អន្តរជាតិ
ទស្សនាវដ្តីបារាំង​បង្ហោះ​រូបត្លុក​មេដឹកនាំរដ្ឋឥស្លាម មុនមាន​ការវាយប្រហារ​
08, Jan 2015 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
មុនមានការ​វាយប្រហារ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ គេឃើញ​ទស្សនាវដ្តី Charlie Hebdo បង្ហោះរូបត្លុករបស់​មេដឹកនាំក្រុមរដ្ឋឥស្លាមផងដែរ ហើយ​គេឃើញ​មាន​ពាក្យ​ថា​ជូនពរ Baghdadi ។ តាមពិតទៅ​ទស្សនាវដ្តីនេះ តែង​តែ​គូរ​ និងបោះពុម្ភផ្សាយ​រូបភាពត្លុកស្តីពីបញ្ហា​ចម្រូង​ចម្រាស​ ផ្នែកសាសនា​ វប្បធម៌ នយោបាយ មេដឹកនាំពិភពលោកជាដើម តាំងពីយូរយារមកហើយ។ 


ត្រឹមតែ​មួយម៉ោង​ប៉ុណ្ណោះ​មុនមាន​ការវាយប្រហារ​លើទស្សនាវដ្តី Charlie Hebdo នៅបារាំងដែលសម្លាប់មនុស្ស​១២នាក់ គេឃើញ​ទស្សនាវដ្តីនេះបោះពុម្ភ​និងបង្ហោះរូបត្លុកមេដឹកនាំ​រដ្ឋឥស្លាម Abu Bakr al-Baghdadi ​ដែលភ្ជាប់ពាក្យ​ជូនពរផងផង។ រូបភាពជាលក្ខណៈត្លុកនោះមាន​ពណ៌ស ខ្មៅ ដែលមានរូបមេដឹកនាំកំពូលក្រុមរដ្ឋឥស្លាមត្រូវបានគេបង្ហោះ​តាម​ប្រព័ន្ធទំនាក់ទំនងសង្គម​ Twitter កាល​ពីម្សិលមិញនេះ​ ហើយ​បើតាមការ​អះអាង​របស់សាក្សី រូបភាព​ត្រូវ​បាន​គេ​បង្ហោះ​មុនការ​វាយប្រហារ​ត្រឹមមួយ​ម៉ោង​ប៉ុណ្ណោះ។ 

បើតាម​អ្នក​ជំនាញរូបភាព​ដែល​គេ​គូរ​នោះ​ បង្ហាញ​មេដឹកនាំ​រដ្ឋ​ឥស្លាម​លើក​ដៃ​​ស្តាំឡើង​លើ និង​លើក​ចង្អុលដៃមួយ ដែលនេះ​មានន័យថា ជាការឧទ្ទិសដល់​មនោគមន៍វិជ្ជា និងសាសនា ដោយទាមទារអោយ​មានការ​កម្ទេច​ចោលប្រទេស​លោក​ខាងលិច។​ ដោយឡែកបើតាម​ខ្សែ​អាត់វីដេអូគេ​ថតបាន​នៅក្នុង​សកម្មភាព​វាយប្រហារ​ការិយាល័យ​ទស្សនាវដ្តីខាងល់ើ​ពីម្សិលមិញ​គេ​សង្កេត​ឃើញ​មាន​ជនសង្ស័យ​ម្នាក់​បាន​លើក​ដៃ​ឡើង​លើ​ធ្វើកាយ​វិការ​ស្រដៀង​គ្នា​នឹងរូប​ត្លុក​ដែរ​ ខណៈពេល​ជននោះ​កាន់កាភ្លើងអាកា ៤៧ មួយដើមក្រោយពេលវាយប្រហារនៅក្នុង​ការិយាល័យរួចហើយនោះ។ ​

យ៉ាងណា​ក៏ដោយ កាលពីថ្មីៗនេះគេ​ឃើញ ​រូបភាពមួយទៀត​ដែល​ត្រូវបានទស្សនាវដ្តីខាងលើ​បោះពុម្ភផ្សាយដែលនោះក៏​បង្ហាញ​ពី​ក្រុម​សកម្ម​ប្រយុទ្ធរដ្ឋឥស្លាម​ដែរ ដែលរូបនោះគូរដោយ​និពន្ធនាយកទស្សនាវ​ដ្តីលោក Stephane Charbonnier ផងដែរ ។ ក្នុងរូបនោះ​មាន​ បុរសម្នាក់មាន​ពុកមាត់ស្ពាយកាំភ្លើង ដែលគេចាត់ទុក​ថា​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​ និងធ្វើសញ្ញាដូចគ្នា​នឹង​រូបភាពមេដឹកនាំ​រដ្ឋ​ឥស្លាម​ខាងលើ​ដែរ។ ប៉ុន្តែ​គេ​ឃើញ​រូប​ភាព​មាន​ភ្ជាប់ឃ្លាដែល​លើកឡើងពីគម្រោងវាយប្រហារប្រទេស​បារាំងផងដែរ។ ឃ្លា​នោះសរសេរជាភាសាបារាំង ដែលមានន័យថា​ ៖«នៅមិនទាន់មានការ​វាយ​ប្រហារ​នៅបារាំងទេ?​រង់ចាំបន្តិច ! យើងមានពេលរហូតដល់​ចុង​ខែ​មករា​ដើម្បីបង្ហាញ​ការ​ជូនពរ​របស់ពួក​យើង​»។ ក្នុង​ពេល​ក្រុម​ភេរវជនវាយប្រហារ​ក្នុង​ការិយាល័យ ជនម្នាក់​បានស្រែករកលោក Stephane Charbonnier ផងដែរ ដែលនេះបញ្ជាក់ថា​ លោក ជាគោលដៅនៃការ​វាយ​ប្រហារ​នេះ។   

© រក្សាសិទ្ធិដោយ thmeythmey.com