ជាតិ
សង្គមជាតិ
អាជ្ញាធរអប្សរាប្រាប់ពលរដ្ឋ៥គ្រួសារឲ្យរើសំណង់ខុសច្បាប់ចេញពីដីរបស់ខ្លួន រូបភាព៖ Bo Savy
× សៀមរាប៖ អាជ្ញាធរអប្សរា ដែលមានតួនាទីអភិរក្ស និងគ្រប់គ្រងតំបន់អង្គរ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ពលរដ្ឋចំនួន៥គ្រួសារ ឲ្យប្រញាប់រើសំណង់ខុសច្បាប់ ចេញពីដី របស់ខ្លួនជាបន្ទាន់។ ក្នុងសេចក្តីជូនដំណឹងនោះ បាននិយាយថា ប្រសិនណាបើប្រជាពលរដ្ឋ មិនធ្វើការរុះរើទេនោះ នោះសមត្ថកិច្ច និងធ្វើចាត់ការទៅតាមផ្លូវច្បាប់។
នៅព្រឹកថ្ងៃសុក្រនេះ សមត្ថកិច្ចមួយក្រុម បានចុះរុះរើផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់អ្នកស្រី ចាន់ សូលីដា។ ការរុះរើនេះ យោងទៅតាមទីតាំងដែលពុំមានម្ចាស់ត្រឹមត្រូវ និងអនាធិបតេយ្យ។
អ្នកស្រី ចាន់ សូលីដា បាននិយាយថា អ្នកស្រីបានមករស់នៅលើដីខាងជើងផ្លូវ៦០ តាំងពីឆ្នាំ២០០៣មកម្លេះ។ អ្នកស្រីបន្តថា ដីនោះមានទំហំ 97X57 ដែលអភិបាលក្រុងសៀមរាបចាស់ (លោក ទេព ប៊ុនឆាយ) ប្រគល់ឲ្យប្តីអ្នកស្រី ដែលជាទាហានចូលនិវត្តរ៍។ អ្នកស្រីបញ្ជាក់ថា៖« ព្រឹកមិញ ខ្ញុំរវល់ទៅផ្សារ បែរជាគេ (អាជ្ញាធរអប្សរា) យកគ្រឿងចក្រមកឈួសឆាយផ្ទះខ្ញុំ។ គួរណាស់ តែមានការចរចា និងនិយាយពីដំណោះស្រាយជាមុនសិន»។
អាជ្ញាធរអប្សរា តាមសេចក្តីជូនដំណឹងរបស់ដែលចេញផ្សាយនៅថ្ងៃទី៩ មករានេះ បានសរសេរថា ពលរដ្ឋ៥គ្រួសារ មានឈ្មោះ លោក ញ៉ អ៊ុយ លោក ហែម សំបូរ លោក សូ សុផល លោក អឿន លេ និង លោក ស្រ៊ុន រដ្ឋា ដែលជាម្ចាស់សំណង់ខុសច្បាប់ រស់នៅលើដីខាងជើងផ្លូវ៦០ ចំណុច T5 ត្រូវប្រញាប់រើសំណង់ចេញ ឲ្យមុនថ្ងៃ១២ ខែមករា។ ប៉ុន្តែដោយសារភាពយឺតយ៉ាវ អាជ្ញាធរអប្សរា បានទុកពេលឲ្យពលរដ្ឋទាំងនោះ ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ប្រសិនណាគ្មានការរុះរើទេនោះ នោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងធ្វើតាមសមត្ថកិច្ច ដោយពុំទទួលការខុសត្រូវលើការបាត់បង់ ឫខូចខាតទ្រព្យសម្បត្តិណាមួយនោះទេ។
ពលរដ្ឋដែលរងគ្រោះចំពោះបញ្ហាខាងលើ បាននិយាយថា អាជ្ញាធរអប្សរា មិនបានមកចរចាសុំដំណោះស្រាយបែបណានោះទេ។ អ្នកស្រី ចាន់ សូលីដា ប្រជាពលរដ្ឋមួយរូបបាននិយាយដោយចំហរថា អ្នកស្រីសុំឲ្យមានការទិញដីតាមតម្លៃទីផ្សារ គឺ១ម៉ែត្រការ៉េ តម្លៃពី២ទៅ៣ដុល្លារជាដើម ដើម្បីអាចឲ្យអ្នកស្រីមានលទ្ធភាព ចេញទៅទិញដីកន្លែងផ្សេងសម្រាប់រស់នៅបន្ត។
មេធាវីខាងអាជ្ញាធរអប្សរា លោក ភុំ ប៊ុនថាន់ បាននិយាយថា កាលពីឆ្នាំ២០០១ អាជ្ញាធរអប្សរា បានដោះស្រាយវិវាទខាងលើរួចរាល់ហើយ ហើយម្ចាស់ដីខាងលើក៏បានទទួលសំណងផងដែរ។ ដោយឡែកប្រជាពលរដ្ឋដែលកំពុងតវ៉ានេះ គឺជាអ្នកមកតាំងទីថ្មី ដោយខុសច្បាប់ និងមានរយៈថ្មីៗនេះតែប៉ុណ្ណោះ គឺសំណង់ទាំងនោះ ទើបនឹងកកើតក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣នេះ។ លោក ភុំ ប៊ុនថាន់ បញ្ជាក់ថា ចំពោះការលើកឡើងថា មានអភិបាលក្រុងជាអ្នកចែកដីឲ្យនោះ គឺជាការភូតកុហកតែប៉ុណ្ណោះ ពុំមានអាជ្ញាធរណា ហ៊ានគ្រប់គ្រង ដែលចេញដោយអនុក្រិត្យនោះទេ។
គួររំលឹកថា ក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា ពុំមានការបញ្ជាក់យ៉ាងណានោះទេចំពោះទំហំដីរបស់ប្រជាពលរដ្ឋខាងលើ ប៉ុន្តែពលរដ្ឋអះអាងថា មានពលរដ្ឋរាប់សិបគ្រួសារ កំពុងរស់នៅលើដីខាងលើ ដែលពីមុន និងឥឡូវ ពួកគេយកធ្វើស្រែក្នុងរដូវវស្សា និងសង់ផ្ទះតូចល្មមសម្រាប់ស្នាក់នៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com