សង្គមអន្តរជាតិ​
អន្តរជាតិ
ជនជាតិ​ជប៉ុន​ម្នាក់​ចំណាយ​ប្រាក់​ជិត៤ ម៉ឺន​ដុល្លារ​ទិញ​ត្រី​ធូ​ណាមួយ​ក្បាល
06, Jan 2015 , 8:00 pm        
រូបភាព
ដោយ:

លោក Kiyoshi Kimura បានឈ្នះ​ក្នុងការ​ដេញថ្លៃ​ដើម្បី​ទិញយក​ត្រី​ធូ​ណា​Bluefin មួយ​ក្បាល​ដោយ​ត្រូវគេ​លក់​ក្នុងតម្លៃ៣៧ ៥០០ ដុល្លារ​ដែលជា​ការដេញ​ថ្លៃ​លក់​ត្រី​ដំបូង​គេ ក្នុង​ឆ្នាំ២០១៥ នេះ​នៅក្នុង​ទីក្រុង​Toykoប្រទេស​ជប៉ុន។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។



ប្រភព​ខាងលើ​ក៏បាន​ឲ្យ​ដឹងថា ត្រី​ធូ​ណា Bluefin មួយ​ក្បាល​នោះ​មាន​ទម្ងន់ ១៨០ គីឡូក្រាម​ហើយ​ត្រូវបាន​លក់​ទៅ​ឲ្យ លោក​Kiyoshi ជា​ម្ចាស់​កន្លែង​ផលិត​sushi ដ៏​ល្បី​នៅក្នុង​ប្រទេស​ជប៉ុន។ លោក​Kiyoshi បាន​និយាយថា នេះ​គឺជា​ឆ្នាំ​ទី​បួន​ដែល​លោក​បាន​ចូលរួម​ក្នុង​ដេញថ្លៃ​ហើយនឹង​បានឈ្នះ​ការដេញថ្លៃ​នេះ​ព្រោះថា​ត្រី​ដំបូង​នៃ​ការដេញថ្លៃ​នេះ​ត្រូវបាន​គេ​ជឿថា​នឹង​នាំមក​នូវ​សំណាងល្អ។

ទោះជា​ត្រី​ខាងលើ​ត្រូវបាន​លក់​ក្នុងតម្លៃ​ជិត ៤ ម៉ឺន​ដុល្លារ​ក៏ដោយ ក៏​នៅ​ថោក​ជាង​ការដេញថ្លៃ​ត្រី​លើកដំបូង​កាលពី​ឆ្នាំ ២០១៣ដែល​ត្រី​ធូ​ណា​ទម្ងន់ ២២២ គីឡូក្រាម​មួយ​ក្បាល ត្រូវគេ​លក់​ទៅ​ឲ្យ​លោក Kimuraក្នុងតម្លៃ ១,៧៦លាន​ដុល្លារ។

ជនជាតិ​ជប៉ុន ពេញនិយម​ក្នុងការ​បរិភោគ​ត្រី​ត្រី​ធូ​ណា​និង​ត្រី salmonដោយ​យក​វា​មក​ធ្វើជា​sushi និង sashimi ឬក៏​សម្រាប់​ហូប​សាច់​ត្រី​ឆៅ​ដោយផ្ទាល់​តែម្ដង ព្រោះ​ត្រី​ប្រភេទ​នេះ​មាន​ប្រូតេអ៊ីន​ខ្ពស់ និង​ធ្វើ​ឲ្យ​មាន​អាយុ​វែង។ 

កំណើន​នៃ​ការបរិភោគ​សាច់​ត្រី ធូ​ណា និង​ត្រី salmonបានធ្វើឱ្យ​ចំនួន​ត្រី​ទាំងពីរ​ប្រភេទ​នេះ មានការ​ធ្លាក់ចុះ​ជាខ្លាំង នៅក្នុង​ដែនសមុទ្រ​នៅ​ទូទាំង​ពិភពលោក ខណៈពេលដែល​តម្លៃ​មានការ​កើនឡើង​ជាខ្លាំង​នោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com