អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​និង​អាឡឺម៉ង់​ស្នើអោយ​បញ្ចប់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន
06, Jan 2015 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
មេដឹកនាំ​បារាំង​បានប្រកាស​ដ​ង្ហើ​យ​ហៅ​ប្រទេស​លោកខាងលិច​ផ្សេងទៀត​អោយ​បញ្ចប់​ការដាក់ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ដោយ​លោក​អះអាង​ថាបើ​រុស្ស៊ី​មាន​វិបត្តិ​ធ្ងន់ធ្ងរ អឺរ៉ុប​ក៏​ចៀស​មិន​ផុត​ដែរ។ ប្រធានាធិបតីបារាំង​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានស្នើ​អោយ​ប្រទេស​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ពិចារណា​ដក​ទណ្ឌកម្ម​ចេញ​បើ​ការចរចា​នៅ​អ៊ុយ​ក្រែ​ន​មានដំណើរ​ការល្អ ហើយ​លោក​សន្យាថា​នឹងចូលរួម​ក្នុង​កិច្ចពិភាក្សា​សន្តិភាព​ថ្មី​នៅ​ថ្ងៃ ១៥មករា​នៅ​កា​ហ្សា​ក់​ស្ថាន​ជាមួយ​មេដឹកនាំ​រុស្ស៊ី អាឡឺម៉ង់ និង​អ៊ុយ​ក្រែ​ន​ស្តីពី​វិបត្តិ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ផងដែរ។ ក្រៅពី​បារាំង អាឡឺម៉ង់​ដែលជា​រដ្ឋ​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​សហភាព​អឺរ៉ុប​ក៏​ធ្លាប់​លើកឡើង​ពី​ផល​អវិជ្ជមាន​ការបន្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដែរ ប៉ុន្តែ​ការឈាន​ទៅ​បញ្ចប់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដូចជា​មិនមែន​ការសម្រេច​របស់​សហភាព​អឺរ៉ុប​ម្នាក់ឯង​ឡើយ វា​ចាំបាច់​ត្រូវការ​ចូលរួម​របស់​ក្រុង​វ៉ាស៊ីនតោន។  



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ជុំវិញ​បញ្ហា​នេះ៖


រយៈពេល​ជិត​មួយឆ្នាំ​ហើយ ចាប់តាំងពី​វិបត្តិ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កើតឡើង​និង​ក្រោយពេល​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន ប៉ុន្តែ​វិបត្តិ​នៅក្នុង​រដ្ឋ​អតីត​រដ្ឋ​សហភាពសូវៀត​នេះ​នៅតែ​មិនទាន់​ឈានដល់​ទីបញ្ចប់​នៅឡើយ​ទេ។ ក្រោយ​វិបត្តិ​កើតឡើង​ទណ្ឌកម្ម​ជាច្រើន​ជំហាន​របស់លោក​ខាងលិច​មាន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ត្រូវបាន​ដាក់ចេញ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ដោយ​លោកខាងលិច​រំពឹងថា​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ពិត​ធ្វើអោយ​រុស្ស៊ី​ធ្លាក់​ចូលក្នុង​វិបត្តិ​នយោបាយ​និង​អន្តរាយ​សេដ្ឋកិច្ច​មិន​ខាន។ យ៉ាងណាក៏ដោយ ទណ្ឌកម្ម​ហាក់​មាន​ឥទ្ធិពល​អវិជ្ជមាន​ខ្លះ​ដែរ​លើ​សេដ្ឋកិច្ច​រុស្ស៊ី ដ្បិដ​លោកខាងលិច​ដាក់ទណ្ឌកម្ម​ប្រឆាំង​បុគ្គល ស្ថាប័ន​និង​ក្រុមហ៊ុន​ដែល​ដើរតួនាទី​សំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច​រុស្ស៊ី​តែប៉ុណ្ណោះ។ អ៊ីចឹង​ហើយ​ទើប​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​រុស្ស៊ី​ត្រូវបាន​គេ​មើលឃើញថា​បន្ត​ធ្លាក់ចុះ រូបី​យ​វត្ថុ​រុស្ស៊ី​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​ដើម្បី​ប្រឆាំង​ប្រាក់​ដុល្លារ​អាមេរិក ហើយ​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​ក៏​បន្ត​ដាំ​ក្បាល​ចុះ​ទៀត។ អ្នកវិភាគ​សេដ្ឋកិច្ច​អះអាងថា សេដ្ឋកិច្ច​រុស្ស៊ី​ជិត​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​ទណ្ឌកម្ម​លោកខាងលិច​មិនត្រូវ​បាន​ដកចេញ​នៅពេលឆាប់ៗខាងមុខ​ទេនោះ។ បើ​រុស្ស៊ី​រងគ្រោះ​ដោយ​វិបត្តិ អ្នករងគ្រោះ​បន្ទាប់​អាចជា​សហភាព​អឺរ៉ុប ព្រោះ​វិបត្តិ​រុស្ស៊ី​នឹង​ជះឥទ្ធិពល​ខ្លាំង​លើ​ប្រទេសជិតខាង​ដែលមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី។

