អន្តរជាតិ
ក្រុម​អាល់​កៃ​ដា​ព្រមាន​វាយប្រហារ​បារាំង​ជាថ្មី​និង​លោកខាងលិច​ផ្សេង​ទៀត​
10, Jan 2015 , 10:56 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​យ៉េ​មែន​បានប្រកាស​ព្រមាន​រដ្ឋាភិបាល​បារាំង​និង​លោកខាងលិច​ផ្សេងទៀត​ជាពិសេស​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការវាយប្រហារ​ផ្សេងទៀត​ដែល​នឹង​កើតឡើង​នៅពេល​ខាងមុខ។ ពួកគេ​បញ្ជាក់ថា​ប្រសិន​បើក​លោកខាងលិច​នៅ​បន្ត​គោលនយោបាយ​ធ្វើសង្គ្រាម​រំលោភ​ឈ្លានពាន ធ្វើទុក្ខបុកម្នេញ​ប្រទេស​ឥស្លាម​ទៀត​ពួកគេ​នឹងមិន​បាន​សុខ​ឡើយ។


ក្រោយ​មានការ​ណី​វាយប្រហារ​នៅក្នុង​ប្រទេស​បារាំង​ដោយ​សម្លាប់​មនុស្ស១២នាក់​នៅ​ទស្សនា​វ​ដ្តី​Charlie Hebdo និង​ផ្សារ​ទំនើប​មួយកន្លែង ក្រុម​ភេរវជន​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​យេ​ម៉ែន​និង​នៅ​ឧបទ្វីប​អារ៉ាប់​បានប្រកាស​ព្រមាន​ប្រទេស​បារាំង​ចំពោះ​ការវាយប្រហារ​ជាថ្មីទៀត និង​លោកខាងលិច​ដូចជា​អាមេរិក អង់គ្លេស​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ធ្វើសង្គ្រាម​នៅក្នុង​ប្រទេស​អារ៉ាប់។

នៅក្នុង​ខ្សែអាត់​វីដេអូ​គេ​ឃើញ​មន្ត្រី​ក្រុម​អាល់​កៃ​ដា Harith al-Nadhari នៅ​ឧបទ្វីប​អារ៉ាប់​បាន​ថ្លែង​ថ្កោលទោស​បណ្តា​ប្រទេស​លោកខាងលិច និង​ព្រមាន​ចំពោះ​ការបន្ត​គោលនយោបាយ​ធ្វើសង្គ្រាម​នៅ​មជ្ឈិមបូព៌ា។ Harith al-Nadhari បាន​ថ្លែងថា៖« វា​ជាការ​ប្រសើរ​បើសិនជា​អ្នក​បញ្ឈប់​ការឈ្លានពាន​ប្រឆាំង​ប្រជាជន​មូស្លីម ហើយ​អ្នក​ប្រហែលជា​នឹងមាន​សុវត្ថិភាព។

ប៉ុន្តែ​ប្រសិនបើ​អ្នក​បដិសេធ​ដោយ​បន្តធ្វើ​សង្គ្រាម​នោះ គួរ​រង់ចាំ​ទទួល​អំណោយ​ចុះ»។ បើ​ទោះ​ក្រុម​នេះ​មិនបាន​សារភាព​ចំ​ថា​ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ករណី​វាយប្រហារ​ទៅលើ​ទស្សនា​វ​ដ្តី Charlie Hebdoក៏ដោយ​គេ​ដឹង​ច្បាស់​ក្រុម​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ជនដៃដល់​ដែល​ត្រូវ​ប៉ូ​លី​សម្លាប់។

បើតាម​ការអះអាង​រប​ស់​សមត្ថកិច្ច ក្នុងចំណោម​ជនសង្ស័យ​ដែល​វាយប្រហារ​ទស្សនា​វ​ដ្តី Charlie Hebdo នោះ​មាន​ម្នាក់​បាន​ទៅ​រៀន​នៅក្នុង​ប្រទេស​យេ​ម៉ែន ហើយ​គេ​បាន​ចូលរួម​ក្នុងការ​បំពាក់បំប៉ន​ស​ម​ត្ថ​ភាព​នៅក្នុង​ជំរំ​ក្រុម​ភេរវជន​អាល់​កៃ​ដា ហើយ​គេ​បានទទួល​ការបណ្តុះបណ្តាល​និង​រង​ការបញ្ជៀ​ប​មនោគមន៍វិជ្ជា​សាសនា​ផងដែរ។ គេ​ក៏បាន​ទទួល​ការបង្ហាត់បង្រៀន​ពី​ការគោរព និង​កំណត់​សិទ្ធិសេរីភាព​នៃ​ការនិយាយស្តី​របស់​ពួកគេ​មិនអោយ​ប៉ះពាល់​ដល់​មេដឹកនាំ​សាសនា​ផងដែរ។

គួរ​បញ្ជាក់ថា ក្រោយពី​តាម​ប្រមាញ់​ក្រុម​ជនសង្ស័យ​ពីរ​នាក់​បងប្អូន​អស់​ប្រហែល​ពីរ​ថ្ងៃ ម្សិលមិញ​នេះ​ក្រុម​កង​ម្លាំ​ង​ពិសេស​បារាំង​បាន​បើក​ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង​បួន​នាក់ និង​សម្លាប់​​ជនសង្ស័យ៣នាក់​​ក្នុងការ​វាយប្រហារ​ទស្ស​នាវ​ដ្តី​រូប​ត្លុក​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com