ជាតិ
សង្គមជាតិ
សារជាតិ​អ្នកប្រមឹក...
10, Jan 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
សារជាតិ​អ្នកប្រមឹក


    (បទ​ពាក្យ៧)

-សារជាតិ​ជា​អ្នកប្រមឹក        រាល់ថ្ងៃ​ល្ងាច​ព្រឹក​នឹក​តែ​ស្រា
ពេលយប់​មិនទាន់​រាន់​ចូល​បា     ស្រី​ញី​ត្រៀបត្រា​ឱប​ឆ្វេង​ស្តាំ។
-ប្រពន្ធ​នៅផ្ទះ​ទន្ទឹង​ផ្លូវ        មិនឃើញ​ប្តី​ទៅ​ចិត្ត​ប្រេះស្រាំ
ចាំ​ប្តី​វិល​វិញ​តាម​ចំណាំ        ម៉ោង​ប្រាំ​ចាំ​ប្តី​ពី​ធ្វើការ។
-តែ​ប្តី​បបួល​មិត្ត​ជុំ​ពេញ        ចិត្ត​មិន​ទោម្នេញ​ចេញ​យាត្រា
ដល់​ហាង​ផឹកស៊ី​ស្រែក​ឡូឡា    សំដី​ក្លៀវក្លា​សែន​គ្រោតគ្រាត។
-នាំគ្នា​លើក​ដាច់​ថា​សាច់​ស្អាត    ជល់​កែវ​ដូច​ត្មាត​ស្រវឹង​ព្រាត
ឲ្យ​គេ​គ្រា​សែង​ឡើង​រាំ​ទៀត      ចោរ​ម្សៀត​ឆ្លៀត​ឱប​ទាំងស្រី​ស្រស់។
-ឆ្កា​ដៃ​ឆ្កា​ជើង​ថ្កើង​ឫកពារ    អន់​ឫក​មាយារ​អាប់​កេរ្ដិ៍ឈ្មោះ
គេ​ស្អប់​គេ​ខ្ពើម​រំខាន​ហួស    ពេលខ្លះ​មាន​គ្រោះ​ព្រោះ​សំដី។
-ខ្លះ​អាង​ខ្លួនឯង​មានអំណាច    កោងកាច​យក​មេឃ​ទ្រាប់​បាតដី
កើត​ឈ្លោះប្រកែក​បាញ់បោះ​វ៉ៃ     ផ្អើល​ពេញ​រាត្រី​រត់​ជាន់គ្នា។
-ខ្លះ​ពេល​ស្រវឹង​បោក​កែវ​ចាន    ឡូឡា​រំខាន​គេ​គ្រប់គ្នា
ដូច​ផែនដី​នេះ​មានតែ​វា        ចិត្ត​នោះ​ដូច​មា​ពាល​សា​ម៉ាន។
-នេះហើយ​សូ​រា​ដែល​យើង​ផឹក    ដូច្នេះ​គួរ​នឹក​គួរ​ប្រមាណ
គួរ​ផឹក​ថ្លៃថ្នូរ​កុំ​ថោក​ប្រាណ    គួរ​ផឹក​ចេះ​ស្មាន​បាន​ប្រពៃ។
-ផឹកស៊ី​កុំ​ក្លែម​ការ​វាយតប់    ផឹកស៊ី​កុំ​ទ្រាប់​ពាក្យសំដី
ផឹកស៊ី​ស្រវឹង​កុំ​ដេក​ដី        ផឹកស៊ី​មាន​ស្រី​អប្រិយ​កេរ្តិ៍។
    -ផឹកស៊ី​កុំ​ជ្រុល​ទល់​ស្រវឹង    ផឹកស៊ី​កុំ​ពឹង​តែ​ប្រាក់​គេ
ផឹកស៊ី​ញយ​ពេក​ប្រពន្ធ​ជេរ    ផឹក​ឥត​ទំនេរ​ឈឺ​ដល់​ប្រាណ។
-ផឹកស៊ី​គួរតែ​ឲ្យ​ថ្លៃថ្នូរ        ផឹកស៊ី​កុំ​ជោរ​កុំ​ភ្លេច​ឋាន
ផឹក​ស្រី​គួរតែ​ចេះ​ប្រមាណ    កុំ​ផឹក​ថោក​ប្រាណ​បាន​គេ​ស្អប់៕
                        និពន្ធ​ដោយ៖ វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com