អន្តរជាតិ
យ៉ាងហោច២០នាក់ស្លាប់ដោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅយេម៉ែន
× មនុស្សយ៉ាងហោចណាស់២០នាក់បានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្នុងប្រទេសយេម៉ែននៅថ្ងៃពុធនេះ។ បើតាមការអោយដឹងពីមន្ត្រីប៉ូលីសនិងសាក្សី ការបំផ្ទុះរថយន្តអត្តឃាតនេះកើតឡើងនៅក្នុងរដ្ឋធានី Sanaa ហើយក្រៅពីសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ វាបានធ្វើអោយមនុស្សជាច្រើននាក់ផ្សេងទៀតរបួសផងដែរ។
នៅថ្ងៃពុធនេះ ករណីបំផ្ទុះរថយន្តអត្តឃាតមួយបានកើតឡើងនៅក្នុងរដ្ឋធានី Sanaa នៃប្រទេសយេម៉ែន ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់និងធ្វើអោយមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ បើតាមការអោយដឹងពីមន្ត្រីប៉ូលីសក្នុងតំបន់និងសាក្សីនៅកន្លែងកើតហេតុ ករណីបំផ្ទុះរថយន្តអត្តឃាតនេះកើតឡើងនៅក្បែរបណ្ឌិតសភានគរបាលយេម៉ែន ហើយចំនួនជនរងគ្រោះអាចនឹងកើនឡើងនៅពេលខាងមុខ ដ្បិដចំនួនអ្នករងរបួសធ្ងន់មានច្រើនផងដែរ។
ទាក់ទិននឹងការវាយប្រហារដ៏ព្រៃផ្សៃនេះ គេមិនទាន់ឃើញមានក្រុមណាមួយចេញមុខទទួលខុសត្រូវឡើយ។ ប៉ុន្តែគេសង្ស័យថា ក្រុមអាល់កៃដាជាអ្នកនៅពីក្រោយករណីវាយប្រហារនេះ ព្រោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេឃើញក្រុមបណ្តាញអាល់កៃដា បើកការវាយប្រហារប្រឆាំងជនស៊ីវិលឥតឈប់ឈរ។
ប្រទេសយេម៉ែន ប្រឈមមុខជាមួយបញ្ហាអស្ថិរភាព អសន្តិសុខអស់រយៈពេលជាច្រើនឆ្នាំមកហើយពោលគឺក្រោយពេលមានចលនាទម្លាក់មេដឹកនាំ ផ្តើមចេញពីបដិវត្តន៍ផ្កាម្លិះនៅមជ្ឈិមបូព៌ានោះ។ ខណៈពេលដែលវិបត្តិនយោបាយកើតឡើង ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល និងក្រុមបណ្តាញអាល់កៃដា បានព្យាយាមឆ្លៀតឱកាសដណ្តើមកាន់កាប់អំណាច ហើយការប្រយុទ្ធគ្នានៅតែបន្តកើតមានឡើង។
យ៉ាងណាក៏ដោយ កាលពីខែវិច្ឆិកាកន្លងមកនេះ ប្រទេសយេម៉ែននេះ បានបង្កើតរដ្ឋាភិបាលថ្មីមួយដោយមានការជួយជ្រោមជ្រែងពីសំណាក់អង្កការសហប្រជាជាតិ ដើម្បីស្តារឡើងវិញនូវស្ថិរភាព សន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈឡើងវិញ។ ប៉ុន្តែគេមើលឃើញថាការកសាងសន្តិភាពនៅយេម៉ែន ហាក់បីដូចជាមិនងាយធ្វើទៅបានឡើយ ព្រោះក្រុមភេរវជនបន្តវាយប្រហារជនស៊ីវិល ហើយគ្មានសញ្ញាណាមួយបញ្ជាក់ថាក្រុមឧទ្ទាមចង់ទម្លាក់អាវុធឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com