ជាតិ
សង្គមជាតិ
អ្នកកាសែត​ខ្មែរ​ថ្កោលទោស​ទង្វើ​ធ្វើឃាត​លើ​អ្នកកាសែត​បារាំង
08, Jan 2015 , 4:25 pm        
រូបភាព
ភ្នំពេញ៖ អ្នកកាសែត​ខ្មែរ​ប្រកាស​ថ្កោលទោស​ភេ​វរជន​ដែល​បានសម្លាប់​អ្នកកាសែត​បារាំង។ ការ​ថ្កោលទោស​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​វាយប្រហារ ទៅលើ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​បារាំង Charlie Hebdo នៅ​ផ្លូវ Nicolas-Appert ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ល្ងាច​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួប១២នាក់​ក្នុងនោះ​ប៉ូលិស២នាក់ អ្នកកាសែត៨នាក់ ភ្ញៀវ១នាក់ និង​ភ្នាក់ងារ​ទទួលភ្ញៀវ១នាក់។ ក្នុងចំណោម​អ្នកកាសែត៨នាក់ អ្នក​គូ​រូប​ត្លុក​មាន​រហូតដល់​ទៅ៥នាក់។



ខាងក្រោម​នេះ​ជា​ប្រតិកម្ម​របស់​អ្នកកាសែត​ខ្មែរ​ចំពោះ​ឃាតកម្ម​លើ​អ្នកកាសែត Charlie Hebdo។

លោក ពុ​យ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៃ​ទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន​ក្យូ​ដូ(Kyodo)៖«អ្នកកាសែត​គ្រាន់តែ​ជា​អ្នកសរសេរ​ជួយ​ឆ្លុះបញ្ចាំង​សង្គម​ដើម្បី​ផលប្រយោជន៍​រួម​តែប៉ុណ្ណោះ។ ដូច្នេះ ពួកគេ​មិនត្រូវ​រង​នូវ​ការសម្លាប់​ឡើយ។ ការសម្លាប់​នេះ គឺជា​ការ​បំបិទ​សេរីភាព​ក្នុងការ​បញ្ចេញមតិ។ ខ្ញុំ​មានការ​សោកស្តាយ»។

លោក កៃ គឹម​សុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ
៖«ខ្ញុំ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ភេ​វេរ​ជន​ដែល​បានធ្វើ​ឃាត​លើ​អ្នកកាសែត​បារាំង។ ក្រុម​ភេ​វ​រក​កំពុង​ចាត់ទុក​សារព័ត៌មាន​ថា ជា​ឧបសគ្គ​របស់​ពួកគេ»។

លោក សយ សុភាព អគ្គនាយក​សារព័ត៌មាន​អន​ឡាញ​ដើម​អំពិល៖«ជាដំបូង​ខ្ញុំ​សូម​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​អ្នកកាសែត​បារាំង។ បន្ទាប់មក ខ្ញុំ​សូម​ថ្កោលទោស​ទង្វើ​ភេ​វរ​ករ​ដែល​បានសម្លាប់​អ្នកកាសែត​បារាំង។ ព្រម​ពេល​ជាមួយគ្នា ខ្ញុំ​សូម​អំពាវ​នាវា​អោយ​អ្នកកាសែត​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​លើ​សំណេរ​របស់ខ្លួន»។

លោក ឆាយ សុផល សមាជិក​គណៈកម្មាធិកា​រ​នាយក​ក្លិប​អ្នកកាសែត​កម្ពុជា៖«ខ្ញុំ​មានការ​សោកស្តាយ​មែនទែន​ចំពោះ​ដំណឹង​ដែលថា អ្នកកាសែត​បារាំង​ត្រូវបាន​គេ​ចូលទៅ​បាញ់​ទីស្នាក់ការ​ផ្ទាល់​តែម្តង។ នេះ​គឺជា​ទង្វើ​កំសាក​បំផុត​របស់​ឃាតករ»។

លោក ហ៊ុយ វណ្ណៈ អគ្គនាយករង​នៃ​ទូរទស្សន៍ CNC៖«ការសម្លាប់​អ្នកកាសែត គឺជា​ការសម្លាប់​មនសិកា​រ និង​ជាការ​ប្រឆាំង​ស្មារតី​របស់​មនុស្ស។ ការយក​កាំភ្លើង​ទៅ​បាញ់​អ្នកកាសែត​ដែល​កាន់តែ​ប៊ិច គឺជា​អំពើ​អមនុស្សធម៌។ ខ្ញុំ​ថ្កោលទោស និង​អំពាវនាវ​អោយមាន​ការរក​យុត្តិធម៌​ជូន​ជនរងគ្រោះ»។



© រក្សាសិទ្ធិដោយ thmeythmey.com