អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចុងក្រោយ​បក្សសម្ព័ន្ធ​ណា​តូ​ដ​ង្ហើ​យ​រក​ជំនួយ​ពី​រុស្ស៊ី​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន
09, Jan 2015 , 3:48 pm        
រូបភាព
ករណី​វាយប្រហារ​ដោយ​ក្រុម​ភេរ​ជន​នៅក្នុង​ប្រទេស​បារាំង​ធ្វើអោយ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​បាន​ប្រកាន់​ជំហរ​រួមគ្នា​ប្រឆាំង​ក្រុម​ភេរវជន និង​ទប់ស្កាត់​មិនអោយ​មាន​ករណី​វាយប្រហារ​ផ្សេងទៀត​នៅ​តំបន់​អឺរ៉ុប។ បណ្តា​ប្រទេស​ជាច្រើន​ជា​សម្ព័ន្ធមិត្ត​បារាំង នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បានប្រកាស​សហការ​ជាមួយ​បារាំង ហើយ​នៅ​ចុង​សប្តាហ៍​នេះ​បារាំង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ពិសេស​ស្តីពី​ការប្រឆាំង​ក្រុម​ភេរវជន​អន្តរជាតិ​ផងដែរ​ដើម្បី​ពិភាក្សា​រក​វិធានការ។ គេ​ឃើញ​ប្រមុខ​គណកម្មការ​អឺ​រ៉ុ​បានប្រកាស​ដ​ងើ្ហ​យ​ហៅ​អោយ​សមាជិក​ខ្លួន​រៀបចំ​វិធានការ​ថ្មី​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​ផងដែរ។ ចំណែក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ក៏​ឆ្ការដៃឆ្ការជើង​រក​វិធានការ​ក្តៅ​ប្រឆាំង​ក្រុម​ភេរវជន​ដូចគ្នា​ដែរ។ គេ​ឃើញ​បក្សសម្ព័ន្ធ​យោធា​នេះ ស្វះ​ស្វែងរក​ការចូលរួម​ពី​មហាអំណាច​រុស្ស៊ី​ដើម្បី​ប្រឆាំង​ក្រុម​ភេរ​ជន​នៅលើ​សាកលលោក។ បើទោះជា​ណា​តូ​កំពុង​បង្ហាញ​សាច់ដុំ​ដាក់​រុស្ស៊ី​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​ក៏ដោយ  ក៏​បក្សសម្ព័ន្ធ​នេះ​សម្លឹង​ឃើញ​សក្តានុពល​របស់​សហព័ន្ធ​រុស្ស៊ី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវជន​លើ​ពិភពលោក។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ជុំវិញ​បញ្ហា​នេះ៖ 



ការវាយប្រហារ​ការិយាល័យ​ទស្សនា​វ​ដ្តី Charlie Hebdoនៅ​បារាំង​បានធ្វើអោយ​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បារម្ភ និង​តក់ស្លុត។ ការវាយប្រហារ​ដែល​មិន​ធ្លាប់​កើតមាន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​នេះ ជា​ស្នូរ​ជួង​ដាស់​អោយ​បណ្តា​មេដឹកនាំ​នៅ​អឺរ៉ុប​ភ្ងា​ក់ឡើ​ងរ​ក​ដំណោះស្រាយ​ថ្មី​ឆ្លើយតប​ក្រុម​ភេរវជន។ បណ្តា​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ជាពិសេស​ប្រទេស​ដែលមាន​ឥទ្ធិពល​ខ្លាំង​ដូចជា​អង់គ្លេស