ជាតិ
សង្គមជាតិ
ការសាងសង់កំណាត់ផ្លូវ​ច្បារអំពៅ-ក្តីតាកុយ ចាប់ផ្តើម​ខែ​មិនា
07, Jan 2015 , 2:21 pm        
រូបភាព
ប្រសិនបើគ្មាន​អ្វីប្រួលប្រែទៀតនោះទេ ការដ្ឋានសាងសង់​កំណាត់ផ្លូវជាតិ​លេខ១ ប្រវែង៤គីឡូម៉ែត្រ​ ពីគល់ស្ពានព្រះមុនីវង្ស ទៅ​ដល់វត្តក្តីតាកុយ នឹង​ត្រូវចាប់ផ្តើមនៅ​ក្នុង​ខែមិនា​ខាងមុខនេះ។ នេះបើយោងតាម​សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។ នៅពេលនេះ ពលរដ្ឋ​ដែលរស់នៅអបកំណាត់ផ្លូវនេះ ហើយដែលត្រូវ​ប៉ះពាល់ដោយ​គម្រោង​សាងសង់ផ្លូវ​ដែលជាជំនួយ​របស់​ប្រទេសជប៉ុននោះ បានចាប់ផ្តើម​រុះរើផ្ទះ​សម្បែង​របស់ពួកគេ​ហើយ។​


អាជ្ញាធរធ្លាប់បាន​ផ្សព្វផ្សាយ​ថា ការដ្ឋាននៃការសាងសង់​កំណាត់ផ្លូវ​ជាតិ​លេខមួយ​នេះ គ្រោងចាប់ផ្តើម​ក្នុង​ចុងឆ្នាំ​២០១៤ ។ ប៉ុន្តែ​​បើ​យោង​តាម​​ការ​​ពន្យល់​នៅ​ក្នុង​​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ​ការ​​បន្ថែម​គុណភាព​នៃ​កំណាត់​ផ្លូវ​នេះ ​បាន​តម្រូវ​​អោយ​​មាន​ការ​​ដេញ​ថ្លៃ​រក​ក្រុមហ៊ុន​សាងសង់​ជា​ថ្មី​​នៅ​​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​ខែកុម្ភៈ​​។ ហេតុដូច្នេះ ​ទើប​មាន​ការ​ពន្យា​ពេល​​រហូត​ដល់​ខែ​មិនា​។

សេចក្តីជូនដំណឹង​របស់​សាលារាជធានី​បាន​សរសេរយ៉ាង​​ដូច្នេះ​ថា៖«ដោយ​មើល​ឃើញ​ថា ​កំណាត់​ផ្លូវ​​៤គ.ម​នេះ​ មាន​កំណើន​ចរាចរណ៍​​ច្រើន​ និង​ជា​ចំនុច​​ច្រក​ចេញ​ចូល​​យ៉ាង​​សំខាន់​របស់​​រាជធានី​ភ្នំពេញ ​រដ្ឋាភិបាល​​ជប៉ុន​​បាន​​បន្ថែម​​ថវិកា​​ ២,១១​លាន​​ដុល្លារ ​ដើម្បី​​បន្ថែម​កម្រាស់កំ​ណាត់​ផ្លូវ​នេះ។ គម្រោង​នេះ​​ត្រូវ​ដាក់​ឲ្យ​ដេញ​ថ្លៃ​​នៅ​ទី​ក្រុង​​តូក្យូ​ក្នុង​ខែ​កុម្ភៈ និង​គ្រោង​សាងសង់​នៅ​ខែ​មិនា​»៕


© រក្សាសិទ្ធិដោយ thmeythmey.com