អន្តរជាតិ
នយោបាយអន្តរជាតិ
ស្រីលង្ការបោះឆ្នោតប្រធានាធិបតីប្រកបដោយភាពតានតឹង
×
នៅថ្ងៃព្រហស្បតិ៍នេះការបោះឆ្នោតប្រធានាធិបតីត្រូវបានរៀបចំឡើងនៅក្នុងប្រទេសស្រីលង្ការ។ ការ បោះឆ្នោតហាក់មានការប្រកួតប្រជែងខ្ពស់ក្នុងចំណោមបេក្ខជនដែលឈរឈ្មោះ ហើយប្រធានា ធិបតី ក្នុងតំណែងក៏កំពុងស្វះស្វែងរកការកាន់តំណែងក្នុងអាណត្តិទីបីបន្តទៀតដែរ។ ប្រធានាធិបតី បច្ចុប្បន្ន មានរឿងអាស្រូវច្រើនដោយសារលោករងការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយ និងបរាជ័យ ក្នុង ការជួយផ្សះផ្សារជាតិ។
កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ
ការបោះឆ្នោតប្រកបដោយភាពតានតឹង និងប្រកួតប្រជែងគ្នាខ្លាំង នៅក្នុងប្រទេសស្រីលង្ការ ត្រូវបានគេ រៀបចំឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ ក្នុងការបោះឆ្នោតថ្ងៃនេះ គេឃើញមានវត្តមានបេក្ខជនឈរឈ្មោះ ជាច្រើននាក់ ក្នុងនោះមានប្រធានធិបតីក្នុងតំណែងលោក Mahinda Rajapaksa ដែលជាបុរសខ្លាំង ស្រីលង្ការ លោកកំពុងស្វះស្វែងរកការគាំទ្រ ដើម្បីបានឡើងកាន់តំណែងជាថ្មីម្រាប់អាណត្តិទី៣បន្តទៀត។ មេដឹកនាំខាងលើនេះ ធ្លាប់មានរឿងអាស្រូវច្រើនទាក់ទិននឹងការប្រព្រឹត្តអំពើពុករលួយ និងអសមត្ថភាព ក្នុងការរៀបចំអោយមានការផ្សះផ្សាជាតិស្រីលង្ការថែមទៀតផង។
ប៉ុន្តែយ៉ាងណាក៏ដោយ លោកប្រធានាធិបតីក្នុងតំណែងរូបនេះ កំពុងតែព្យាយាមប្រកួតប្រជែងជាមួយ បេក្ខជនផ្សេងទៀត ដោយសង្ឃឹមថា កៅអីប្រធានាធិបតី នឹងនៅបន្តស្ថិតក្រោមការគ្រប់គ្រងរបស់លោកជាថ្មីទៀតសម្រាប់អាណត្តិទីបី ។ ដូច្នេះហើយទើបបានជាលោកប្រកាសរៀបចំការបោះឆ្នោតមុនអាណត្តិបែបនេះ។ បើសិនជាលោកជាប់ឆ្នោត លោកនឹងបន្តកាន់តំណែងសម្រាប់អាណត្តិទី៣ ដែលមានរយៈពេល៥ឆ្នាំ ប៉ុន្តែក្នុងការឃោសនាបោះឆ្នោតកន្លងមក គេឃើញរដ្ឋមន្ត្រីសុខាភិបាលស្រីលង្ការដែលឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតដែរនោះ ទទួលបានការគាំទ្រប្រកៀកប្រកិតសំឡេងគាំទ្រ លោកប្រធានាធិបតីខាងលើដែរ។
យ៉ាងណាក៏ដោយក្នុងការបោះឆ្នោតនៅពេលនេះ គេអង្កេតឃើញបណ្តាអ្នកអង្កេតការណ៍ឯករាជ្យ ប្រកាសស្នើសុំអោយអាជ្ញាធររក្សាសន្តិសុខ និងសុវត្ថិភាពនៅក្នុងពេលបោះឆ្នោតនេះ ជាពិសេសបញ្ចៀសអោយបាននូវការគំរាមកំហែងអ្នកបោះឆ្នោតនៅតំបន់ភាគខាងជើងដែលកាន់កាប់ដោយក្រុមខ្លាតាមិល។ កាលពីថ្មីៗនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអំពាវនាវទៅកាន់រដ្ឋាភិបាលស្រីលង្ការអោយធានាថាការបោះឆ្នោតប្រធានាធិបតី វាប្រាកដជាត្រឹមត្រូវ សេរី និងយុត្តិធម៌ គ្មានការគំរាមកំហែងឡើយ។ កាលពីប៉ុន្មានថ្ងៃមុនប្រមុខការទូតអាមេរិកលោក ចន ឃឺរី បានប្រកាសស្នើសុំអោយរដ្ឋាភិបាលស្រីលង្ការ ទទួលខុសត្រូវអោយបានខ្ពស់ចំពោះការធានាសន្តិសុខនៅថ្ងៃបោះឆ្នោតថ្ងៃនេះ ដើម្បីអោយការបោះឆ្នោតអាចរៀបចំទៅបានដោយត្រឹមត្រូវស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
ដោយឡែកទាក់ទិននឹងការបោះឆ្នោតនេះ គេសន្និដ្ឋានថាប្រធានាធិបតីក្នុងតំណែងនេះនឹងអាចឈ្នះការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិទីបីរបស់លោក ប៉ុន្តែគេភ័យខ្លាចថាបុរសខ្លាំងវ័យ ៦៩ឆ្នាំនេះ នឹងបន្តកាន់តំណែងនិងពង្រឹងអំណាចរបស់ខ្លួនអោយកាន់តែខ្លាំង។ អ្នកវិភាគបារម្ភថា ការឡើងកាន់តំណែងជាថ្មីរបស់មេដឹកនាំស្រីលង្ការនេះនឹងជំរុញអោយរបបផ្តាច់ការផុសឡើងជាថ្មីក្នុងប្រទេសផងដែរ។ ក្រោយជាប់ឆ្នោតក្នុងអាណត្តិទី២ កាលពីឆ្នាំ ២០១០ លោក Mahinda Rajapaksa បានព្យាយាមពង្រឹងអំណាចនយោបាយរបស់ខ្លួនបន្តិចម្តងៗរហូតដល់អាណត្តិថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com