អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក៖ រដ្ឋាភិបាល​ស៊ី​រី​ប្រើ​ឧទ្ធម្ភាគចក្រ​ទម្លាក់អាវុធ​គីមី​ក្នុង​សង្គ្រាមស៊ីវិល
07, Jan 2015 , 4:08 pm        
រូបភាព

របាយការណ៍​មួយ​ដែល​ចងក្រង​ឡើង​ដោយ​ក្រុម​អង្កេត​ការប្រើប្រាស់​អាវុធ​គីមី​ត្រូវបាន​គេ ទម្លាយ​ចេញ​កាលពីថ្មីៗនេះ បានបង្ហាញ​ពី​ភស្តុតាង​និង​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង ការប្រើប្រាស់​អាវុធ​គីមី​នៅក្នុង​ប្រទេស​ស៊ី​រី។ បើទោះជា​របាយការណ៍​ទ​ទួល​ស្គាល់​ពី​ការ ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ជន​ស៊ីវិល​និង​យោធា​នៅក្នុង​ប្រទេស​ស៊ី​រី​ក៏ដោយ គេ​មិនបាន​បញ្ជាក់ថា​ភាគី​ណា​ដែល​ប្រើប្រាស់​អាវុធ​ដ៏​គ្រោះថ្នាក់​នេះឡើយ។


រាយការណ៍​ព័ត៌មាន​ដោយ លោក រឿន ភា​រុន



របាយការណ៍​ស្វែងរក​ការពិត​ស្តីពី​ការប្រើប្រាស់​អាវុធ​គីមី​ជីវសាស្ត្រ​នៅក្នុង​ប្រទេស​ស៊ី​រី​កន្លង មក​ត្រូវបាន​គេ​ទម្លាយ​ចេញ​ហើយ របាយការណ៍​ថ្មី​នេះ​បាន​ផ្តល់ព័ត៌មាន និង​ភស្តុតាង បន្ថែម​ជុំវិញ​សំណុំរឿង​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី។ របាយការណ៍​នេះ​រៀបចំឡើង​ដោយ អង្គការ​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី​ដែល​បាន​តាមដាន​និង​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុក​ពី​ការប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​នៅក្នុង​ប្រទេស​ស៊ី​រី ហើយ​របាយការណ៍​នេះ​បញ្ជាក់ថា អាវុធ​ដ៏ គ្រោះថ្នាក់​ទាំងនោះ​ពិតជា​ត្រូវបាន​ប្រើប្រាស់​ពិតមែន។

បើតាម​ការត្រួតពិនិត្យ​របាយការណ៍​ជារួម គេ​ឃើញ​មាន​រួមបញ្ចូល​ចម្លើយ​សាក្សី​ដែល​បាន ឃើញ​ផ្ទា​ល់ពី​ការប្រើប្រាស់​អាវុធ​គីមី​ទាំងនោះ  ហើយ​គេ​បញ្ជាក់ថា អាវុធ​ទាំងនោះ​ត្រូវបាន គេ​ទម្លាក់​ចុះ​ពីលើ​ឧទ្ធម្ភាគចក្រ​ថែមទៀត​ផង។  បើតាម​ការសាកសួរ​សាក្សី​ដែល​បានឃើញ ហេតុការណ៍​នោះ មុននឹង​មានការ​វាយប្រហា​រ​ដោយ​អាវុធ​ដ៏​សាហាវ​នេះ គេ​លឺ​សូរសម្លេង ឧទ្ធម្ភាគចក្រ​ហោះហើរ​លើ​អាកាស បន្ទាប់មក​គេ​ឃើញ​អាវុធ​ទាំងនោះ​ធ្លាក់​មកលើ​ដី​តែម្តង។

ក្នុង​របាយការណ៍​សាក្សី​ប្រហែល ៣២នាក់ បាន​អះអាង​ស្រដៀង​គ្នា​ថា ពួកគេ​ពិតជា​បានលឺ សំឡេង​យន្តហោះ​មុននឹង​មានការ​វាយប្រហា​រ​ដោយ​អាវុធ​ជីវសាស្ត្រ​នេះ ហើយ​អាវុធ​ភាគ ច្រើន​ជា​គ្រាប់បែក​គីមី និង​សារធាតុ​ក្ល​រី​ន។

ប៉ុន្តែ​យ៉ាងណា​ពួកគេ​បាន​លើកឡើងថា​ពួកគេ​មិនបាន​ដឹង​ភាគី​ណា​ដែល​ប្រើប្រាស់​អាវុធ ឡើយ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ប្រទេស​លោកខាងលិច​ជាពិសេស​សហរដ្ឋអាមេរិក​ដែលជា សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​មិន​រារែក​ឡើយ ក្នុងការ​ចោទប្រកាន់រ​ដ្ឋា​ភិ​បាល ស៊ី​រី​លោក បា​សា អាល់​អាសាដ ទាក់ទិន​នឹង​ការប្រើប្រាស់​អាវុធ​នេះ។ លោកស្រី Samantha Power  ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​អះអាងថា មិនមាន​អ្វី​គួរអោយ សង្ស័យ​ឡើយ ហើយ​គ្មាន​អ្នកណា​ក្រៅពី​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ឡើយ​ដែលមាន​លទ្ធភាព ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​សម្រាប់​ជញ្ជូន​និង​ទម្លាក់អាវុធ​គីមី​នេះ ដ្បិត​ក្រុម​ឧទ្ទាម​គ្មាន​លទ្ធភាព ណា​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ឡើយ។

របាយការណ៍​ថ្មី​ដែលមាន​កម្រាស់ ១១៧ទំព័រ​នេះ មិន​ខុសប្លែក​អ្វី​ពី​របាយការណ៍​ពីរ​មុន​ដែរ ហើយ​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​ក្រុមប្រឹក្សា សន្តិសុខ​អង្គការសហប្រជាជាតិ​លោកស្រី Samantha Power បានលើកឡើង​ពី​ភស្តុតាង បន្ថែម​ដោយ​ចោទប្រកាន់ថា រដ្ឋាភិបាល​ស៊ី​រី​បាន​ប្រើប្រាស់​អាវុធ​គីមី ឧស្ម័ន​ក្ល​រី​ន ក្នុង​សង្គ្រាម​ដែលមាន​រយៈពេល​បួន​ឆ្នាំនេះ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​បើទោះជា​មានការ​លើកឡើង​យ៉ាងនេះ​ក្តី ខាង​ភាគី​រដ្ឋាភិបាល​ស៊ី​រី និង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​លោកខាងលិច​នោះ នៅតែ​បន្ត​ចោទ​គ្នា​ទៅវិញទៅមក​ជុំវិញ ការប្រើប្រាស់​អាវុធ​ដ៏​គ្រោះថ្នាក់​ទាំងនោះ។ យ៉ាងណាក៏ដោយ​កាលពី​ឆ្នាំ ២០១៣ រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​បានសម្រេច​លះបង់​និង​កម្ទេចចោល​កម្មវិធី​ផលិត​អាវុធ​គីមី​របស់ខ្លួន ក្រោយពេល​ដែលមាន​ករ​ណី​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅក្នុង​ទីក្រុង Ghouta ដែល នៅក្បែរ​រដ្ឋធានី​ដា​ម៉ាស​ដែល​បានសម្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com