ជាតិ
សង្គមជាតិ
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិ មានប្រាក់ខែពី ១២ម៉ឺនដល់ ៤០ម៉ឺនរៀល
× ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យថ្មីស្តីពីការកំណត់ប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិ ចាប់ពី ១២ ម៉ឺនរៀល ដល់ ៤សែនរៀល ដោយផ្តើមអនុវត្តចាប់ពីថ្ងៃខែមករានេះតទៅ។
រដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់ដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែជាថ្មីដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ បើយោងតាមអនុក្រឹត្យចុះថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០១៤ ប្រធានក្រុមប្រឹក្សា និងជាមេឃុំ ចៅសង្កាត់ ត្រូវទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤សែនរៀលក្នុងមួយខែ ហើយសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាជំទប់ និងចៅសង្កាត់ ទទួលបាន ៣៥ ម៉ឺនរៀលក្នុងមួយខែ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ៣សែនរៀល។
ដោយឡែក មេភូមិ ទទួលបបានប្រាក់ឧបត្ថម្ភ ១៦ ម៉ឺនរៀល អនុប្រធានភូមិ ១៤ ម៉ឺនរៀល និងសមាជិកភូមិ ទទួលបាន ១២ ម៉ឺនរៀលផងដែរ។
បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដដែល ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែថ្មីនេះ ត្រូវអនុវត្តន៍ ចំពោះតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិដែលស្ថិតក្នុងមុខតំណែងប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចំពោះប្រាក់ឧបត្ថម្ភប្រចាំខែកន្លងមកនេះ ប្រធានក្រុមប្រឹក្សា និងជាមេឃុំ ចៅសង្កាត់ ទទួលបាន ៣សែនរៀល ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាជំទប់ និងចៅសង្កាត់ ទទួលបាន ២៤ម៉ឺនរៀល ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ២សែនរៀល ក្នុងមួយខែ៕
© រក្សាសិទ្ធិដោយ thmeythmey.com