អន្តរជាតិ
ក្រុមហ៊ុន​អាកាសចរណ៍ ១០ ដែលមាន​សុវត្ថិភាព​បំផុត​ក្នុង​ឆ្នាំ២០១៥
07, Jan 2015 , 8:15 pm        
រូបភាព
ដោយ:

គេហទំព័រ​អាកាសចរ​ណ៍ AirlineRatings.com បានចេញ​ផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន ស្ដីពី​ការវាយតម្លៃ​និង​ផ្ដល់​ពិន្ទុ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ នៅ​ទូទាំង​ពិភពលោក សម្រាប់​ឆ្នាំ២០១៥ នេះ។ ជា​លទ្ធផល​បាន​បង្ហាញថា ក្រុមហ៊ុន​អាកាសចរណ៍ Qantas របស់​អូស្ត្រាលី បាន​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍ធំៗ ដែល​ត្រូវបាន​វាយតម្លៃថា ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​សុវត្ថិភាព​បំផុត​សម្រាប់​ការធ្វើដំណើរ នៅក្នុង​ឆ្នាំ២០១៥ ។



របាយការណ៍​ដដែល​ក៏បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍ ៩ ផ្សេងទៀត ដែល​ស្ថិតនៅក្នុង​ចំណាត់​កំពូល​ទាំង ១០ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​សុវត្ថិភាព​បំផុត​នោះ​គឺ​រួមមាន ក្រុមហ៊ុន Air New Zealand ក្រុមហ៊ុន British Airways ក្រុមហ៊ុន Cathay Pacific Airways ក្រុមហ៊ុន Emirates ក្រុមហ៊ុន Etihad Airways ក្រុមហ៊ុន EVA Air ក្រុមហ៊ុន Finnair ក្រុមហ៊ុន Lufthansa និង​ក្រុមហ៊ុន Singapore Airlines ។

លទ្ធផល​នៃ​ការចាត់​ថ្នាក់​ខាងលើនេះ គឺ​បាន​វាយតម្លៃ​លើ​ក្រុមហ៊ុន​ប្រតិបត្តិការ​ផ្លូវអាកាស​សរុប​ចំនួន ៤៤៩ ក្រុមហ៊ុន ហើយ​ការដាក់​ពិន្ទុ គឺ​ពឹង​ផ្អែកទៅលើ​ទិន្នន័យ​ដែល​ទទួលបាន​ពី​ការធ្វើ​សវនកម្ម​របស់​រដ្ឋាភិបាល របាយការណ៍​ពី​សមាគម​អាកាសចរណ៍ធំៗ រួមទាំង​អត្រា​ស្លាប់​មនុស្ស ដែល​ជិះ​លើ​យន្តហោះ​របស់​ក្រុមហ៊ុននីមួយៗផងដែរ។ កត្តា​ផ្សេងទៀត​ដូចជា ប្រវត្តិ​របស់​ក្រុមហ៊ុន អត្រា​គ្រោះថ្នាក់ និង​ការបម្រើ​សេវាកម្ម របស់​ក្រុមហ៊ុន​អាកាសចរណ៍នីមួយៗ ក៏ត្រូវ​បាន​គេ​យកមក​បញ្ចូល​ក្នុង​ប្រព័ន្ធ​ដាក់ពិន្ទុ​ផងដែរ។

របាយការណ៍​ខាងលើ​នោះ ក៏បាន​ចាត់ថ្នាក់​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១០ ជា​ក្រុមហ៊ុន​អាកាសចរណ៍ ដែលមាន​តម្លៃ​ទាប​ហើយ​សុវត្ថិភាព​ខ្ពស់​ផងដែរ។ ក្រុមហ៊ុន​ទាង ១០ នោះ​គឺ​រួមមាន ក្រុមហ៊ុន Aer Lingus ក្រុមហ៊ុន Alaska Airlines ក្រុមហ៊ុន Icelandairក្រុមហ៊ុន Jetblueក្រុមហ៊ុន Jetstarក្រុមហ៊ុន Kulula.com ក្រុមហ៊ុន Monarch Airlinesក្រុមហ៊ុន Thomas Cook ក្រុមហ៊ុន TUIfly និង ក្រុមហ៊ុន WestJet ៕





© រក្សាសិទ្ធិដោយ thmeythmey.com