ជាតិ
សង្គមជាតិ
​និ​ស្សិត​​​ពេ​ទ្យ​៖​ ​បើ​រ​ដ្ឋ​ចង់​​ពង្រឹ​ង​​វិ​ស័​យ​​សុ​ខា​ភិ​បា​ល​ ត្រូ​វ​យ​ក​​​ថ​វិ​កា​រ​ដ្ឋ​​​ម​ក​​ទ្រ​ទ្រ​ង់​​​វិ​ស័​យ​នេះ​​
08, Jan 2015 , 1:35 pm        
រូបភាព
និស្សិត​ពេទ្យ​ប្រមាណ៥០នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា នៅមុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០៨ខែមករា​នេះ ស្នើសុំ​អន្តរាគមន៍ ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការកំណត់​តម្លៃ​ទិញ​ពាក្យ​ប្រឡង​ថ្នាក់ជាតិ និង​ការកំណត់​អាយុ​ចំពោះ​វេជ្ជបណ្ឌិត​ដែលមាន​បំណង​ប្រឡង​ក្របខណ្ឌ​រដ្ឋ។ ក្រៅពី​ការ​ឈរ​កាន់​បដា​ទាមទារ ក្រុមនិស្សិត​ក៏បាន​ផ្តិតមេដៃ ដែលមាន​ខ្លឹមសារ​មិន​ពេញចិត្ត​ចំពោះ​ការកំណត់​នេះ ទៅកាន់​ថ្នាក់ដឹកនាំ​សាលា​ផងដែរ។



មិនមែន​មានតែ​និស្សិត​តែ​ជាង៥០នាក់​ដែល​មក​តវ៉ា នៅមុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ព្រឹក​នេះ​នោះទេ ដែល​មិន​ពេញចិត្ត​ចំពោះ​ការកំណត់​របស់​ក្រសួង ប៉ុន្តែ​និស្សិត​ភាគច្រើន ទាំង​ឱសថ​សាស្ត្រ វេជ្ជបណ្ឌិត​ទូទៅ គិលានុបដ្ឋាយិកា និង​ទណ្ឌ​បណ្ឌិត​ជាដើម ដែល​ត្រូវ​បញ្ចប់​ការសិក្សា និង​ត្រូវ​ប្រឡង​ថ្នាក់ជាតិ​នៅ​ឆ្នាំនេះ ក៏បាន​សម្តែង​ការមិន​ពេញចិត្ត​ផងដែរ ប៉ុន្តែ​គ្រាន់តែ​ពួកគាត់​មិន​ហ៊ាន​ចេញមុខ តែប៉ុណ្ណោះ ដោយហេតុ​ផល​ថា ខ្លាច​មានការ​រឹតបន្តឹង​នៅពេល​ប្រឡង ឬ​ពេលធ្វើ​អត្រាកំណែ​វិញ្ញាសា។ នេះ​បើតាម​ការបញ្ជាក់ របស់​តំណាង​និស្សិត​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ជា​និស្សិត​ផ្នែក​វេជ្ជសាស្ត្រ​ជំនា​ន់ទី៣៥ ដែល​ត្រូវ​ប្រឡង​ថ្នាក់ជាតិ​នៅ​ឆ្នាំ​នេះដែរ បានឱ្យដឹងថា រូបគាត់ និង និស្សិត​ទាំងអស់ ពេញចិត្ត​និង​ការប្រឡង​ថ្នាក់ជាតិ ដែលជា​ផ្នែក​មួយ​នៃ​ការពង្រឹង​គុណភាព​រប​ស់​វេជ្ជបណ្ឌិត​ដែល​បញ្ចប់​ការសិក្សា ប៉ុន្តែ​មិន​ពេញចិត្ត​ចំពោះ​ការកំណត់​ទិញ​ពាក្យ​ប្រឡង​ចំនួន១២៥ដុល្លារ ដែល​លោក អះអាងថា វិធានការ​នេះ មិនមែនជា​វិធាន​ការដែល​អាចឱ្យ វិស័យ​សុខាភិបាល មានគុណ​ភាពប្រសើរ​ជាង​នេះ​នោះទេ តែ​ជាការ​ជំរិត​ទារលុយ​ពី​និស្សិត​ដោយ​ស្របច្បាប់។

