អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អា​បេ បង្ហាញ​វិប្បដិសារី​ចំពោះ​ទង្វើ​ទាហាន​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទី២
07, Jan 2015 , 4:58 pm        
រូបភាព
ដោយ:

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្សូ​អា​បេ​បាន​ចូលរួម​ក្នុង​សន្និសីទ​ដើម្បី​ចាប់ផ្តើម​សរសេរ​សេចក្តីថ្លែងការណ៍​សម្រាប់​ខួប​រម្លឹក​នៃ​ការចុះចាញ់​សង្គ្រាមលោកលើកទី២លើក​ទី៧០ដែល​នឹងត្រូវ​ប្រព្រឹត្ត​នៅ​ចុងខែ​សីហា​ខាងមុខនេះ។សេចក្តីថ្លែងការណ៍​នេះដែរ​នឹង​បង្ហាញ​ពី​ការសុំ​អភ័យទោស​និង​វិប្បដិសារី​ចំពោះ​សង្គ្រាម​និង​បញ្ហា​ទាសភាព​ការរំលោភបំពាន​ផ្លូវភេទ​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ចិន​និង​កូរ៉េ​នៅ​ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី២ដែល​បាន​ប្រព្រឹត្ត​ដោយ​ទាហាន​ជប៉ុន។



កាលពីថ្មីៗកន្លងទៅនេះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្សូ​អា​បេ​បានប្រកាសថា លោក​នឹង​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​រម្លឹក​ខួប​លើក​ទី៧០នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី។ សេចក្តីថ្លែងការណ៍​នេះដែរ មាន​បង្ហាញ​វិប្បដិសារី​ទាក់ទិន​នឹង​ការប្រព្រឹត្ត​អំពើ​មិន​គប្បី​របស់​ទាហាន​ជប៉ុន ទៅលើ​ប្រជាជន​ចិន​និង​កូរ៉េ​ដែល​នេះ​ជាការ​កសាង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​និង​កូរ៉េ ដោយ​ដោះស្រាយ​បញ្ហា​ប្រវត្តិសាស្ត្រ។

នាយករដ្ឋមន្ត្រី​ជប៉ុន បានបញ្ជាក់​នៅក្នុង​សន្និសីទ​ជា​លើកដំបូង​ក្នុង​ឆ្នាំ២០១៥ថា​លោក​នឹង​សរសេរ​សេចក្តីថ្លែងការណ៍​ដើម្បី​បង្ហាញ​វិប្បដិសារី ចំពោះ​សង្គ្រាមលោក​ដែល​បានកើត​ឡើងជា​ពិសេស​ចំពោះ​ទង្វើ​របស់​ទាហាន​ជប៉ុន​ប្រព្រឹត្ត​លើ​ប្រទេស​ដែល​ធ្លាប់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ជប៉ុន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​តែម្តង។ លោក​បាន​បន្ថែមទៀតថា​សេចក្តីថ្លែងការណ៍ នឹង​អាចជួយ​សម្រាល​ភាព​តានតឹង និង​ប្រឈមមុខគ្នា​លើ​បញ្ហា​ប្រវត្តិសាស្ត្រ​និង​ធ្វើអោយ​ទំនាក់ទំនង​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​ព្រមទាំង​ចិន​កាន់តែ​ល្អប្រសើរ។

លោក​អា​បេ​បាន​បញ្ជាក់ទៀតថា​ទោះបីជា​ជប៉ុន​ធ្លាប់មាន​ប្រវត្តិសាស្ត្រ និង​ធ្លាប់​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​លើ​ប្រជាជន​នៃ​ប្រទេសជិតខាង​ក៏ដោយ​នៅក្នុង​រយៈពេល៧០ឆ្នាំនេះ​ជប៉ុន​បាន​ចូលរួមចំណែក​យ៉ាងច្រើន​នៅក្នុង​ការកសាង​សន្តិភាព​ស្ថិរភាព ការអភិវឌ្ឍ​និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ដោយឡែក​សម្រាប់​រាល់​សេចក្តីថ្លែងការណ៍​ដែល​តែងតែ​រៀបចំ​ឡើយ​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃ រម្លឹក​នៃ​ការចុះចាញ់​សង្គ្រាម​និង​ថ្លែង​ពី​វិប្បដិសារី​របស់​ជប៉ុន​នៅ​អំឡុង​សង្គ្រាមលោកលើកទី២ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ទំនាក់ទំនង​ការបរទេស​ជាមួយ​ប្រទេស​ដែល​ធ្លាប់​រងគ្រោះ​ដោយសារតែ​ការគ្រប់គ្រង​ដោយ​ជប៉ុន។

គួរបញ្ជាក់​ផងដែរ​ថា​នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី២ជប៉ុន​បាន​គ្រប់គ្រង​ប្រទេស​កូរ៉េ និង​ចិន​ហើយ​នៅពេល​នោះដែរ​ទាហាន​ជប៉ុន​បាន​ចាប់​ស្រី្ត​ជនជាតិ​ចិន​និង​កូរ៉េ​ជាច្រើន​នាក់​ដើម្បី​បំរើ​ផ្លូវភេទ​របស់ខ្លួន ហើយ​ប្រៀបប្រដូច​ពួកគេ​ទៅនឹង​ទាសករ​ផ្លូវភេទ។ កត្តា​ទាំងនេះហើយ​ដែល​ធ្វើអោយ​ប្រជាជន​ចិន​និង​កូរ៉េ​ចងចាំ​មិន​ភ្លេច និង​ចងគំនុំ​ជាមួយ​ជប៉ុន​ហើយ​ចាត់ទុក​អំពើ​របស់​ទាហាន​ជប៉ុន​ជា​អំពើ​គួរអោយ​ស្អប់ខ្ពើម​បំផុត៕



© រក្សាសិទ្ធិដោយ thmeythmey.com