អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ប្រឆាំង​ការ​បង្កក​ពន្ធ​របស់​អ៊ីស្រាអែល​ដែល​ផ្ទេរ​ទៅ​ប៉ា​ឡេ​ស្ទី​ន
06, Jan 2015 , 4:48 pm        
រូបភាព

ក្រោយ​ពេលដែល​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ព្យាយាម​ស្នើសុំ​ចូលរួម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រដ្ឋាភិបាល​អ៊ីស្រាអែល​បានប្រកាស​តបត​វិញ​ដោយ​បញ្ឈប់​ការផ្ទេរ​លុយ​ពន្ធ​ទៅអោយ​រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន។  ប៉ុន្តែ​ក្រោយ​មានការ​ប្រកាស​របស់​អា​ជ្ញា​ធរ​អ៊ីស្រាអែល សហរដ្ឋអាមេរិក​បាន​ប្រកាស​ប្រឆាំងនឹង​វិធានការ​នេះ​ដោយ​លើកឡើងថា​ទង្វើ​អ៊ីស្រាអែល​នឹងធ្វើ​អោយ​ភាគី​ទាំងពីរ​ប្រឈមមុខ​ដាក់គ្នា​និង​ភាព​តានតឹង​កើនឡើង​ខ្លាំង។


កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ



រដ្ឋាភិបាល​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម​បានប្រកាសថា​ខ្លួន​នឹង​ព្យួរ​ការផ្ទេរ​លុយ​ពន្ធ​ទៅកាន់​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ដើម្បី​ឆ្លើយតប​នឹង​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ដែល​ចង់​ក្លាយខ្លួនជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ អ៊ីស្រាអែល​បញ្ជាក់ថា​ថវិកា​ពន្ធ​ប្រមាណ ១២៧លាន​ដុល្លារ​ដែល​ខ្លួន​ប្រមូល​ជំនួស​អោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​កាលពី​ខែ​មុន នឹងមិន​ត្រូវ​បញ្ជូនទៅ​អោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ឡើយ។  ប្រទេស​អ៊ីស្រាអែល​បានទទួល​បន្ទុក​ប្រមូល​ពន្ធ​ជំនួស​អោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ហើយ​ទំហំ​លុយ​ពន្ធ​ប្រមូលបាន​នេះ​អាច​និយាយបានថា ស្មើនឹង២ភាគ៣នៃ​ថវិកា​សរុប​របស់​អាជ្ញា​ធរ​ប៉ា​ឡេ​ស្ទី​ន​ផងដែរ។ 

ការសម្រេច​មិន​បញ្ជូន​លុយ​ពន្ធ​ច្រើនសន្ធឹក​សន្ធាប់​ទៅអោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​នៅពេលនេះ កំពុង​ធ្វើអោយ​ភាគី​ទាំងពីរ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង ហើយ​ប៉ា​ឡេ​ស្ទី​ន​ហាក់បីដូចជា​មិន​រារែក ក្នុង​ការបន្ត​ស្នើសុំ​ការទទួលស្គាល់​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ដោយ​សហគមន៍​អន្តរជាតិ​ផងដែរ។ យ៉ាងណាក៏ដោយ ទង្វើ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល ដែល​មិន​ព្រម​ផ្ទេរ​លុយ​ពន្ធ​ទៅកាន់​ប៉ា​ឡេ​ស្ទី​ន​នោះ ត្រូវបាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឆាំង ព្រោះ​វា​គ្មាន​ជួយ​ដោះស្រាយ​បញ្ហា ក្រៅពី​ធ្វើអោយ​ភាព​តានតឹង​កើនឡើង​ឡើយ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី Jen Psaki បាន​អះអាងថា​អ៊ីស្រាអែល​មិនគួរ​ធ្វើបែបនេះ​ឡើយ ព្រោះ​ប្រទេស​នេះ​គួរ​ដឹង​ហើយ​ថា វិធាន​ការតបត​គ្នា​ទៅវិញទៅមក​របស់​ភាគី​ទាំង​មិន​ជួយ​អោយ​ដំណើរ​ការកសាង​សន្តិភាព​ជោគជ័យ​ឡើយ។ លោកស្រី​បាន​បន្ត​អំពាវនាវ​អោយ​ភាគី​ទាំងពីរ​ត្រលប់​ពិភាក្សាគ្នា និង​បញ្ឈប់​រាល់​សកម្មភាព​បង្ករឿង និង​ធ្វើអោយប៉ះពាល់​ដល់​ការកសាង​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ។ ក្រៅពី​ដ​ង្ហើ​យ​ហៅ​ភាគី​ទាំងពីរ​អោយ​បញ្ចៀស​សកម្មភាព​បង្ករឿង អ្នកនាំពាក្យ​ក្រសួងការបរទេស​ខាងលើ បាន​បន្ទោស​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ផងដែរ ដែល​បន្ត​ស្នើសុំ​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​លោកស្រី​លើកឡើងថា ប៉ា​ឡេ​ស្ទី​ន​កំពុង​បង្កបញ្ហា​ធំ។  មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​រូបនេះ​បាន​សង្កត់ធ្ងន់ថា ការចូល​រួមជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹងធ្វើ​អោយ​ប៉ា​ឡេ​ស្ទី​ន​ទទួលផល​អវិជ្ជមាន ហើយ​វា​មិន​ជួយ​អោយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ទទួលបាន​អធិបតេយ្យ​និង​ភាពជា​រដ្ឋ​ឯករាជ្យ​ពេញលេញ​ឡើយ។

គួរបញ្ជាក់​បន្តិច​ថា ការ​ឈានទៅ​ស្នើសុំ​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​ប៉ា​ឡេ​ស្ទី​ន​កើតមានឡើង ក្រោយពេល​ក្រុមប្រឹក្សាសន្តិសុខ​បរាជ័យ ក្នុង​ការអនុម័ត​ដំណោះស្រាយ​ព្រាង​ដោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន និង​បណ្តា​ប្រទេស​អារ៉ាប់ កាលពី​សប្តាហ៍​មុន។ ដំណោះស្រាយ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​មិនអាច​អនុម័ត​បាន​នោះ មានកំណត់​ពី​ការកំណត់​អោយ​អ៊ីស្រាអែល​បញ្ជ​ប់​អាណានិគម​របស់ខ្លួន​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន និង​ការទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​ផ្លូវការ​តាម​ដំណោះស្រាយ​រដ្ឋ​ពីរ ប៉ុន្តែ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី​បាន​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ។ ប៉ា​ឡេ​ស្ទី​ន​ខកចិត្ត​ចំពោះ​ការបរាជ័យ​ជាថ្មី​ម្តងទៀត​នេះ ក៏​សម្រេច​បន្តសកម្មភាពរ​បស់​ខ្លួន​ដោយ​ស្នើសុំ​ចូលរួម​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ទាមទារ​អោយមាន​ការកាត់ទោស​មេ​ដឹកនាំ​អ៊ីស្រាអែល ក្នុងការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ សង្គ្រាម៕


© រក្សាសិទ្ធិដោយ thmeythmey.com