អាឡឺម៉ង់ ជាដើម​នោះ បាន​ប្រកាន់​ជំហរ​រួមគ្នា​គាំទ្រ​រដ្ឋាភិបាល​ក្រុងប៉ារីស និង​សហការគ្នា​ស្វែងរក​ដំណោះស្រាយ​រួម​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​នៅលើ​ពិភពលោក។ ដោយឡែក​សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​បារាំង និង​ជា​តួរ​អង្គ​សំខាន់​មួយ​ដែល​ប្រឆាំង​ក្រុម​ភេរវជន​នោះ ក៏បាន​ប្រកាស​សហការ​ជាមួយ​សហភាព​អឺរ៉ុប ដោយ​រំពឹងថា​នឹង​សម្រេចបាន​នូវ​ការ​វិធានការ​ថ្មី​ប្រមាញ់​ក្រុម​ភេរវជន​ជ្រុលនិយម​ដែល​បង្ក​អសន្តិសុខ​នៅលើ​ពិភពលោក ប៉ុន្តែ​គេ​មិនដឹងថា​វិធានការ ឬ​ចំណាត់ការ​ថ្មី​អ្វីដែល​នឹងត្រូវ​យកមកប្រើ​ប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះឡើយ។ ប៉ុន្តែ​គេ​ឃើញ​សមាជិក​អឺរ៉ុប​លើកឡើង​ទាំង​វិធានការ​ត្រជាក់ និង​វិធានការ​ក្តៅ មក​ជជែក​ពិភាក្សា​ដេញដោល​គ្នា​ដើម្បី​ឆ្លើយតប​ក្រុម​ភេរវជន។ យ៉ាងណាក៏ដោយ សហភាព​អឺរ៉ុប​នៅតែ​សម្លឹង​ឃើញ​ការចូលរួម​របស់​រុស្ស៊ី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវជន​ជា​រឿង​មិនអាច​ខ្វះ​បានឡើយ ដែល​នេះ​មានន័យថា​វា​ជា​ពេលដែល​សហភាព​អឺរ៉ុបរ​ត់រក​ជំនួយ​ពី​រុស្ស៊ី​ហើយ។

ម្សិលមិញ ប្រមុខ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​អះអាងថា ការសហការ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​ព័ន្ធ​រុស្ស៊ី​ជា​រឿង​សំខាន់បំផុត​សម្រាប់​ការប្រឆាំង​ក្រុម​ភេរវជន។ លោក​អះអាងថា រុស្ស៊ី​ជា​តួអង្គ​សំខាន់ និង​គួរតែ​ជា​សម្ព័ន្ធមិត្ត​របស់​ណា​តូ​ក្នុងការ​ប្រកៀក​ស្មា​គ្នា​កម្ចាត់​ចលនា​ភេរវកម្ម​និង​រក្សា​សន្តិភាព​ដល់​ពិភពលោក។ នេះ​ទំនង​ជាការ​ដ​ង្ហើ​យ​រក​ការចូលរួម​ពី​រដ្ឋាភិបាល​លោក វ្លា​ឌី​មៀ ពូ​ទីន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​ក្រុម​ភេរវជន​នៅលើ​ពិភពលោក ។ ប៉ុន្តែ​គេ​មិន​ភ្លេច​ទេ​ថា បច្ចុប្បន្ន​ជម្លោះ​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើអោយ​ភាគី​ទាំងពីរ​មើលមុខ​គ្នា​មិន​ចំ រុស្ស៊ី​ចាត់ទុក​បក្សសម្ព័ន្ធ​ណា​តូ​ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​រុស្ស៊ី​ថែមទៀត។ ប៉ុន្តែ​រុស្ស៊ី​ទំនងជា​ត្រូវការ​ពេល​សម្រាប់​ពិចារណា​មុន​ផ្តល់​ការសហការ​ជាមួយ​បក្សសម្ព័ន្ធ​ណា​តូ ហើយ​បើ​ណា​តូ​ប្តូរ​គោលជំហរ​បច្ចុប្បន្ន​ដែល​ប្រឆាំង​រុស្ស៊ី​ការស្នើសុំ​ការសហការ​ជាមួយ​រុស្ស៊ី​មិន​លំបាក​ឡើយ។ គួរ​រំលឹក​បន្តិច​ថា ក្រោយ​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន បក្សសម្ព័ន្ធ​យោធា​ណា​តូ ក្រោម​សម្ពាធ​របស់​ក្រុង​វ៉ាស៊ីនតោន បានសម្រេច​ព្យួរ​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​យោធា​ជាមួយ​ក្រុង​ម៉ូស្គូ​តាំងពី​ខែមេសា​ឆ្នាំ ២០១៤ ហើយ​អ្វីដែល​សំខាន់​បក្សសម្ព័ន្ធ​នេះ​បន្ត​សាង​កម្លាំងយោធា និង​បង្កើន​ការធ្វើ​ទំនើបកម្ម​យោធា​នៅ​មាត់​ទ្វារផ្ទះ​រុស្ស៊ី​ឥត​ឈប់​ទៀត។ ចំណែក​ក្រុង​វ៉ាស៊ីនតោន​ដែល​ដឹកនាំ​បក្សសម្ព័ន្ធ​ណា​តូ​នោះ ក៏​ធ្លាប់​ស្រែក​ដៀល​រុស្ស៊ី​ក្តែងៗ និង​ចាត់ទុក​រុស្ស៊ី​ជា​គ្រោះថ្នាក់​លំដាប់​ទី​ពីរ​នៃ​ពិភពលោក។ កាលពី​ប៉ុន្មាន​ខែ​មុន ប្រធានាធិបតី​អាមេរិក បាន​ប្រដូច​ប្រទេស​រុស្ស៊ី​ទៅនឹង​គ្រោះថ្នាក់​ពិភពលោក គំរាមកំហែង​ខ្លាំង​ជាង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម និង​បន្ទាប់ពី​មេរោគ​អេ​បូ​ឡា​ថែមទៀត។ ប្រសិនបើ​រុស្ស៊ី​សុខចិត្ត​ផ្តល់​ការសហការ​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​មែន យុទ្ធនាការ​ប្រមាញ់​ក្រុម​ភេរវជន​អាច​នឹងមាន​ប្រសិទ្ធភាព​ច្រើនជាង​មុន ដ្បិដ​រុស្ស៊ី​ជា​ប្រទេស​ដែល​មហាអំណាច​យោធា​មួយ​ដែលជា​មិត្ត​ជិតខាង​អឺរ៉ុប​ផង​នោះ។

ទាក់ទិន​នឹង​បង្កើត​វិធានការ​ថ្មី​ប្រឆាំង​ក្រុម​ភេរវជន គេ​ឃើញ​សហភាព​អឺរ៉ុប​បាន​ដ​ង្ហើ​យ​ទៅកាន់​សមាជិក​ទាំងអស់​រៀបចំ​វិធានការ​ចាំបាច់ថ្មីៗ ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​នៃ​បញ្ហា​សន្តិសុខ និង​ការកើនឡើង​នៃ​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​ជ្រុលនិយម។ ក្រោយ​ករណី​វាយប្រហារ​នៅ​បារាំង សហភាព​អឺរ៉ុប​បានកំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​ជាច្រើន​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ និង​ចំណាត់ការថ្មីៗ ឆ្លើយតប​នឹង​បញ្ហា​ភេរវកម្ម​នេះ។ ប្រធាន​គណកម្មការ​អឺរ៉ុប​លោក Jean ClaudJunckerបាន​អះអាងថា កម្មវិធី​ប្រឆាំង​ភេរវកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុប​នឹងត្រូវ​បង្ហាញ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ប៉ុន្តែ​យ៉ាងណាមិញ​លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​វិធានការ​ថ្មី​ឡើយ។ វិធានការ​ថ្មី​របស់​សហភាព​អឺរ៉ុប​ទំនងជា​ដាក់បន្ទុក​អោយ​រដ្ឋ​ជា​សមាជិក​ទាំង២៨របស់ខ្លួន ទទួលខុសត្រូវ​អោយបាន​ខ្ពស់​ចំពោះ​ការប្រឆាំង​ចលនា​ភេរវកម្ម។

