សង្គមអន្តរជាតិ​
អន្តរជាតិ
ម្ចាស់​ក្រុមហ៊ុន​វ័យក្មេង​នៅ​ចិន ផ្ដល់​រង្វាន់​ជា​រថយន្ត BMW ៤គ្រឿង​ដល់​បុគ្គលិក​ឆ្នើម
09, Jan 2015 , 10:42 am        
រូបភាព
ដោយ:

ស្ថិតក្នុង​វ័យ ២១ ឆ្នាំ កញ្ញា NiuMutong គឺជា​សហគ្រិន​វ័យក្មេង​ម្នាក់​នៅក្នុង​ប្រទេស​ចិន នាង​មានជំនឿថា​បុគ្គលិក​ដែល​ធ្វើការ​ដោយ​សប្បាយចិត្ត គឺជា​បុគ្គលិក​ដែលមាន​ផលិតភាព​ខ្ពស់។ ដោយយោង​លើ​ហេតុផល​នេះ នាង​បានសម្រេច​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ នៅក្នុង​ក្រុមហ៊ុន​របស់​នាង ជា​រថយន្ត​BMW ៤ គ្រឿង ដល់​បុគ្គលិក​ឆ្នើម ៤ រូប។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CCTV ។



បណ្ដាញ​ផ្សព្វផ្សាយ​ម​ជ្ឈឹ​មរ​ដ្ឋ​ចិន​មួយ​នេះ ក៏បាន​ផ្សាយ​ថា នាង NiuMutong គឺជា​ម្ចាស់​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណែ​ត​មួយ ត្រូវបាន​អ្នក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅក្នុង​ប្រទេស​ចិន ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់ពី​នាង​ប្រកាស​ផ្ដល់​រង្វាន់​ជា​រថយន្ត​BMW ៤ គ្រឿង បុគ្គលិក​របស់​នាង​ដែលជា​ផ្នែក​មួយ​នៃ​ប្រាក់រង្វាន់​ចុងឆ្នាំ​របស់​ពួកគេ​នោះ។

កញ្ញា NiuMutong បានចាប់ផ្ដើម​អាជីវកម្ម​របស់​នាង​នៅក្នុង​ឆ្នាំ ២០១១ ដោយ​បង្កើត​គេហទំព័រ​លក់​ផលិតផល​សម្រក​ទម្ងន់ ផលិតផល​ថែរក្សា​ស្បែក និង​ផលិតផល​ថែរក្សា​សុខភាព​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដែល​បច្ចុប្បន្ននេះ បាន​នឹង​កំពុងដំណើរការ​នៅក្នុង​ប្រទេស ចិន អាមេរិក អង់គ្លេស បារាំង អ៊ីតាលី និង​ណូ​វែ​ល​សេ​ឡង់។

មកដល់ពេលនេះ​នាង​បាន​គ្រប់គ្រង​បុគ្គលិក​សរុប​ចំនួន​ជាង ៧០០០ នាក់ ដែល​ភាគច្រើន​នៃ​បុគ្គលិក​របស់​នាង​គឺជា​និស្សិត​ដែល​រៀន​នៅ​សាកលវិទ្យាល័យ និង​អ្នក​ខ្លះទៀត​បានបញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ផងដែរ។ ចាប់តាំងពី​ពេល​បើក​ក្រុមហ៊ុន​នេះ​មក នាង​រកប្រាក់​ចំណូល​បាន​សរុប​ចំនួន ៣២ លាន​ដុល្លារ ពី​ការលក់​ផលិតផល​ទាំងនោះ តាម​អ៊ី​ន​ធើ​ណែ​ត។

កញ្ញា NiuMutong ក៏បាន​ឲ្យ​ដឹងថា រង្វាន់​រថយន្ត BMW ៤ គ្រឿង​នេះ គឺ​គ្រាន់តែ​រង្វាន់​បន្ថែម​សម្រាប់​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​នោះទេ ដោយ​ពួកគេ​ទាំង ៤ នាក់ ដែលជា​អតីត​មិត្ត​រៀន​នៅ​មហាវិទ្យាល័យ​របស់​នាង​ផង​នោះ បានទទួល​រង្វាន់​លើកទឹកចិត្ត ម្នាក់ៗចំនួន ១,៦ លាន​ដុល្លារ​រួចទៅហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com