អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្យុងយ៉ាង៖អាមេរិក​កំពុង​ធ្វើអោយ​ឈ្មោះ​ខ្លួន​កាន់តែ​អាក្រក់​នៅ​ឆាក​អន្តរជាតិ
05, Jan 2015 , 5:28 pm        
រូបភាព
ដោយ:
កូរ៉េខាងជើង​បាន​ប្រតិកម្ម​តប​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​ដោយ​លើកឡើងថា សកម្មភាព​នេះ​នឹង​ធ្វើអោយ​នយោបាយ​ការបរទេស​របស់​ទីក្រុង​វ៉ាស៊ីនតោន​កាន់តែ​អាក្រក់​នៅលើ​ឆាក​អន្តរជាតិ។ការឆ្លើយតប​នេះ​ធ្វើឡើង​ក្រោយ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ទណ្ឌកម្ម​ថ្មី​របស់ខ្លួន​ប្រឆាំង​ទៅនឹង​កូរ៉េខាងជើង​ជាពិសេស​នោះ​ទៅលើ​មន្ត្រីជាន់ខ្ពស់១០រូប​របស់​កូរ៉េខាងជើង​ក្រោយពី​មាន​វិវាទ​លើ​បញ្ហា​វាយប្រហារ​តាម​ប្រព​ន្ធ័​អ៊ិន​ធឺ​ណែ​ត​លើ​ក្រុមហ៊ុន​សូ​នី។



កាលពី​ថ្ងៃទី០៤ធ្នូ​កន្លងទៅនេះ​កូរ៉េខាងជើង​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​តប​ការប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​ទៅលើ​កូរ៉េខាងជើង​ថា​វា​ជា​សកម្មភាព​នៃ​ការប្រកាស​ចាត់ទុក​គ្នា​ជា​គូសត្រូវ​ហើយ​សកម្មភាព​នេះ​កំពុងតែ​ធ្វើអោយ​នយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក​កាន់តែ​អាក្រក់​នៅលើ​ឆាក​អន្តរជាតិ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​កាលពី​ថ្ងៃ០២មករា​ដើម្បី​ប្រឆាំង​កូរ៉េខាងជើង​ដោយ​ទណ្ឌកម្ម​ថ្មី​នេះ​បាន​ហាមឃាត់​ស្ថាប័ន​និង​មន្ត្រីជាន់ខ្ពស់ ១០រូប​របស់​កូរ៉េខាងជើង ភ្ជាប់​ទៅកាន់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក និង​ហាមឃាត់​ការធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ផងដែរ។

យ៉ាងណាមិញ​បើ​យោងតាម​មន្ត្រី​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​កូរ៉េខាងជើង​សកម្មភាព​ដែល​ធ្វើជា​បន្តបន្ទាប់​និង​ជា​ឯកតោភាគី​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ប្រឆាំងនឹង​កូរ៉េខាងជើង​ពាក់​ព​ន្ធ័​និង​ការ​លួច​វាយ​ប្រព​ន្ធ័​អ៊ិន​ធឺ​ណែ​ត​ក្នុង​ក្រុមហ៊ុន​សូ​នី​គឺ​កំពុងតែ​ជំរុញអោយមាន​ការប្រឈមមុខ​គ្នា​កាន់តែខ្លាំង​រវាង​ប្រទេស​ទាំងពីរ។

លើសពីនេះទៅទៀត​លោក​បាន​បញ្ជាក់ថា​សហរ​ដ្ឋ​អាមេរិក​គួរតែ​ដឹង​ច្បាស់​ពី​សកម្មភាព​ខ្លួន​គឺ​កំពុងតែ​ដើរ​បញ្ច្រាស​ទៅនឹង​គោលបំណង​របស់ខ្លួន​ពោលគឺ​ទណ្ឌ​កម្មនេះ​មិនបាន​ពង្រឹង​និង​ពង្រីក​អំណាច​របស់​សហ​រដ្ឋ​អាមេរិក​នោះទេ​តែ​វា​កំពុង​ធ្វើអោយ​នយោបាយ​របស់ខ្លួន​កាន់តែ​ទន់ខ្សោយ​និង​ជាពិសេស​នោះ​សុវត្ថិភាព​របស់​ប្រទេស​ខ្លួន​តែម្តង។

គួរបញ្ជាក់​ផងដែរ​ក្រោយពី​ក្រុមហ៊ុន​សូ​នី​បាន​ផលិត​នូវ​ភាយ​ន្ត​បែប​កំប្លែង​ទាក់ទង​ទៅនឹង​របប​ព្យុងយ៉ាង​ដែលមាន​ចំណងជើង​ថា«The Interview»ហើយ​បានរួម​បញ្ចូល​នូវ​ឈុត​ឆាក​មួយ​ដែល​តួអង្គ​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​ត្រូវបាន​សម្លាប់​បានក្លាយ​ជា​ប្រធានបទ​មួយ​ដ៏​ចម្រូងចម្រាស​និង​ក្តៅ​សម្រាប់​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង។ដោយឡែក​បើ​ក្រឡេកមើល​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​គឺជា​ទណ្ឌកម្ម​លើកដំបូង​ហើយ​ដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស​ទាក់ទង​ការវាយប្រហារ​តាម​ប្រព​ន្ធ័​អ៊ី​ន​ធឺ​ណែ​ត​ហើយក៏​ជា​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋអាមេរិក​ទៅលើ​កូរ៉េខាងជើង​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​លើ​កម្មវិធី​នុយក្លេអ៊ែរ​ដែល​បាន​អនុវត្ត​កន្លងមក៕
 



© រក្សាសិទ្ធិដោយ thmeythmey.com