និស្សិត​ពេទ្យ​រូបនោះ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ប្រសិនបើ​រាជរដ្ឋាភិបាល​ពិតជា​ចង់​ពង្រឹងគុណភាព​ក្នុង​វិស័យ​សុខាភិបាល រដ្ឋាភិបាល​មិនត្រូវ​មក​ជំរិត​យកប្រាក់​ពី​និស្សិត​តាមរយៈ​រូបភាពផ្សេងៗនោះទេ រដ្ឋាភិបាល​ត្រូវតែ​យក​ថវិកាជាតិ​មក​ផ្គត់ផ្គង់​វិស័យនេះ ដូច​ជាការ​ផ្តល់ជំនួយ​ដូចជា​ឧបករណ៍ទំនើបៗពាក់ព័ន្ធ​នឹង​ផ្នែក​សុខាភិបាល ដើម្បីឱ្យ​និស្សិត​បាន​អនុវត្តន៍ ផ្តល់ប្រាក់​បៀវត្ស​ដល់​សាស្ត្រាចារ្យ​ឱ្យ​គ្រប់គ្រាន់ និង​ត្រូវ​រក​មន្ទីរពេទ្យ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បីឱ្យ​និស្សិត​ចុះទៅ​អនុវត្តន៍​ការងារ​ជាដើម»។

ពាក់ព័ន្ធ​នឹង​ការកំណត់​អាយុ​ត្រឹម៣០ឆ្នាំ សម្រាប់​វេជ្ជបណ្ឌិត​ដែល​ចង់​ប្រឡង​ក្របខណ្ឌ​រដ្ឋ​វិញ និស្សិត​ទាំងអស់​ស្នើ​សុំឱ្យ​ក្រសួង កំណត់​អាយុប្រមាណ៣៥ឆ្នាំ​សម្រាប់​ថ្នាក់​វេជ្ជសាស្ត្រ​ទូទៅ និង​សម្រាប់​ថ្នាក់​ឯកទេស​ឱ្យ​លើសពី​អាយុ៣៥ឆ្នាំ។ និស្សិត​ដដែល​នោះបាន​បន្ថែមថា៖«និស្សិត​ត្រូវ​ចំណាយពេល​រៀន​យូរណាស់ អ្នកខ្លះ​ត្រូវ៦ទៅ៨ឬ៩ឆ្នាំ​តាម​ជំនាញនីមួយៗ ហើយ​រហូតដល់​រៀន​ចប់ គឺ​ផុត​អាយុ​ប្រឡង​ចូលធ្វើការ​រដ្ឋ​បាត់ទៅហើយ ហើយក៏​មិន​ប្រាកដថា ប្រឡង​ម្តង​ជាប់​នោះទេ អ្នកខ្លះ​ត្រូវ​ប្រឡង២ឬ៣ដង​ឯណោះ​ទើប​ជាប់»។

សូមបញ្ជាក់ថា​កាលពីពេលថ្មីៗនេះ គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការប្រឡង​ថ្នាក់ជាតិ​នៅតាម​គ្រឹះស្ថាន​វិស័យ​សុខាភិបាល​ប្រចាំឆ្នាំ២០១៥ ។ សេចក្តីជូនដំណឹង​បន្តថា និស្សិត​ពេទ្យ​ទាំងអស់​ដែល​បានបញ្ចប់​ការសិក្សា​ឆ្នាំ ២០១៣-២០១៤ ត្រូវដាក់​ពាក្យ​ប្រឡង​ថ្នាក់ជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៤និង២៥ ខែមករា ឆ្នាំ២០១៥ សម្រាប់​ទ្រឹស្តី និង​ថ្ងៃទី០៥ ខែកុម្ភៈ សម្រាប់​ជំនាញ​គ្លីនិក។ និស្សិត​បង់ថ្លៃ​ប្រឡង​ថ្នាក់ជាតិ​ចំនួន១២៥ដុល្លារ​ក្នុង​ម្នាក់ ហើយ​បើ​ប្រឡង​ធ្លាក់​ត្រូវ​បង់លុយ​ប្រឡង​ម្តងទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com