សង្គមអន្តរជាតិ​
អន្តរជាតិ
នៅ​លោកខាងលិច ខែមករា គឺជា​ខែ​ដែលមាន​អត្រា​លែងលះ​ខ្ពស់​ជាងគេ​បំផុត
08, Jan 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​នៅ​លោកខាងលិច នៅពេល​ចូលដល់​ខែមករា​នេះ មេធាវី​ផ្នែក​អាពាហ៍ពិពាហ៍ គឺមាន​ការងារ​មមាញឹក​ជាងគេ​បង្អស់ ព្រោះថា​មាន​ប្ដី​ប្រពន្ធ​ជាច្រើន​គូ បាន​សម្រុក​ទៅសុំ​ការពិគ្រោះ​យោបល់​ពី​ការ​លែងលះ និង​ខ្លះទៀត​សម្រេចចិត្ត​ដាក់ពាក្យ​សុំ​លែងលះ​តែម្ដង។ នេះ​បើ​យោងតាម​គេហទំព័រ market watch ។



លោក James McLaren ប្រធាន​បណ្ឌិតសភា​មេធាវី​អាពាហ៍ពិពាហ៍​អាមេរិក បាន​ប្រាប់​គេហទំព័រ​ខាងលើ​ថា លោក​តែងតែ​សង្កេតឃើញថា ចំនួន​មនុស្ស​ដែល​មក​ស្វែងរក​ការប្រឹក្សា​យោបល់ និង​ចុងក្រោយ​បានសម្រេច​ចិត្ត​ដាក់ពាក្យ​លែងលះ​នោះ គឺមាន​ការកើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ខែមករា។

លោក​បាន​បន្ថែមថា ចំនួន​អ្នក​ដែល​បាន​មករក​មេធាវី​ដើម្បី​ប្រឹក្សា​យោបល់ និង ដាក់ពាក្យ​លែងលះ គឺមាន​អត្រា មួយ ភាគ បី នៅក្នុង​ខែមករា ពោលគឺ​ខ្ពស់ជាង​ខែណាៗទាំងអស់ ហើយ​និន្នាការ​នេះ​គឺ​បានចាប់ផ្ដើម​ពី​ខែមករា រហូតដល់​ខែមីនា។

ដោយឡែក​លទ្ធផល​នៃ​ការស្ទង់មតិ​របស់​សហ​គ្រាស​ប្រឹក្សា​ផ្នែក​ច្បាប់ Irwin Mitchellទៅលើ​ប្ដី​ប្រពន្ធ​ជាង ២០០០ គូ បាន​បង្ហាញថា និន្នាការ​ស្រដៀង​គ្នា​នេះ ក៏មាន​កើតមាន​ផងដែរ​នៅក្នុង​ចក្រភព​អង់គ្លេស  ដោយ​អត្រា​នៃ​ការដាក់​ពាក្យ​លែងលះ​នៅក្នុង​ខែមករា​នេះ គឺមាន​រហូតដល់ មួយ ភាគ ប្រាំ។ នៅក្នុង​ខែមករា​នេះ​ផងដែរ​មេធាវី​ការពារ​រឿងក្ដី​លែងលះគ្នា បានទទួល​ឯកសារ​សុំ​លែងលះ​ចំនួន ២៧ ភាគរយ ពោល​គឺមាន​អត្រា​ខ្ពស់បំផុត បើ​ធៀប​នឹង​អត្រា​ជា​មធ្យម​ក្នុងផ្សេងៗទៀត​នោះ។

លោក James McLaren បាន​ពន្យល់​ពី​មូលហេតុសំខាន់ៗចំនួន​ពីរ ដែល​ធ្វើ​ឲ្យ​ខែមករា មាន​អត្រា​នៃ​ការ​លែងលះ​ខ្ពស់ ទីមួយ​គឺ ប្ដី​ប្រពន្ធ​ភាគច្រើន​ដែលមាន​រឿងរ៉ាវ​រហូត​ដល់​ចង់​លែងលះ គ្នា មិន​ចង់ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ចុងឆ្នាំ​នោះទេ ព្រោះ​វា​ជា​ពេលវេលា​ឈប់សម្រាក ហើយ​តុលាការ​ត្រូវការ​ពេលវេលា​យ៉ាងតិចណាស់​ក៏ ៣ សប្ដាហ៍​ដែរ​ដើម្បី​ដោះស្រាយ​រឿងក្ដី​ប្រភេទ​នេះ ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ​រង់ចាំ​រហូតដល់​ខែមករា​តែម្ដងទៅ។

មូលហេតុ​ទី​ពីរ​គឺថា ប្ដី​ប្រពន្ធ​ដែល​គ្រោង​នឹង​លែងលះគ្នា ពួកគេ​ចង់​ទុកពេល​នៅ​ជួបជុំ​ជាមួយ​គ្រួសារ​របស់​ពួកគេ​ជា​លើកចុងក្រោយ​សិន នៅក្នុង​រដូវ​កាល​ឈប់សម្រាក​ចុងឆ្នាំ ព្រោះ​មាន​ពិធីបុណ្យ​ជាច្រើន​នៅ​លោកខាងលិច​ដែល​នឹង​ត្រូវធ្វើ​នៅ​ចុងឆ្នាំ​ដូចជា បុណ្យ Thanksgiving Hanukkah Christmas ឬ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com