សង្គមអន្តរជាតិ​
អន្តរជាតិ
ជន​គ្មាន​ទីជម្រក​ក្នុង​ក្រុង​មែ​ល​ប៊​ន​អាច​មើល​កុន​និង​ចូល​អាង​ហែល​ទឹក​ដោយ​មិន​គិតថ្លៃ
09, Jan 2015 , 7:45 pm        
រូបភាព
ដោយ:

អាជ្ញាធរ​ក្នុង​រដ្ឋធានី​មែ​ល​ប៊​ន របស់​ប្រទេស​អូស្ត្រាលី នឹង​ផ្ដល់​សំបុត្រ​ចូល​មើល​កុន និង​ប័ណ្ណ​ចូល​ហែល​ទឹក​ក្នុង​អាង​ហែល​ទឹក​ក្នុង​ក្រុង ដោយ​មិន​គិតថ្លៃ ទៅ​ឲ្យ​ជន​គ្មាន​ទីជម្រក ដើម្បី​អាច​ឲ្យ​ពួកគេ​គេច​ផុតពី​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង ដែល​បណ្ដាលមកពី​រល​ក​កម្ដៅ​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ។ នេះ​បើ​យោងតាម កាសែត Theguardian។



ប្រភព​ខាងលើ​ក៏បាន​ផ្សាយ​ថា គម្រោង​របស់​អាជ្ញាធរ​ក្រុង​មែ​ល​ប៊​ន​នេះ គឺ​ត្រូវបាន​គេ​ធ្វើឡើង​ក្រោយពេល​ដែលមាន​ការព្យាករណ៍​ថា នឹងមាន​រលក​កម្ដៅ​វាយប្រហារ​លើ​ប្រទេស​អូស្ត្រាលី ក្នុង​រដូវក្ដៅ​ឆ្នាំនេះ។ សំបុត្រ​ចូល​មើល​កុន និង​ហែល​ទឹក​ដោយ​មិន​គិតថ្លៃ​នោះ គឺ​នឹងត្រូវ​ចែក​ដល់​ជន​គ្មាន​ទីជម្រក​ចំនួន ១៣៤៣ នាក់ នៅក្នុង​ទីក្រុង មែ​ល​ប៊​ន និង​ជន​គ្មាន​ផ្ទះសម្បែង​ក្នុង​រដ្ឋ Victoria ចំនួន ២២ ០០០ នាក់។

អ្នកនាំពាក្យ​សាលាក្រុង​មែ​ល​ប៊​ន បាន​ឲ្យ​ដឹងថា កម្ដៅ​ខ្លាំង​គឺជា​ឃាតករ​ស្ងៀមស្ងាត់​មួយ​ធ្វើ​មាន​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត ក្នុងចំណោម​ជន​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​ទីក្រុង​នេះ។ អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា

ការចូលទៅ​មើល​កុន​ក្នុង​រោងភាពយន្ដ នឹង​អាច​ឲ្យ​ពួកគេ ទទួលបាន​នូវ​ភាព​ត្រជាក់​សុវត្ថិភាព​ការស្វាគមន៍​និង​បរិស្ថាន​ល្អ​រួមបញ្ចូល​គ្នា ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​សប្បាយ​មួយរយៈ។

នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ជន​គ្មាន​ផ្ទះសម្បែង លោកស្រី Jenny Smith បាន​និយាយថា​យុទ្ធសាស្ត្រ​នេះ​គឺជា​គំនិត​ផ្តួច​ផ្តើ​ដ៏​អស្ចារ្យ​ប៉ុន្តែ​ជន​គ្មាន​លំនៅដ្ឋាន​គឺមាន​បញ្ហា​ពេញ​មួយឆ្នាំ។

លោកស្រី​បាន​បញ្ជាក់ថា អាកាសធាតុ​ត្រជាក់​នៅក្នុង​រោងកុន​រឺក៏​អាង​ហែល​ទឹក គ្រាន់តែ​ជាការ​ជួយសង្គ្រោះ​បន្ទាន់​មួយ​តែប៉ុណ្ណោះ ប៉ុន្តែ​មិនមែនជា​ដំណោះស្រាយ​រយៈពេល​វែង​នោះទេ ដើម្បី​ដោះស្រាយ​បញ្ហា​គឺ​រដ្ឋា​ភី​បាល ត្រូវ​សាងសង់​លំនៅដ្ឋាន​ដែលមាន​សម្រាប់​ពួកគេ ក្នុងតម្លៃ​មួយ​សមរម្យ៕



© រក្សាសិទ្ធិដោយ thmeythmey.com