក្រុម​ភេរវជន​អាច​កើតមានឡើង​គ្រប់ពេល។ ប្រសិនបើ​មិនមាន​វិធានការ​ទប់ស្កាត់​ទេ ក្រុម​ជនជាតិ​អូស្ត្រាលី​ដែល​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នោះ​អាច​នឹង​ត្រលប់មក​អូស្ត្រាលី​វិញ​ដើម្បី​បង្ក​អសន្តិសុខ និង​អស្ថិរភាព​នៅ​អូ​ស្តា​លី។  កាលពី​ខែ​មុននេះ​ដែរ គេ​ឃើញ​មាន​ចាប់​ចំណាប់ខ្មាំង​ជាច្រើន​នាក់ ដោយ​បុរស​ប្រកាន់​សាសនា​ឥស្លាម​ម្នាក់ ហើយ​ការរំដោះ​ចំណាប់ខ្មាំង​បានធ្វើអោយ​មនុស្ស៥នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ផងដែរ។ ប៉ុន្តែ​គេ​បញ្ជាក់ថា មិនមាន​សញ្ញា​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​នៅ​ពីក្រោយ​នោះឡើយ។ ប៉ុន្តែ​ការ​តាម​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ជា​បញ្ហា​ចម្បង​របស់​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​ដដែល។ 

យ៉ាងណាមិញ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​របស់​នាយករដ្ឋមន្ត្រី តូ​នី អា​បូត មិនត្រូវ​បាន​គេ​ប្រកាស​អោយដឹង​ជា​ផ្លូវការ​ពីមុន​នោះឡើយ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ហាក់បីដូចជា​ស្ងៀមស្ងាត់​និង​ក្រៅផ្លូវការ។ គេ​ទម្លាយ​ថា ក្នុងជំនួប​ពិភាក្សា​លក្ខណៈ​ទេ្វ​ភាគី​រវាង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​អូស្ត្រាលី​និង​អ៊ីរ៉ាក់ ភាគច្រើន​ផ្តោតលើ​ការពង្រឹង​ចំណង​ទំនាក់ទំនង​ផ្នែក​យោធា សន្តិសុខ រួមមាន​ទាំង​ការបំពាក់​បំប៉ន​សមត្ថ​ភាព​និង​ផ្តល់ជំនួយ​សព្វាវុធ​ដល់​កង​ម្លាំ​ង​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ​ដើម្បី​ប្រឆាំងនឹង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម។  ខណៈពេលដែល​លោក​អា​បូត​ស្ថិតក្នុង​សន្និសីទ​សារព័ត៌​មាននៅ​អ៊ីរ៉ាក់ លោក​បាន​ថ្លែង​ថ្កោលទោស​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ប្រកាស​ប្រឆាំង​ដាច់ខាត​នឹង​ក្រុម​នេះ ជាពិសេស​ប្តេជ្ញា​ចូលរួម​កម្ចាត់​ក្រុម​នេះ​អោយអស់។ លោក នាយករដ្ឋមន្ត្រី​អូស្ត្រាលី តូ​នី អា​បូត បាន​លើកឡើងថា​បញ្ហា​ភេរវជន​រដ្ឋ​ឥស្លាម​ជា​គ្រោះថ្នាក់​មិនមែន​តែ​អ៊ីរ៉ាក់ ឬ​តំបន់​មជ្ឈិមបូព៌ា​ឡើយ តែ​វា​ជា​គ្រោះមហន្តរាយ​នៃ​ពិភពលោក ហើយ​អូស្ត្រាលី​ប្តេជ្ញាចិត្ត​ប្រឆាំង​ក្រុម​ភេរ​ជននេះ ដោយ​បង្កើន​ចំណងមិត្តភាព​ជាមួយ​ក្រុង​បា​ដា​ដ​និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក តូ​នី អា​បូត កើតឡើង​ស្រប​ពេលដែល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បង្កើន​ការវាយប្រហារ​នៅ​អ៊ីរ៉ាក់ ជាពិសេស​ប្រឆាំង​ប្រជាជន​ស៊ីវិល​តែម្តង។ គ្រាន់តែ​ក្នុង​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គេ​ទទួលបាន​ព័ត៌មាន​ថា ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ប្រហារជីវិត​ជន​ស៊ីវិល​ប្រហែល ១៥នាក់​នៅក្នុង​ខេត្ត Anbar។យ៉ាងណាក៏ដោយ​គេ​រំពឹងថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​បន្ត​ផ្តល់ជំនួយ​ទាំង​ហិរញ្ញវត្ថុ​និង​សព្វាវុធ​ទៅកាន់​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ផងដែរ។ ក្នុង​កិច្ច​ពិភាក្សាគ្នា​ដែរ គេ​ឃើញ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បាន​អំពាវនាវត្រង់ៗទៅកាន់​ប្រមុខ​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា ដោយ​ស្នើ​សុំអោយ​រដ្ឋាភិបាល​នេះ​ផ្តល់​ការគាំទ្រ​ដល់​ខ្លួន និង​បញ្ជូន​ជំនួយ​បន្ថែមទៀត​ដល់​កង​ម្លាំ​ង​អ៊ីរ៉ាក់​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម។ ដោយឡែក​លោក តូ​នី អា​បូត បានប្រកាស​បន្ថែម​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ដោយ​ក្នុង​ឆ្នាំ ២០១៤ រាប់​ចាប់ពី​ខែមិថុនា ជំនួយ​មនុស្សធម៌​រប​ស់​រដ្ឋាភិបាល​អូស្ត្រាលី​កើនឡើង​ដល់​ជិត ២០លាន​ដុល្លារ​អាមេរិក។ លោក អា​បូត ប្រកាសថា​នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន ហើយ​លោក​ជឿជាក់ថា​ការបង្កើន​ទំនាក់ទំនង​យោធា​នឹង​ជួយ​អោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​អាច​យកជ័យ​ជម្នះ​លើ​ក្រុម​ភេរវជន។ 

