ពីនេះ ពីនោះ
សង្គមអន្តរជាតិ​
អន្តរជាតិ
ទីក្រុង​ឌូ​បៃ​ប្រកាស​បើក​កម្មវិធី​ប្រកួត «សម្រក​ទម្ងន់​ដើម្បី​ទទួលបាន​មាស»
07, Jan 2015 , 8:20 am        
រូបភាព
ដោយ:

រដ្ឋធានី​ឌូ​បៃ របស់​ប្រទេស​អារ៉ាប់​រួម បានប្រកាស​បើក​កម្មវិធី​ប្រកួតប្រជែង​មួយ ដែលមាន​ឈ្មោះថា «សម្រក​ទម្ងន់​ដើម្បី​ទទួលបាន​មាស»សម្រាប់​ឆ្នាំ២០១៥ នេះ ដែល​នឹងត្រូវ​ចាប់ផ្ដើម ពីថ្ងៃ​ទី១៥ ខែកក្កដា ដល់​ថ្ងៃទី១ ខែកញ្ញា។ នេះ​បើ​យោងតាម​គេហទំព័រ future of Dubai ។



ប្រភព​ដដែល​នេះ​ក៏បាន​រាយការណ៍​ថា ការប្រកួត​សម្រក​ទម្ងន់​នៅ​ឆ្នាំ២០១៥ នេះ​គឺ​ផ្ដោតទៅលើ​ការ​សម្រក​ទម្ងន់​របស់​កុមារ ដែលមាន​អាយុ​ក្រោម ១៣ ឆ្នាំ ដើម្បី​លើ​កម្ពស់​ការយកចិត្តទុកដាក់​ចំពោះ​ជម្ងឺ​ធាត់​របស់​កុមារ​អារ៉ាប់។  បច្ចុប្បន្ននេះ​ជម្ងឺ​ធាត់​របស់​កុមារ​បាន​ក្លាយជា​ប្រឈម​ដ៏​ធំ​មួយ​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​ជាពិសេស​ប្រទេស​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​និង​អឺរ៉ុប ដែល​ការ​ធាត់​នេះ​គឺ​បណ្ដាលមកពី​ការ​ញៀន​លេង​ឧបករណ៍​អេ​ឡិច​ត្រូ​ជំនាន់​ថ្មី​ដ៏ទំនើបៗ នោះ។

លោក Hussain Nasser Lootah អគ្គលេខាធិការ​សាលាក្រុង​ឌូ​បៃ បាន​បញ្ជាក់ថា កម្មវិធី​ប្រកួត​នេះ​គឺ​ត្រូវបាន​ធ្វើឡើង ដើម្បី​បំផុសគំនិត និង​លើកទឹកចិត្ត​ឲ្យ​ក្រុមគ្រួសារនីមួយៗ ទទួលយក​នូវ​ការអនុវត្ត​ដែល​នាំមក​នូវ​សុខ​ភាពល្អ គឺ​ការ​សម្រក​ទម្ងន់។

លោក​បាន​បន្តថា៖«យើង​ត្រូវការពារ​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​បច្ចេកវិទ្យា​ដោយ​លើក​ទឹក​ចិ​ត្ដ​ពួកគេ​ឱ្យមាន​របៀប​រស់នៅ​ដែលមាន​សុខភាព​ល្អ​និង​ការអប់រំ​ឪពុកម្តាយ​អំពី​តួនាទី​របស់​ពួកគេ​ក្នុងការ​ទទួលបាន​អ្នកជំនាន់ក្រោយ​ដែលមាន​សុខភាព​ល្អ»។

ចំពោះ​លក្ខខណ្ឌ​ក្នុងការ​ប្រកួត​នៅ​ឆ្នាំនេះ​គឺ គ្រួសារនីមួយៗ នៅក្នុង​ទីក្រុង​ឌូ​បៃ អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​តែម្នាក់ឯង​ក៏បាន​ជា​ក្រុមគ្រួសារ​ក៏បាន ព្រោះថា​ប្រសិនបើ​អ្នក​អាច​សម្រក​ទម្ងន់​យ៉ាងតិច ២ គីឡូក្រាម ក្នុង​រយៈពេល​នៃ​ការប្រកួត​នោះ អ្នកនឹង​ទទួលបាន​មាស ២ ក្រាម ។ ប៉ុន្តែ​សម្រាប់​គ្រួសារ​ដែលមាន​កុមារ​អាយុ​ក្រោម ១៣ ចូលរួម​ប្រកួត ហើយ​អាច​សម្រក​ទម្ងន់​បាន យ៉ាងតិច ២ គីឡូក្រាម​ដែរ នោះ​ពួកគេ​នឹង​ទទួលបាន​រង្វាន់​ទ្វេដង គឺ មាស ៤ ក្រាម៕


© រក្សាសិទ្ធិដោយ thmeythmey.com