ជាតិ
សង្គមជាតិ
ក្រសួង​ស្នើ​អាជ្ញាធរ​ភ្នំពេញ កណ្តាល និង​ព្រៃវែង​ឲ្យ​កំណត់​តំបន់ហាមឃាត់​អាជីវកម្ម​បូម​ខ្សាច់
05, Jan 2015 , 8:15 pm        
រូបភាព
ក្រសួង​រ៉ែ និង​ថាមពល បានធ្វើ​លិខិត​ដាច់ដោយឡែក​មួយ ទៅកាន់​អភិបាល​រាជធានី-ខេត្ត​ចំនួន៣ រួមមាន​ភ្នំពេញ កណ្តាល និង​ព្រៃវែង អំពី​ការកំណត់​តំបន់ហាមឃាត់ ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​អនាធិបតេយ្យ តាម​ដង​ទន្លេមេគង្គ​លើ មេគង្គ​ក្រោម និង​ទន្លេបាសាក់។ ការកំណត់​តំបន់ហាមឃាត់​នេះ​មាន​តាំងពី​ឆ្នាំ២០១១មកម្ល៉េះ​ដោយ​អតីត​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល។នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ ក្រសួង​រ៉ែ និង​ថាមពល។



បើតាម​សេចក្តីជូនដំណឹង​ដដែល រាល់​សកម្មភាព​បូម​ខ្សាច់​ទាំងឡាយណា​ដែល​កើតឡើង​ក្នុង​តំបន់​ទាំង៣ខាងលើនេះ​គឺជា​សកម្មភាព​អានាធិបតេយ្យ​ល្មើ​សនឹង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ដែល​ត្រូវ​ទទួលទោស​បញ្ញា​តិ​ស្របតាម​មាត្រា៣៥នៃ​ច្បាប់​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី២៥ខែធ្នូ​ឆ្នាំ២០១៤កន្លងទៅ លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក លឹម គានហោ បាន​មានប្រសាសន៍​ទៅកាន់​ក្រុមអ្នកកាសែត​ថា ឈ្មួញ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់​នៅពេលនេះ​គ្មាន​អាជ្ញាប័ណ្ណ​នៅឡើយ​ទេ។ ដោយសារ​បញ្ហា​គ្មាន​អាជ្ញាប័ណ្ណ​នេះ ក្រុមការងារ​របស់រ​ដ្ឋា​ភិ​បាល​បាន​បង្ក្រាប និង​រឹបអូស​សម្ភារ​បទល្មើស​បាន​ជិត១០០គ្រឿង​ហើយ។

លោក​បាន​បញ្ជាក់ទៀតថា អ្នកធ្វើអាជីវកម្ម​កាល​ពី​ពេលមុន​អាចមាន​អាជ្ញាប័ណ្ណ តែ​ឈ្មួញ​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​សព្វថ្ងៃ​គ្មាន​អាជ្ញាប័ណ្ណ​ទេ​ក្រោយ​ការបង្កើត​គណៈកម្មាធិកា​រ​គ្រប់គ្រង​ធនធាន​ខ្សាច់​កម្ពុជា​ក្នុង​អាណត្តិ​ថ្មី​នេះ​ដែលមាន​រូបលោក​ជា​ប្រធាន​ដដែល៕







© រក្សាសិទ្ធិដោយ thmeythmey.com