គេ​ដឹងថា អូស្ត្រាលី​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​របស់​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ផងដែរ។ អូស្ត្រាលី​កំពុង​បន្ត​ប្រតិបត្តិការ​របស់ខ្លួន ដើម្បី​ទម្លាក់​គ្រាប់បែក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់  ហើយ​ចាប់ពី​ខែមិថុនា​ឆ្នាំ ២០១៤ក្រុង​កង់​បេ​រ៉ា បាន​បញ្ជូន​កងកម្លាំង​ពិសេស រួមទាំង​ប្រឹក្សា​សឹក​ប្រហែល ២០០នាក់ និង​យន្តហោះ​ចម្បាំង៦គ្រឿង​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​រួចរាល់​ហើយ។

ដោយឡែក​ទាក់ទិន​នឹង​កងកម្លាំង​អូស្ត្រាលី​ដែល​ចេញ​ច្បាំង​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម តាមពិតទៅ​អូស្ត្រាលី​បាន​បញ្ជូន​កងកម្លាំង​ពិសេស​របស់ខ្លួន​ចំនួន ៦០០នាក់ និង​កប៉ាល់ចម្បាំង​ជាច្រើន​គឿង​ទៅកាន់​ប្រទេស​អារ៉ាប់​រួម​រួចទៅហើយ​តាំងពី​ពាក់កណ្តាល​ខែកញ្ញា​មកម្ល៉េះ ដើម្បី​ត្រៀមលក្ខណៈ​ក្នុងការ​ចូលរួម​ជាមួយ​ជាមួយ​សហរដ្ឋ​អាម​រិ​ក។ ប៉ុន្តែ​បើទោះជា​មានការ​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយគ្នា​លើ​វិស័យ​យោធា​នេះ​ក៏ដោយ លទ្ធភាព​នៃ​ការយក​ជ័យជម្នះ​លើ​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ ហើយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​មិនទាន់​ចុះខ្សោយ​ដែរ​បើទោះជា​បណ្តា​ប្រទេស​ជាច្រើន​រាប់ទាំង​អាមេរិក និង​អូស្ត្រាលី​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​ប្រឆាំង​ក្រុម​ភេរវជន​ខាងលើ​ក៏ដោយ។ គេ​មើលឃើញថា សង្គ្រាម​ផ្លូវអាកាស​របស់​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន​នេះ មិនមាន​ប្រសិទ្ធភាព​ក្នុងការ​យកជ័យ​ជម្នះ​លើ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឡើយ ប៉ុន្តែ​សម្លាប់​ច្រ​លំ​តែ​ជន​ស៊ីវិល។ នេះ​មានន័យថា​សម្ព័ន្ធ​អន្តរជាតិ អ៊ីរ៉ាក់ អ៊ី​ស្ត្រា​លី ឬ​អាមេរិក ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន មិនមែន​បន្ត​ទម្លាក់​គ្រាប់បែក​ឡើយ៕

 


© រក្សាសិទ្ធិដោយ thmeythmey.com