អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រឆាំង​ភេរវកម្ម​អន្តជាតិ
09, Jan 2015 , 2:46 pm        
រូបភាព

ប្រទេស​បារាំង​នឹង​រៀបចំ​កិច្ចប្រជុំ​ពិសេស​ស្តីពី​ការប្រឆាំង​ភេរវកម្ម​អន្តរជាតិ ដោយមាន​ការចូលរួម​ពី​បណ្តា ប្រទេស​ជាច្រើន នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ។ ការរៀបចំ​កិច្ចប្រជុំ​ប្រឆាំង​ភេរវកម្ម អន្តរជាតិ​នេះ ធ្វើឡើង ដើម្បី​ស្វែង​វិធានការ និង​ការសហការ​គ្នា​រវាង​ប្រទេស​នានា​ក្នុង ពិភពលោក ដើម្បី​ដោះស្រាយ​និង​កម្ចាត់ ក្រុម​ភេរវជន ក្រោយ​មាន​ករណី​វាយប្រហារ​សម្លាប់​រង្គាល​នៅ​បារាំង​កាលពី​ថ្ងៃ​ពុធ។


កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ



កិច្ចប្រជុំ​ពិសេស​ស្តីពី​ការប្រឆាំង​ភេរវកម្ម​អន្តរជាតិ​នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ប្រទេស បារាំង​នៅ​ថ្ងៃ អា ទិ​ត្យ​ខាងមុខនេះ។ កិច្ចប្រជុំ​ពិសេស​នេះ​នឹងមាន​ការចូលរួម​ពី​បណ្តា​មេដឹកនាំ ប្រទេស​ជាច្រើន ជា​ពិ សេស​តំបន់​អឺរ៉ុប​ដើម្បី​ស្វែងរក​វិធានការ​ចាំបាច់​និង​មាន​ប្រសិទ្ធភាព​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន និង​ទប់ស្កាត់​គ្រោះមហន្តរាយ​សន្តិសុខ​ដែល​បង្កឡើង​ដោយ​ក្រុម​ភេរវជន។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បារាំង​បាន​បញ្ជាក់ថា លោក​នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​ពិសេស​នេះ ដោយ​ក្នុង​កិច្ចប្រជុំ​មានការ​ចូល រួម​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផងដែរ ដោយ​ប្រទេស​ទាំងអស់​នឹងមាន​លទ្ធភាព ផ្តល់​អនុសាសន៍ និង​លើកឡើង​ពី​វិធានការ​ចាំបាច់​ដើម្បី​ប្រើប្រាស់​ប្រឆាំង​ក្រុម​ភេរវជន​ផងដែរ។ គេ​មិន ដឹងថា កិច្ចប្រជុំ​ខាងមុខនេះ​នឹងមាន​ប្រទេស​ច្រើន​ប៉ុណ្ណា​ចូលរួម​ឡើយ។ប៉ុន្តែ​គេ​ដឹងថា​បណ្តា​ប្រទេស​ភាគច្រើន​មកពី​តំបន់​អឺរ៉ុប​នឹងចូលរួម​ក្នុង​កិច្ចពិភាក្សា​ពហុភាគី ដ្បិត​សន្តិសុខ នៅក្នុង​តំបន់​អឺរ៉ុប​រង​ការគំរាមកំហែង​ខ្លាំង​ពី​សំណាក់​ក្រុម​ភេរវជន​ជ្រុលនិយម។

បើតាម​ការ​អោយដឹងពី​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង បារាំង​ជា​អ្នក​ផ្តួចផ្តើម​អោយមាន​ការជជែក​ពិភាក្សាគ្នា​នេះ ដោយ​អញ្ជើញ​បណ្តា​សម​ភាគី​ដែលជា​ប្រទេស​មាន​ឥទ្ធិពល​មកពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផង​អោយមក​កាន់​ប្រទេស​បារាំង។

កិច្ចប្រជុំ​បន្ទាន់ ដើម្បី​រក​វិធានការ​ទប់ស្កាត់ និង​ប្រឆាំង​ក្រុម​ភេរ​ជន​ត្រូវគេ​កំណត់​បង្កើតឡើង​ក្រោយ​មាន​សោកនាដកម្ម​មួយ​កើតឡើង​នៅក្នុង​ប្រទេស​បារាំង ដោយ ក្រុម​ភេរវជន​បាន​វាយប្រហារ​លើ​ការិយាល័យ​ទស្សនា​វ​ដ្តី​មួយកន្លែង​សម្លាប់​មនុស្ស​អស់​រហូតដល់១២នាក់។ ទាក់ទិន​ករណី​វាយប្រហារ​ដ៏​ព្រៃផ្សៃ​នេះ​កំពុង​ធ្វើអោយ​បណ្តា​ប្រទេស​អឺរ៉ុប​ព្រួយបារម្ភ ហើយ​កំពុង​ស្វះ​ស្វែងរក​ការពិភាក្សា​និង​សហការគ្នា​ដើម្បី​ធានាថា តំបន់​អឺរ៉ុប​ដែលជា​តំបន់​មាន​សន្តិភាព និង​សន្តិសុខ​នោះ រួច​ផុតពី​ការវាយប្រហារ​របស់​ក្រុម​ភេរវជន។ 

កិច្ចប្រជុំ​នេះដែរ នឹង​ក្លាយជា​វេទិការ​សម្រាប់​បណ្តា​ប្រទេស​ជា​មិត្ត​របស់​បារាំង​បង្ហាញ​នូវ​ការចូលរួម និង​សាមគ្គី​ជាមួយ​បារាំង​ដើម្បី​ប្រយុទ្ធ​តទល់​ជាមួយ​ក្រុម​ភេរវជន​ដែល​កំពុង​បង្ក​អស្ថិរភាព អសន្តិសុខ និង​ធ្វើអោយ​ជីវិត​ប្រជាជន​រងគ្រោះថ្នាក់​នោះ។

បើតាម​ការ​អោយដឹងពី​មន្ត្រី​ក្រសួងការបរទេស​អាមេរិក កិច្ចប្រជុំ​នាពេលខាងមុខ​នឹង​ផ្តោតលើ​ការពិភាក្សា​ពី​វិធានការ​ទប់ទល់​ក្រុម​ភេរវជន​ជ្រុលនិយម និង​ទប់ស្កាត់​អោយបាន​នូវ​ក្រុម​សកម្មប្រយុទ្ធ​ប្រទេស​ដែល​ឆ្លងដែន​ចេញទៅ​ប្រយុទ្ធ​ជាដើម​ផង។ សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដែលមាន​ឥទ្ធិពល​ជាងគេ​នៅ​អឺរ៉ុប​មាន​អាឡឺម៉ង់ អង់គ្លេស ជាដើម​នោះ​កំពុង​បង្ហាញ​ជំហរ​រួមគ្នា​មួយ​គាំទ្រ​រដ្ឋាភិបាល​ក្រុងប៉ារីស ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវជន ហើយ​បណ្តា​ប្រទេស​ទាំងនេះ​ក៏​ដើរតួនាទី​សំខាន់​ផងដែរ​ក្នុងការ​កម្ចាត់​ក្រុម​ភេរ​ជន​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់៕



   


© រក្សាសិទ្ធិដោយ thmeythmey.com