ចំណែក​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​នឹង​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ថ្ងៃ ១៩មករា​ខាងមុខ​នៅ​ទីក្រុង​ប្រ៊ុ​យ​សែ​ល​ប្រទេស​បែលហ្ស៊ិក ស្ថិតក្រោម​ការដឹកនាំរ​បស់​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​Federica Mogherini ហើយ​កិច្ចប្រជុំ​ខាងមុខ​នឹង​ពិភាក្សា​លើ​ការបង្កើត​ប្រព័ន្ធ​ទិន្នន័យ​ឈ្មោះ​អ្នកដំណើរ​អឺរ៉ុប។ កម្មវិធី​ថ្មី​ដែល​ត្រូវបាន​សមាជិក​សហភាព​អឺរ៉ុប​លើកឡើង​នេះ​អនុញ្ញាតអោយ​សមាជិក​ចែករំលែក និង​ប្រមូល​ទិន្នន័យ​របស់​អ្នកធ្វើដំណើរ​តាម​យន្តហោះ ប៉ុន្តែ​មានមតិ​ប្រឆាំង​ដោយ​វា​អាច​រំលោភ​លើ​សេរីភាព​និង​ភាពជា​ឯកជន​របស់​បុគ្គល។ បន្ទាប់​ពីនេះ កិច្ចប្រជុំ​ថ្មី​ទៀត​គ្រោង​នឹង​រៀបចំ​នៅ​ទីក្រុង​រី​កា ប្រទេស​ឡា​ត់​វី នៅ​ថ្ងៃ ២៨មករា ដោយមាន​ការចូលរួម​ពី​បណ្តា​រដ្ឋមន្ត្រី​មហាផ្ទៃ​នៃ​រដ្ឋ​សមាជិក​ទាំងអស់ ដើម្បី​រិះរក​វិធានការ​ក្តៅ​ប្រឆាំង​ក្រុម​ភេរវជន។ បច្ចុប្បន្ននេះ ប្រជាជន​អឹ​រ៉ុ​ប​រហូតដល់ ៣ពាន់​នាក់​បាន​ចូលរួម​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ហើយ​គេ​ព្រួយបារម្ភ​ខ្លាំង​នៅពេល​ក្រុម​នេះ​ត្រលប់​មកកាន់​តំបន់​អឺរ៉ុប​វិញ​នៅពេល​ណាមួយ​នោះ។

ចំណែក​ប្រទេស​បារាំង​ដែល​រងគ្រោះថ្នាក់​ដោយ​ការវាយប្រហារ​របស់​ក្រុម​ជ្រុលនិយម​កាលពីថ្មីៗនេះ ក៏​នឹង​រៀបចំ​អោយមាន​កិច្ចប្រជុំ​ពិភាក្សា​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​រក​ដំណោះស្រាយ​ចាំបាច់​ឆ្លើយតប​បញ្ហា​នេះ។ នៅ​ថ្ងៃអាទិត្យ​កិច្ចប្រជុំ​មួយ​ស្តីពី​ការប្រឆាំង​ភេរវកម្ម​អន្តរជាតិ​នឹងត្រូវ​រៀបចំឡើង​នៅ​បារាំង ដោយមាន​ការចូលរួម​ពី​មហាអំណាច​អាមេរិក​ផង។ ក្រៅពី​ស្វែងរក​ការសហការ​ពី​សហគមន​អន្តរជាតិ បារាំង​ក៏​ពិចារណា​ប្រើប្រាស់​ទោស​ប្រហារជីវិត ដើម្បី​ប្រឆាំង​រាល់​ក្រុម​ភេរវជន ដែល​ទោស​ប្រហារជីវិត​នេះ​ជំ​រុញអោយ​ការប៉ុនប៉ង​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​ថមថយ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com