សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម​នាំចេញ​អង្ករ ៧,៥ លាន​តោន​ក្នុង​ឆ្នាំ២០១៤
07, Jan 2015 , 4:29 pm        
រូបភាព
ដោយ:

នៅក្នុង​ឆ្នាំ២០១៤ កន្លងទៅ​ថ្មី​នេះ ប្រទេស​វៀតណាម​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ទាំង​ទិន្នន័យ​នាំចេញ​ផ្លូវការ និង​ការនាំចេញ​ក្រៅផ្លូវការ​នៅតាម​ច្រកព្រំដែន សរុប​ចំនួន ៧,៥ លាន​តោន។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។



ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​មួយ​នេះ បាន​រាយការណ៍​ផងដែរ​ថា ការនាំចេញ​អង្ករ​ជា​ផ្លូវការ ដែល​វៀតណាម​បាន​លក់​អង្ករ ៦,៥លាន​តោន​ទៅកាន់​ទីផ្សារ​ពិភពលោក​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ២,៨៤ពាន់​លាន​ដុល្លារ ដែល​តម្លៃ​នៃ​ការនាំចេញ​អង្ករ​របស់​វៀតណាម​គិត​ជា​មធ្យម ៤៣៦,៩២ ដុល្លារ​ក្នុង​មួយ​តោន។

លើសពីនេះ​ទៀត​ការនាំចេញ​ក្រៅផ្លូវការ​ទៅកាន់​ប្រទេស​ចិន​តាមរយៈ​ប្រតិបត្តិ​ការឆ្លងកាត់​ព្រំដែន គឺមាន​ប្រហែល​ជាង ១ លាន​តោន នៅក្នុង​ឆ្នាំ ២០១៤ដែល​បានធ្វើ​ឲ្យ​តួលេខ​សរុប​នៃ​ទំហំ​នាំចេញ​អង្ករ​វៀតណាម សរុប​ចំនួន ៧,៥លាន​តោន។

ប្រទេស​ចិន​នៅតែ​ជា​អតិថិជន​ដ៏​ធំ​បំផុត ក្នុងការ​នាំចេញ​អង្ករ​របស់​វៀតណាម ក្នុង​រយៈពេល បី​ឆ្នាំជាប់ៗគ្នា ដោយ​តួលេខ​ផ្លូវការ​បានបង្ហាញ​ថា ចិន​បាន​ទិញ​អង្ករ ២,១ លាន​តោន​ពី​ប្រទេស​វៀតណាម។ ខណៈពេល​ប្រទេស​ហ្វីលីពីន​ជាប់​ចំណាត់ថ្នាក់​ទី​ពីរ ដោយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នេះ​បាន​ទិញ​អង្ករ ១,៤លាន​តោន​ពី​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ ២០១។

របាយការណ៍​របស់​ស​មា​គម​ស្បៀងអាហារ​វៀតណាម​បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំ ២០១៥ នេះ​ប្រទេស​វៀតណាម បានកំណត់​គោលដៅ​នាំចេញ​អង្ករ​ផ្លូវការ​ឲ្យ​បាន​ពី៧ លាន ទៅ ៧,៥លាន​តោន។បច្ចុប្បន្ននេះ​អង្ករ​វៀតណាម​បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​និង​តំបន់​ចំនួន ១៣៥ នៅ​ទូទាំង​ពិភពលោក ៕


© រក្សាសិទ្ធិដោយ thmeythmey.com