អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូ​ទីន​អនុញ្ញាតអោយ​ជនបរទេស​ចូល​បម្រើ​វិស័យ​យោធា​រុស្ស៊ី
08, Jan 2015 , 5:11 pm        
រូបភាព

ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដែល អនុញ្ញាតអោយ​បណ្តាជន​បរ​ទស​ទាំងអស់​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​យោធា​រុស្ស៊ី និង​កម្លាំង​របស់​ក្រ​សូង​មហាផ្ទៃ។ ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាតអោយ​ជនបរទេស អាច​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​យោធា​បាន នេះ​ត្រូវបាន​គេ​ផ្សាយ​នៅលើ​គេហទំព័រ​របស់ រដ្ឋាភិបាល​ក្រេ​ម​ឡាំង។


រាយការណ៍​ព័ត៌មាន​ដោយ លោក រឿន ភា​រុន



មេដឹកនាំ​កំពូល​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ ដែល​បើកផ្លូវ ដល់​បណ្តាជន​បរទេស​ដែលមាន​ចំណាប់អារម្មណ៍ ចង់​បំពេញ​កា​ងារ​ក្នុង​វិស័យ​យោធា អាច​ចូល​បម្រើ​ការងារ​ជា​កងទ័ព​រុស្ស៊ី​បាន​ដោយ​សេរី។

បើតាម​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​រដ្ឋាភិបាល​រុស្ស៊ី ដែល​យោងតាម ក្រឹត្យ​ប្រធានាធិបតី រាល់​ជនបរទេស​ដែលមាន​វ័យ​ពី១៨ ដល់ ៣០ឆ្នាំ ចេះ​និយាយ​ភាសា រុស្ស៊ី និង​មិន​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ឬ​រង​ការកាត់ទោស​ដោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វី​នោះ អាចដាក់​ពាក្យស្នើសុំ​បំពេញភារកិច្ច​ជា​កងទ័ព​សហព័ន្ធរុស្ស៊ី​បាន។

បើតាម​ការ​អោយដឹងពី​មន្ត្រី​រុស្ស៊ី ក្រឹត្យ​ប្រធានាធិបតី​ស្តីពី​ការអនុញ្ញាតអោយ​ជនបរទេស ចូល​បម្រើកងទ័ព​រុស្ស៊ី​នេះ ត្រូវបាន​លោក ពូ​ទីន ចុះហត្ថលេខា​ង​តាំង​ពីថ្ងៃ ២មករា ឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែ​គេ​ទើប​ឃើញ​ចុះផ្សាយ​ក្នុង​គេហទំព័រ​រដ្ឋាភិបាល​កាល ពី​ចុង​សប្តាហ៍​មុននេះ។

ជនបរទេស​ដែល​ស្ម័គ្រចិត្ត​បម្រើ​ការងារ​ជា​ទាហាន​រុស្ស៊ី ជា​ទាហាន​កិច្ចសន្យា​រយៈពេល ប្រាំ​ឆ្នាំ ហើយ​ប្រាក់បៀវត្ស​ន៍​ពួកគេ​អាច​ទទួលបាន​រហូតដល់ ៥០០ដុល្លារ​អាមេរិក​ក្នុង មួយខែ។ 
យ៉ាងណាក៏ដោយ ការចេញ​ច្បាប់​អនុញ្ញាតអោយ​ជនបរទេស​ចូល​បម្រើកងទ័ព​រុស្ស៊ី​នេះ នឹង​ជួយ​សម្រួល​ដល់​យុវជន ដែល​មកពី​បណ្តា​ប្រទេស​នៅ​អាស៊ី​កណ្តាល​ជា​អតីត​រដ្ឋ​សហ ភាព​សូ​វៀត​នោះ ដែល​ពួកគេ​បន្ត​ឆ្លង​ចូលមក​កាន់​ប្រទេស​រុស្ស៊ី​ក្នុង​ក្របខ័ណ្ឌ​ជា​ពលករ ចំណាកស្រុក​នោះ អាច​ចុះឈ្មោះ​បម្រើ​ការងារ​ជា​ទាហាន និង​ទទួលបាន​ផលប្រយោជន៍ ការងារ​និង​ប្រាក់កម្រៃ​សមរម្យ​ផងដែរ។

ចំណែក​បច្ចុប្បន្ននេះ គេ​ឃើញ​មាន​ប្រជាជន ជាពិសេស​យុវជន​មកពី​អតីត​រដ្ឋ​សភាព សូ​វៀត​នៅ​អាស៊ី​កណ្តាល ដែល​កំពុង​ស្វះ​ស្វែងរក​កា​ងារ​ធ្វើ​ស្រាប់​នោះ បង្ហាញ​ចំណាប់ អារម្មណ៍ ហើយ​ពួកគេ​ប្រាកដជា​នឹង​ចុះឈ្មោះ​ចូល​បម្រើ​ការងារ​ជា​ទាហាន​រុស្ស៊ី​ជាក់ ជាមិនខាន។

ជនបរទេស​ដែល​ចូល​បម្រើ​ការងារ​ជា​ទាហាន​រុស្ស៊ី​នឹង​ទទួលបាន​សញ្ជាតិ​រុស្ស៊ី។ បច្ចុប្បន្ននេះ ជនបរទេស​ដែល​បម្រើ​ការងារ​ជា​ទាហាន​រុស្ស៊ី​មាន​ជាច្រើន​នាក់ ដែល​ពួកគេ​បំពេញការងារ​ក្នុងប្រទេស​របស់​ពួកគេ ហើយ​រុស្ស៊ី​មាន​មូលដ្ឋាន​កងទ័ព នៅក្នុង​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា Armenia និង​Tajikistan ហើយ​និង​នៅតាម បណ្តា​អតីត​រដ្ឋ​សភាព​សូ​វៀត​ផ្សេងទៀត​នៅ Moldova និង Georgia ថែម​ទៀតផង។

បើតាម​ក្រឹត្យ​ខាងលើ ទាហាន​ដែលជា​ជនបរទេស​អាច​នឹងត្រូវ​បញ្ជូនទៅ​បរទេស ក្នុងករណី​មាន​សង្គ្រាម​កើតឡើង ប៉ុន្តែ​មានមតិ​ខ្លះ​លើកឡើងថា ការសម្រេច​អនុម័ត ក្រឹត្យ​ថ្មី​នេះ​អាចពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន និង​ការបង្កើន​កម្លាំង​ទប់ទល់ ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ផងដែរ។ ប៉ុន្តែ​បើតាម​អ្នកវិភាគ ទង្វើ​របស់​ក្រុង​ម៉ូស្គូ​ដូចជា មិនមាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​បញ្ហា​អ៊ុយ​ក្រែ​ន​ឡើយ ប៉ុន្តែ​រុស្ស៊ី​ចង់​ជំរុញ​អោយ​កងទ័ព​រប​ស់​ខ្លួន​បង្កើន​សមត្ថភាព និង​វិជ្ជាជីវៈ​របស់ខ្លួន ព្រមទាំង​បង្កើន​ឥទ្ធិពល​របស់​រុស្ស៊ី​លើ​បណ្តា​ប្រទេស​នៅ​អាស៊ី​កណ្តាល​ដែល​សុទ្ធ​ជា​អតីត​រដ្ឋ​សហភាពសូវៀត​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com