ដោយសារ​មើលឃើញ​សញ្ញា​អវិជ្ជមាន​នៃ​ទណ្ឌកម្ម​លោកខាងលិច​ប្រឆាំង​រុស្ស៊ី​របស់លោក​ខាងលិច ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​បាន​អំពាវនាវ​អោយមាន​ការដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​កាលពីថ្មីៗ ខណៈពេលដែល​លោក​ផ្តល់​សម្ភាសន៍​ដល់​ទូរទស្សន៍​បរទេសមួយ។ លោក ហូ​ឡង់ លើកឡើងថា បើសិន​ជាមាន​សញ្ញា​វិជ្ជមាន​និង​ការវិវត្តន៍​ទៅមុខ​នៃ​ការពិភាក្សា​រក​សន្តិភាព​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ត្រូវតែ​បញ្ចប់។ បើតាម​ការលើកឡើងរ​បស់​ប្រធានាធិបតី​បារាំង លោក​ទទួលស្គាល់ថា​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្រេ​ម​ឡាំង ពិតជា​គ្រោះថ្នាក់​សម្រាប់​សហភាព​អឺរ៉ុប ព្រោះ​បើ​រុស្ស៊ី​ជួប​វិបត្តិ អឺរ៉ុប​ក៏​គេច​មិន​ផុត​ដូចគ្នា ហើយ​សំខាន់បំផុត​នោះ​វា​មិន​ជួយ​អ្វី​ដល់​ការដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ដែរ។

មិនមែន​តែ​លោក ហូ​ឡង់ ទេ​ដែល​យល់ថា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​កំពុង​ធ្វើអោយ​សហភាព​អឺរ៉ុប​ប្រឈម​គ្រោះថ្នាក់ សូម្បីតែ​អាឡឺម៉ង់​ដែលជា​ប្រទេស​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​ក្នុង​សហភាព​អឺរ៉ុប​ក៏​ទទួលស្គាល់​ដូច្នេះ​ដែរ។ កាលពី​សប្តាហ៍​មុន​អធិការបតី​រង​អាល្លឺម៉ង់​លោក​Sigmar Gabriel ដែល​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច បាន​ព្រមាន​ថា ការបន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី​អោយ​ជួប​វិបត្តិ មិន​ខុសពី​រុញ​សហភាព​អឺរ៉ុប​ទៅ​ជួប​គ្រោះថ្នាក់​នោះឡើយ។ លោក​សង្កត់ធ្ងន់ថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន និង​សហរដ្ឋអាមេរិក​កំពុង​ធ្វើអោយ​រុស្ស៊ី​ប្រឈម​អស្ថិរភាព​សេដ្ឋកិច្ច​និង​នយោបាយ ប៉ុន្តែ​ចាំ​ថា​វា​មិនមែនជា​ផលប្រយោជន៍​របស់​សហ​ភាព​អឺរ៉ុប​ឡើយ​ដែល​ត្រូវ​ធ្វើបែបនេះ។ ជំហរ​សភាព​អឺរ៉ុប​គឺ​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​មិនមែន​ផ្ចាញ់​រុស្ស៊ី​អោយ​ចុះ​ញ៉ម​ឡើយ តែបើ​បង្ខំ​រុស្ស៊ី​ខ្លាំង កុំ​រំពឹងថា​រុស្ស៊ី​នឹង​ត្រលប់​ចូល​តុ​ចរចា​អោយសោះ។  

យ៉ាងណាក៏ដោយ​បើ​គិត​អោយ​ដិតដល់​ទៅ​ទៅ​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ចង់អោយមាន​ការបញ្ចប់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នេះ ប្រហែល​ជាមាន​ហេតុផល​នៅ​ពីក្រោយ។ ជា​ការពិត​បញ្ហាសំខាន់​នោះ​គឺ​ការព្យួរ​កិច្ចសន្យា​ទិញ​លក់​នាវាចម្បាំង​ដឹក​យន្តហោះ  Mistral ដែល​បារាំង​សន្យាថា​នឹង​បញ្ចូនទៅ​រុស្ស៊ី។ ដោយ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​បារាំង​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការបញ្ជូន​នាវា​ទៅអោយ​រុស្ស៊ី ខណៈ​ប្រទេស​នេះ​ប្រឈមមុខ​ការខាតបង់​លុយ​រាប់ពាន់​លាន​ដុល្លារ ដែល​ត្រូវ​សង​រុស្ស៊ី ដោយ​មិនអាច​បំពេញ​កាតព្វកិច្ច​តាម​កិច្ចសន្យា។ ប៉ុន្តែ​ដោយ​រង​សម្ពាធ​ខ្លាំង​ពី​សម្ព័ន្ធមិត្ត​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បារាំង​ត្រូវ​បង្ខំចិត្ត​ធ្វើ​ទាំង​ដែល​ដឹងថា​សេដ្ឋកិច្ច​ខ្លួន​ប្រឈម​វិបត្តិ​ក៏ដោយ។  បើ​បញ្ចប់​ទណ្ឌកម្ម​និង​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​ជោគជ័យ​បារាំង​អាច​នឹង​រួច​ផុតពី​កា​រត​ព្វ​កិច្ច​សងជំងឺចិត្ត​រុស្ស៊ី​វាល់​លាន​ដុល្លារ​ដែរ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ បារាំង​បញ្ជាក់ថា ការ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី មិនមែន​ឥត​លក្ខខណ្ឌ​ឡើយ។ វា​អាច​ដកចេញ​ទៅបាន​ប្រសិនបើ​សញ្ញា​វិជ្ជមាន​នៃ​ការចរចា​រក​សន្តិភាព​កើតឡើង។ ទាក់ទង​នឹង​ការខិតខំ​របស់​រុស្ស៊ី ជានិច្ច​ជា​កាល​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov ធ្លាប់​អះអាងថា រុស្ស៊ី​ដើរតួនាទី​សំខាន់​ក្នុងការ​ជំរុញអោយមាន​ការចរចា​សន្តិភាព ជាក់ស្តែង កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង Mink ប្រទេស​បេឡា​រ៉ុ​ស​តែម្តង។ នៅពេលនេះ បារាំង​រង់ចាំ​មើល​កិច្ចចរចា​ជាថ្មីទៀត​នៅ​ក្រុង  Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន​នៅ​ថ្ងៃ ១៥ខាងមុខនេះ។ កិច្ចពិភាក្សា​សន្តិភាព​ផ្តោតលើ​បញ្ហា​អ៊ុយ​ក្រែ​ន នឹង​រៀបចំឡើង​ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Poroshenko អធិការបតី​អាឡឺម៉ង់ អេ​ន​ជេ​ឡា មឺ​ហ្កេ​ល ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​ផងដែរ។ ប៉ុ ក្តី​រំពឹង​ថ្មី​សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុង​ការបញ្ចប់​វិបត្តិ និង​ការសង្ឃឹម​របស់​រុស្ស៊ី ដោយមាន​ការដក​ទណ្ឌ​កម្ម​ចេញ​នោះ​ពិតជា​ផ្អែកលើ​កិច្ចចរចា​សន្តិភាព​ខាងមុខនេះ។  

 បើទោះជា​យ៉ាងនេះ​ក្តី ការចរចា​ខាងមុខ​អាច​សម្រេច ឬ​បរាជ័យ​អាច​អាស្រ័យ​លើ​អ៊ុយ​ក្រែ​ន​ខ្លួនឯង និង​ណា​តូ​ផងដែរ។ លោក ពូ​ទីន​ធ្លាប ប្រា​ប់លោក ហូ​ឡង់ ថា​រុស្ស៊ី​គ្មាន​គម្រោង​ក្រសោប​យក​ទឹកដី​ភាគ​ខាងកើត​មាន Donetsk និង Luhansk ឡើយ​ប៉ុន្តែ​រុស្ស៊ី​មិន​ចង់​បាត់បង់​ឥទ្ធិពល​របស់ខ្លួន​តែប៉ុណ្ណោះ។ រដ្ឋាភិបាល​រុស្ស៊ី​កាន់តែ​ខឹងសម្បារ ក្រោយ​ពេលដែល​សភា​អ៊ុយ​ក្រែ​ន​បោះឆ្នោត​លុបចោល​គោលការណ៍​អ​ព្យា​ក្រឹត្យ និង​មិន​ចូលបក្ស​សម្ព័ន្ធ​របស់ខ្លួន ហើយ​ស្នើសុំ​ចូលរួម​ជាមួយ​ណា​តូ​កាលពី​ប៉ុន្មាន​ខែ​មុននេះ។   ម្យ៉ាង​រុស្ស៊ី​ក៏​មិនអាច​ទ្រាំ​មើល បក្សសម្ព័ន្ធ​យោធា​ណា​តូ យក​លែស​វិបត្តិ និង​អសន្តិសុខ នៅ​អ៊ុយ​ក្រែ​ន​ហើយ​បន្ត​សាង​កម្លាំង​តាម​ព្រំដែន និង​ហ៊ុំព័ទ្ធ​រុស្ស៊ី​ឥតឈប់ឈរ​នោះដែរ។  បើ​ចង់អោយ​វិបត្តិ​អាច​បញ្ចប់​ទៅបាន​ដោយ​សន្តិភាព ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ ដូចជា​អ៊ុយ​ក្រែ​ន​អាច​បញ្ឈប់​គោលបំណង​ក្លាយជា​សមាជិក​ណា​តូ ហើយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ក៏ត្រូវ​បញ្ឈប់​សកម្មភាព​ពង្រឹងកម្លាំង​យោធា​របស់​ខ្លួន​ឥតឈប់ឈរ​នៅ​មាត់ទ្វារ​ផ្ទះ​របស់​រុស្ស៊ី​បន្តទៀត​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com